អន្តរជាតិ
ទៅជួបមេដឹកនាំណាតូលើកដំបូង លោក ត្រាំ នៅតែគិតរឿងទារថ្លៃការពារ ប្រធានាធិបតី ដូណាល់ ត្រាំ ទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីបែលហ្ស៊ិក Charles Michel ពេលទៅដល់ក្រុងព្រុចសែល (រូបភាព Reuters)
× ទស្សនកិច្ចប្រធានាធិបតី ដូណាល់ ត្រាំ នៅមជ្ឈិមបូព៌ា ត្រូវបានទទួលយ៉ាងរាក់ទាក់អធិកអធមបំផុតទាំងនៅអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលផង។ នៅឯបុរីវ៉ាទីកង់ឯណោះវិញ លោក ត្រាំ ក៏អះអាងថា លោកមានជំនួបដ៏អស្ចារ្យជាមួយសម្ដេចប៉ាប ហ្វ្រង់ស៊ីស ។ ប៉ុន្តែនៅពេលជួបជាមួយមេដឹកនាំសម្ព័ន្ធយោធាណាតូនៅព្រុចសែល លោក ត្រាំ ទំនងជាជួបបញ្ហាស្មុគស្មាញខ្លាំងមិនខាន។ ជំហររបស់លោកចំពោះណាតូ មិនច្បាស់លាស់ឡើយ គឺម្ដងលោកថាណាតូហួសសម័យ ម្ដងថាមិនហួសសម័យ។ ក្នុងជំនួបលើកនេះ មេដឹកនាំណាតូនឹងសួរលោក ត្រាំ ឲ្យច្បាស់ពីបញ្ហានេះ រួមទាំងថ្លៃចំណាយផង។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទៅដល់ទីក្រុងព្រុចសែលនៅថ្ងៃទី២៤ ខែឧសភា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅមជ្ឈិមបូព៌ា និងអ៊ីតាលីជាបន្តបន្ទាប់។ លោក ត្រាំ នឹងជួបជាមួយបណ្ដាមេដឹកនាំសម្ព័ន្ធយោធាណាតូដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីលោកបាននិយាយរិះគន់អង្គការយោធានេះពេលយុទ្ធនាការបោះឆ្នោត និងបន្ទាប់ការគំរាមដកខ្លួនចេញ បើសមាជិកណាតូផ្សេងទៀតមិនព្រមបង់ថ្លៃចំណាយសម្រាប់ណាតូចំនួនពីរភាគរយនៃផលិតផលក្នុងស្រុកសរុបតាមការសន្យាទេនោះ។
អំឡុងពេលទស្សនកិច្ចនៅបែលហ្ស៊ិកលើកនេះ លោក ត្រាំ ទំនងជួបបញ្ហារដាក់រដុបច្រើន ដ្បិតទាំងមេដឹកនាំណាតូ និងសហភាពអឺរ៉ុប ច្បាស់ជាសង្កត់ និងសួរលោកពីគោលនយោបាយរបស់អាមេរិកចំពោះតំបន់អឺរ៉ុបទាំងមូល ទាំងយោធា ទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក៏ដូចជាកិច្ចព្រមព្រៀងប៉ារីសស្ដីពីបម្រែបម្រួលអាសធាតុមិនខាន។ ជំហររបស់លោក ត្រាំ នាពេលកន្លងមកលើបញ្ហាទាំងអម្បាលម៉ាន ធ្វើឲ្យរដ្ឋនៅអឺរ៉ុបបារម្ភយ៉ាងខ្លាំង។
នៅទីក្រុងព្រុចសែល ប្រធានាធិបតីអាមេរិកជួបជាមួយមេដឹកនាំអឺរ៉ុប និងចូលរួមប្រជុំជាមួយមេដឹកនាំរដ្ឋសមាជិកណាតូ បន្ទាប់មកលោកនឹងជួបជាមួយមេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ដែរ។ គេរំពឹងថា ក្នុងពេលជួបជាមួយមេដឹកនាំណាតូ លោក ត្រាំ ទំនងជាបញ្ជាក់ជំហររបស់អាមេរិកឲ្យបានច្បាស់លាស់មិនខាន ព្រោះពួកគេរង់ចាំដំណើររបស់លោក ត្រាំ ជាយូរមកហើយ បន្ទាប់ពីជ្រួលប្របល់ដោយសារនយោបាយរបស់ប្រធានាធិបតីមានសាវតារមកពីអ្នកជំនួញរូបនេះ។
១. លោក ត្រាំ នៅតែប្រកាន់ជំហរទារលុយថ្លៃចំណាយសម្រាប់ណាតូ
របៀបវារៈសំខាន់ដែលត្រូវលើកឡើងក្នុងទស្សនកិច្ចរបស់ប្រធានាធិបតី ត្រាំ នៅអឺរ៉ុបពេលនេះ គឺរឿងថ្លៃចំណាយសម្រាប់សម្ព័ន្អយោធាណាតូតែម្ដង។ លោក ត្រាំ នឹងបន្តដាក់សម្ពាធលើរដ្ឋសមាជិកណាតូទាំងអស់ ឲ្យជួយចេញថ្លៃចំណាយសន្ធឹកសន្ធាប់របស់ណាតូ ដែលអាមេរិកធ្លាប់ចេញច្រើនជាងគេរហូតមក។ មន្ត្រីកំពូលៗរបស់រដ្ឋបាលអាមេរិកដែលទស្សនកិច្ចនៅអឺរ៉ុបរាប់ទាំងអនុប្រធានាធិបតី Mike Pence សុទ្ធតែបានទាមទារឲ្យសមាជិកណាតូជួយបង់ថ្លៃវិភាគទានទៅតាមការឯកភាពគ្នា។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន (Rex Tillerson) និយាយថា លោកប្រធានាធិបតី ត្រាំ នឹងដាក់សម្ពាធខ្លាំងលើមេដឹកនាំសមាជិកណាតូទាំងអស់ ឲ្យបង់ថ្លៃចំណាយចំនួនពីរភាគរយតាមការសន្យារបស់ពួកគេ ព្រោះមកទល់ពេលនេះ ពួកគេមិនទាន់បំពេញពាក្យសម្ដីនៅឡើយ។ ម្យ៉ាងទៀត ប្រធានាធិបតីអាមេរិក ក៏នឹងស្នើឲ្យសមាជិកណាតូបង្កើនថវិកាចំណាយសម្រាប់វិស័យការពារជាតិរបស់ពួកគេដូចគ្នា។
តាមពិតទៅ សមាជិកណាតូទំនងដឹងពីបំណងរបស់លោក ត្រាំ រួចហើយទាក់ទងនឹងរឿងចំណាយនេះ។ នេះ ក៏ព្រោះទាំងមុនពេលឈ្នះឆ្នោត និងក្រោយពេលចូលកាន់តំណែង លោក ត្រាំ តែងលើកឡើងពីបញ្ហានេះម្ដងជាពីរដង ដោយតម្រូវឲ្យសមាជិកណាតូផ្សេងទៀតជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អាមេរិកផង។ អាមេរិក បានទទួលបន្ទុកដល់ទៅ៧០ភាគរយនៃការចំណាយរបស់ណាតូ ដែលរឿងនេះអនុប្រធានាធិបតី Pence ធ្លាប់លើកឡើងថា ប្រជាជនអាមេរិកមិនអាចទ្រាំបានទៀតឡើយ៕
២. ណាតូនៅតែសំខាន់សម្រាប់អាមេរិក
កាលពីពេលឃោសនារកសំឡេងឆ្នោត ប្រធានាធិបតីអាមេរិក ត្រាំ បានលើកឡើងពីមន្ទិលសង្ស័យរបស់លោកជុំវិញតួនាទីរបស់សម្ព័ន្ធយោធាណាតូ។ លោក បានហៅអង្គការយោធានេះថាជាអង្គការហួសសម័យ ព្រោះគោលការណ៍របស់សម្ព័ន្ធយោធានេះមិនបានផ្លាស់ប្ដូរឲ្យទាន់សភាពការណ៍ប្រែប្រួលលើពិភពលោកឡើយ។ សមាជិកណាតូបារម្ភខ្លាំងនឹងការលើកឡើងរបស់លោក ព្រោះការគំរាមកំហែងពីសំណាក់រុស្ស៊ីក៏កំពុងកើនឡើងខ្លាំងដែរនោះ។
ក្នុងជំនួបទល់មុខលើកនេះ លោក ត្រាំ ត្រូវជូបជាមួយមេដឹកនាំសម្ព័ន្ធមិត្តដែលលោកធ្លាប់រិះគន់ខ្លាំងនាពេលកន្លងមក។ កាលពីខែមករាកន្លងមក ប្រធានាធិបតីអាមេរិក ចាត់ទុកសហភាពអឺរ៉ុបជាយានជំនិះរបស់អាល្លឺម៉ង់ ហើយថែមទាំងសាទរការចាកចេញរបស់ចក្រភពអង់គ្លេស ដែលជាសមាជិកដ៏សំខាន់របស់ណាតូដែរនោះ។ ប៉ុន្តែក្រោយមក លោកបានដូរជំហរច្រើន និងបាននិយាយក្រឡាស់សម្ដីវិញថា ណាតូ មិនហួសសម័យឡើយ។
យ៉ាងណាក្ដី ទោះជាធ្លាប់រិះគន់ក្ដី និងធ្លាប់គំរាមចាកចេញពីណាតូក្ដី សម្ព័ន្ធយោធាមួយនេះនៅតែសំខាន់ក្នុងកែវភ្នែករបស់រដ្ឋបាលប្រធានាធិបតី ត្រាំ ។ ណាតូ ដើរតួសំខាន់ណាស់ក្នុងទប់ទល់ឥទ្ធិពលរុស្ស៊ីនៅអឺរ៉ុប បើទោះជាលោក ត្រាំ ចង់បានទំនាក់ទំនងល្អជាមួយរុស្ស៊ីក្ដី។ អាមេរិកចង់ឲ្យណាតូចូលរួមក្នុងប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាមនៅមជ្ឈិមបូព៌ា ហើយណាតូក៏ទំនងជាយល់ព្រមទទួលសំណើរបស់អាមេរិកដែរ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
ណាតូ
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com