ជាតិ
ឃុំ​-​សង្កាត់​៖ គ​.​ជ​.​ប លុបឈ្មោះ​បេក្ខជន​៨៨​នាក់ ក្រោម​ហេតុផល​...
24, May 2017 , 10:39 pm        
រូបភាព
លោក ទេព នីថា អគ្គ​លេខាធិការ គជប
លោក ទេព នីថា អគ្គ​លេខាធិការ គជប
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ដក​បេក្ខជន​៨៨​នាក់ ដែល​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ នេះ ចេញពី​បញ្ជី​។ នេះ បើតាម​សេចក្តីសម្រេច រប​ស់គ​.​ជ​.​ប​។



​យោងតាម​សេចក្តីសម្រេច​ខាងលើ ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ការ​លុបឈ្មោះ​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ទាំង​៨៨​នាក់ គឺ​ដោយសារតែ​មិន​គ្រប់​លក្ខខណ្ឌ តាមច្បាប់​កំណត់​។ 

​បេក្ខជន​៦៣​នាក់ មិន​គ្រប់​អាយុ​២៥​ឆ្នាំ បើ​គិត​ទៅ​ដល់ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ រីឯ​បេក្ខជន​៤​នាក់ បាន​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឲ្យ​គណបក្សនយោបាយ​លើសពី​១​។ ចំណែក ក្នុងចំណោម​បេក្ខជន​២១​នាក់ មាន​អ្នកខ្លះ បាន​សុំលាលែង​ដោយ​ខ្លួនឯង ហើយ​អ្នក​ខ្លះទៀត បានទទួល​មរណភាព​។ ទាំងនេះ គឺជា​ហេតុផល ដែល​គ​.​ជ​.​ប បញ្ជាក់​នៅក្នុង​សេចក្តីសម្រេច​របស់ខ្លួន ថា​ត្រូវតែ​លុបឈ្មោះ​អ្នក​ខាងលើ ចេញពី​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។​

​បេក្ខជន​ទាំង​៨៨​នាក់ ដែល​ត្រូវ​លុប​ចេញពី​បញ្ជី គឺ​មកពី​គណបក្សនយោបាយ​ចំនួន​៩ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​អំណាច​ខ្មែរ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​៕   


Tag:
 លុបឈ្មោះ​បេក្ខជន​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com