ពីនេះ ពីនោះ
តើ​ពាក្យ «​និង​» , «​នឹង​» និង «​ហ្នឹង​» មាន​អត្ថន័យ និង​ប្រើ​ខុសគ្នា​ដូចម្តេច​? ​
25, May 2017 , 8:22 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ «​និង​»  , «​នឹង​» និង «​ហ្នឹង​» ច្រឡំ​អត្ថន័យ​គ្នា​ដោយ​មិនដឹង​ពាក្យ​មួយណា បើ​ក្នុងន័យ​ណា​ឡើយ​។ នៅក្នុង​វចនានុក្រម​សម្តេច ជួន ណាត បាន​ពន្យល់​ពី​ភាពខុសគ្នា​រវាង​ទាំង​៣ នេះ​យ៉ាង​ដូច្នេះ​ថា​៖



ទី​១.
ពាក្យ «​និង​» មានន័យថា សម្រាប់​និយាយ​ត​ពាក្យ ឬត​ឃ្លា​របះ​ពីមួយ​ទៅមួយ ដែលមាន​ដំណើរ​សេចក្តី​ថា ទាំង​, ព្រមទាំង​, ផង​, នេះ​។ ឧទាហរណ៍​៖ អ្នក​និង​ខ្ញុំ​, គោ​និង​ក្របី​, សុខ​និង​ទុក្ខ​, យក​ចាន​និង​ផ្តិល​មក​ផង​។ ល​។

ទី​២.
ពាក្យ «​នឹង​» មានន័យថា សម្រាប់​និយាយ​នាំមុខ​កិរិយាសព្ទ​ប្រាប់​អនាគតកាល​ទៅខាង​មុខ​ថា មុខជា​, ប្រាកដជា​, គង់តែ​។ ឧទាហរណ៍​៖ ស្អែក​នឹង​ទៅផ្ទះ​អ្នក​, យើង​គង់តែ​នឹង​បាន​ជួបគ្នា​ទៀត​ក្នុង​ថ្ងៃ​ណាមួយ​ពុំខាន​។ ប្រើ​ក្នុងន័យ​មួយទៀត​មានន័យថា ស្ងៀម​, មិន​កម្រើក​, មិន​ប្រែប្រួល​, មិន​ឡើង​មិន​ចុះ​។ ឧទាហរណ៍​៖ អង្គុយ​នឹងថ្កល់ និង​ទឹកនឹង គឺ​ទឹក​ដែល​មិន​ឡើង​មិន​ស្រក ឬ​មិន​ហូរ​។ ល​។​

ទី​៣. «​ហ្នឹង​» មានន័យថា ហ្នឹងហើយ​, ហ្នឹងឯង​, ដំណើរ​ហ្នឹង​។ ពាក្យ​នេះ​ប្រើ​សម្រាប់តែ​និយាយ​ប៉ុណ្ណោះ មិនមែន​ប្រើ​សម្រាប់​សរសេរ​ឡើយ​។


© រក្សាសិទ្ធិដោយ thmeythmey.com