ជាតិ
មន្ទីរ​សុខាភិបាល​រាជធានី នឹង​ផ្ដល់​ថ្នាំ​អា​ប៊ែ​ត​ចំនួន ៥​តោន ទប់ស្កាត់​ជំងឺគ្រុនឈាម​ក្នុង​រដូវវស្សា​
25, May 2017 , 10:19 am        
រូបភាព
​ភ្នំពេញ​៖ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​ផ្ដល់​ថ្នាំ​អា​ប៊ែ​ត​ចំនួន​៥ តោន និង​ថ្នាំ​បាញ់​មូស ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​នៃ​រាជធានី​ភ្នំពេញ​។ ការផ្ដល់​ថ្នាំ​នេះ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម និង​ជំ​ង​រាតត្បាត​ផ្សេងៗ ដែល​កើតឡើង​ក្នុង​រដូវវស្សា​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។​



​ក្នុង​រដូវវស្សា​នេះ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​ថ្នាំ​អា​ប៊ែ​ត និង​ថ្នាំ​បាញ់​មូស ដើម្បី​បង្ការ​ជំងឺគ្រុនឈាម ដែល​ចម្លង​ដោយសារ​មូស​ខ្លា​។ មន្ទីរ​សុខាភិបាល​រាជធានី នឹង​យក​ថ្នាំ​អា​ប៊ែ​ត ដើម្បី​ចែកជូន​ដល់​ពលរដ្ឋ​ដែល​រស់នៅ​សហគមន៍ មាន​ជ​ម្រុ​ក​មូស​ខ្លា សម្រាប់​បង្ការ និង​ការពារ​កុំ​ឲ្យ​មាន​ជំងឺគ្រុនឈាម​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក ងី មាន​ហេង បាន​លើកឡើងថា​៖ «​នៅ​រដូវវស្សា​នេះ មន្ទីរ​បាន​ផ្សព្វផ្សាយ​ដំណឹង​ដល់​អាជ្ញាធរ និង​ភ្នាក់ងារ​សុខាភិបាល នៅតាម​ភូមិ សង្កាត់ រួចរាល់​ហើយ​។ ជាពិសេស នៅពេល​ពិនិត្យឃើញថា ភូមិ សង្កាត់​ណាមួយ​មាន​ជម្រក​សត្វ​មូស​ខ្លា ត្រូវ​រាយការណ៍ មក​មន្ទីរ​ជាបន្ទាន់ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ និង​ដាក់​ថ្នាំ​នៅតាម​ខ្នង​ផ្ទះ​ពលរដ្ឋ​»​។ នេះ​បើតាម​ការដកស្រង់​សម្ដី​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។​

​លោក ងី មាន​ហេង បន្ថែមថា ក្រោយពី​ទទួលបាន​ការរាយការណ៍​ថា​មាន​ជំងឺគ្រុនឈាម​នៅ​ភូមិ សង្កាត់​ណាមួយ មន្ត្រី​សុខាភិបាល​រាជធានី នឹង​យក​ថ្នាំ​អា​ប៊ែ​តទៅ​ដាក់ និង​បាញ់ថ្នាំ​បន្ថែម​នៅក្នុង​ភូមិ សង្កាត់​នោះ​តែម្ដង​។ ម្យ៉ាងទៀត ការ​រាតត្បាត និង​កើតឡើង​នៅ​ជំងឺគ្រុនឈាម ដោយសារ​មូស​ខ្លា​នេះ មិនមែន​រាតត្បាត​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំងមូល​ទេ ពោលគឺ​កើត​មាននៅ​ជាយក្រុង​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ការ​រាតត្បាត​ជំងឺគ្រុនឈាម​នេះ អាច​កើតឡើង​ដោយ​ការខ្វះ​ការយកចិត្តទុកដាក់ ក្នុងការ​សម្អាតផ្ទះ ដោយ​ទុក​ឲ្យ​មាន​សំបក​កំប៉ុង ដូង កង់ឡាន ថូផ្កា ដែលមាន​ទឹក​ដក់​ជាប់​។ មន្ទីរ​សុខាភិបាល​រាជធានី អំពាវនាវ​ដល់​ពលរ​ដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ត្រូវ​សម្រាក​ក្នុង​មុង និង​ត្រូវ​លុបបំបាត់​ជម្រក​មូស​ខ្លា ដែល​កើតមានឡើង​ក្នុង​រដូវវស្សា​នេះ​៕


Tag:
 ថ្នាំ​អា​ប៊ែ​ត​
  ថ្នាំ​បាញ់​មូស
© រក្សាសិទ្ធិដោយ thmeythmey.com