អន្តរជាតិ
នារី​ម្នាក់​ត្រូវ​ឃុំខ្លួន​មួយ​យប់​នៅ​អាមេរិក ដោយសារ​សំណេរ​ក្នុង​កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​នាង​
25, May 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​កញ្ញា Molly Hill រំពឹង​ឆ្លងកាត់​វិស្សមកាល​ដ៏​រីករាយ​នៅ​កោះ​ហា​វ៉ៃ ជាមួយ​មិត្ត​ប្រុស​របស់ខ្លួន ប៉ុន្តែ​បែរជា​បាន​ជួប​នូវ​សុបិន​អាក្រក់​ទៅវិញ​។ គាត់​ត្រូវបាន​អាជ្ញាធរ​អាមេរិក ឃុំខ្លួន​មួយ​យប់ បន្ទាប់ពី​មន្ត្រី​គយ​នៅ​អាកាសយានដ្ឋាន គិតថា នារី​អូស្ត្រាលី​ម្នាក់នេះ មាន​គម្រោង​ធ្វើ​អន្តោប្រវេសន៍​នៅ​សហរដ្ឋអាមេរិក ដោយ​យោងតាម​សំណេរ​ប៉ុន្មាន​ឃ្លា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ប្រចាំថ្ងៃ​។​



Molly Hill ជនជាតិ​អូស្ត្រាលី អាយុ​២៦​ឆ្នាំ កាន់​ទិដ្ឋាការ​ទៅ​សហរដ្ឋអាមេរិក​ដែលមាន​សុពលភាព​៣​ខែ​។ នាង​មាន​គម្រោង​សម្រាក​វិស្សមកាល​ជាមួយ​មិត្ត​ប្រុស​របស់ខ្លួន ឈ្មោះ Ross ដែលជា​ជនជាតិ​អាមេរិក​។ Hill បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ខ្ញុំ​ត្រូវបាន​មន្ត្រី​អាកាសយានដ្ឋាន​នាំទៅ​សាកសួរ​ក្នុង​បន្ទាប់​អស់​រយៈពេល​ជាច្រើន​ម៉ោង ហើយ​មានការ​ឆែកឆេរ​គ្រប់សព្វ​បែបយ៉ាង​»​។​

Hill បាន​អះអាងថា នាង​ត្រូវបាន​ជាប់​សង្ស័យ​ពីបទ​ចង់​ស្នាក់នៅ​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់ បន្ទាប់ពី​គយ​អាកាសយានដ្ឋាន Honolulu International Airport មើលឃើញ​សំណេរ​របស់​នាង​នៅលើ​សៀវភៅ​កំណត់ហេតុ​ប្រចាំថ្ងៃ ដែល​សរសេរថា «Last Day at Work» (​ថ្ងៃ​ចុងក្រោយ​នៃ​ការងារ​)​។​

​បើតាម​ការសន្និដ្ឋានរ​បស់ Hill មន្ត្រី​អាកាសយានដ្ឋាន​នៅ Honolulu គិតថា នាង​បាន​ឈប់​ពី​ការងារ​នៅ​អូស្ត្រាលី ហើយ​មាន​ចង់​ធ្វើ​អន្តោប្រវេសន៍​ដោយ​ខុសច្បាប់​នៅ​ហា​វ៉ៃ ពោលគឺ​មិនមែន​សម្រាក​វិស្សមកាល​តែ​រយៈពេល​៣​ខែ​នោះឡើយ​។ ក្រោយ​ដាក់​ការសង្ស័យ Hill ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​មួយ​យប់​។ រយៈពេល​ពេញ​១​ថ្ងៃ Hill មិនអាច​ទាក់ទង​ទៅ​អ្នកណា​បាន​នោះឡើយ សូម្បីតែ​មិត្ត​ប្រុស​របស់​នាង ដែល​បាន​រង់ចាំ​នៅ​កន្លែង​យក​អ៊ី​វ៉ាន់​។​

​ជាមួយគ្នានេះ​ផងដែរ Hill ត្រូវបាន​ចោទសួរ​ជាច្រើន​សំណួរ​ទាក់ទង​នឹង​ស្នាម​សាក់​នៅលើ​ខ្លួន​។ អាជ្ញាធរ​អាមេរិក​ពិត​ឃើញថា ស្នាម​សាក់​របស់​នាង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ក្រុមជើងកាង​ណាមួយ​ឡើយ ទីបំផុត​ពួកគេ​សម្រេច​ដោះលែង និង​បញ្ជូន​នាង​ត្រឡប់​ទៅកាន់​ប្រទេស​អូស្ត្រាលី​វិញ​។​

​ឆ្លង​ផុត​មួយ​រាត្រី​នៃ​ការឃុំខ្លួន វា​ថ្ងៃ​ខួបកំណើត​របស់ Hill ផ្ទាល់ ប៉ុន្តែ​វា​ជា​សុបិន​អាក្រក់​មួយ ដោយ​នាង​ត្រូវបាន​មន្ត្រី​អាកាសយានដ្ឋាន​នាំ​ឡើង​យន្តហោះ​ត្រឡប់ទៅផ្ទះ​វិញ​។ បន្ថែម​ពីលើ​នេះ នាង​ត្រូវ​ចំណាយលុយ​៦២០​ដុល្លារ​អូស្ត្រាលី (​ជាង​៤៦៥​ដុល្លារ​អាមេរិក​) សម្រាប់​ជើងហោះហើរ​ត្រឡប់​ទៅ​ទីក្រុង​ស៊ីដនី​។

Hill បាន​រៀបរាប់ថា មុន​ចេញដំណើរ​នាង​ត្រូវ​បង្ខំចិត្ត​រង់ចាំ​៤​ម៉ោង​បន្ថែមទៀត​ដើម្បី​ទទួល​វ៉ា​លី​របស់ខ្លួន​ត្រឡប់មកវិញ ហើយ​នៅលើ​យន្តហោះ​បន្ថែម​១១​ម៉ោង​ក្នុង​ដំណើរ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

​ភ្នាក់ងារ​គយ និង​ការពារ​ព្រំដែន​អាមេរិក បាន​អះអាង​ប្រាប់​សារព័ត៌មាន​អន​ឡាញ​អូស្ត្រាលី news.com.au ថា អាជ្ញាធរ​ពិតជា​បាន​រកឃើញថា Molly Joan Hill ពិត​ជាមាន​គម្រោង​ទៅ​រៀបការ​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ពិត​មែន ដោយ​នាង​មិនមាន​ទិដ្ឋាការ​គូ​ដណ្តឹង K-1 Fiance Visa​។​

​ទាក់ទង​នឹង​ការលាលែង​ពី​ការងារ អ្នកស្រី Mini Sakissian ដែលជា​អតីត​ថៅកែ​របស់ Hill បាន​អះអាង​ប្រាប Herald Sun ថា វា​ជា​រឿង​ធម្មតា​នៅ​ក្រុមហ៊ុន​ទៅហើយ​។ គាត់​រៀបរាប់ថា​៖ «​ខ្ញុំ​តែងតែ​ធ្វើបែបនេះ​សម្រាប់​បុគ្គលិក​ទាំងអស់​ដែល​សម្រាក​វិស្សមកាល​រយៈពេល​យូរ​។ ប្រសិនបើ​អ្នក​សម្រាក​រហូតដល់​ពី​៦ ឬ​៧​សប្តាហ៍ អ្នក​ត្រូវតែ​លាឈប់​ពី​ការងារ​។ នេះ​ជា​រឿង​ធម្មតា​»​។​

​ទីបំផុត លោក Ross បាន​ទៅរក​មិត្តស្រី​របស់ខ្លួន​នៅ​អូស្ត្រាលី​។ សង្សា​ទាំង​ពីរបាន​ជួបគ្នា​វិញ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា Hill អាចមាន​ឱកាស​ទៅធ្វើ​ការ​នៅ​កន្លែងចាស់​របស់ខ្លួន​បាន​វិញ ឬ​យ៉ាងណា​នោះឡើយ ប៉ុន្តែ​ចំណាយពេល​រាប់សិប​ម៉ោង​ក្នុង​ដំណើរ​ពី​អូស្ត្រាលី ហើយ​រង​ការឃុំខ្លួន​មួយ​យប់​នៅ​ហា​វ៉ៃ​៕


Tag:
 ហា​វ៉ៃ​
  Molly Hill
© រក្សាសិទ្ធិដោយ thmeythmey.com