អន្តរជាតិ
ស៊ី ជិន​ភីង ចង់​ឲ្យ​ទ័ពជើងទឹក​ចិន​មាន​សមត្ថភាព​ខ្លាំងក្លា​លំដាប់​ពិភពលោក​
25, May 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីស្នាក់ការ​កងទ័ព​ជើង​ទឹក​ចិន ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បាន​ជំរុញ​ឲ្យ​មានការ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​កងទ័ព​ជើង​ទឹក​ចិន​ឲ្យ​ដល់​កម្រិត​ពិភពលោក​។ មេដឹកនាំ​ចិន​រូបនេះ​ខ្វល់ខ្វាយ​ចង់​ឲ្យ​ចិន​មានអំណាច​យោធា​ជើង​ទឹក​កាន់តែខ្លាំង និង​មាន​សមត្ថភាព​បំពេញ​ប្រតិបត្តិការ​មាន​ប្រសិទ្ធភាព​និង​នៅ​ឆ្ងាយ​ពី​ប្រទេស ដែល​ប្រកៀក​ប្រកិត​ជាមួយ​អាមេរិក​នៅពេល​អនាគត​។​



​មេដឹកនាំ​ចិន​លោក ស៊ី ជិន​ភីង បានស្នើ​ឲ្យ​មានការ​ប្រឹងប្រែង​យកចិត្តទុកដាក់​លើ​ការកសាង​សមត្ថភាព​កងទ័ព​កង​ទ័ពជើងទឹក​ចិន​ឲ្យ​ខ្លាំង​ដល់​កម្រិត​ពិភពលោក និង​អាច​ធានាបាន​នូវ​ការកសាង​ឥទ្ធិពល​របស់​ចិន​នៅ​បរទេស​បាន​។​

​ថ្លែង​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​កងទ័ព​ជើង​ទឹក​ចិន លោក ស៊ី ជិន​ភីង បាន​បញ្ជាក់ថា លោក​បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​ជើង​ទឹក​ចិន​ដែល​បាន​ប្រឹងប្រែង​បំពេញភារកិច្ច​កន្លងមក​។ ប៉ុន្តែ​លោក​បានស្នើ ឲ្យ​កងទ័ពជើងទឹក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បន្ត​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ឲ្យ​ខ្លាំង​ស្ថិតក្នុង​លំដាប់​ពិភពលោក​។ មេដឹកនាំ​រូបនេះ​ក៏​ផ្តល់​អនុសាសន៍​បន្ថែមថា ដើម្បី​សម្រេច​គោលដៅ វា​ត្រូវការ​ការច្នៃប្រឌិត​និង​បច្ចេកវិទ្យា​ខ្ពស់​ដែរ​។​

​យោងតាម​សារព័ត៌មាន South China Morning Post លោក​ស៊ី ជិន​ភីង បាន​ថ្លែង​ដូច្នេះ​៖ «​ការកសាង​កម្លាំង​កង​ទ័ពជើងទឹក​ទំនើប​និង​ខ្លាំងក្លា​ស្ថិតក្នុង​កម្រិត​ពិភពលោក​សំខាន់បំផុត​សម្រាប់​ចិន​។ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ផ្លាស់ប្តូរ​ប្រទេសជាតិ​ក្លាយជា​មហាអំណាច​ទ័ពជើងទឹក​ដ៏​អស្ចារ្យ​។​ប៉ុន្តែ ការច្នៃប្រឌិត​ជា​សោរ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​និង​ផ្លាស់ប្តូរ​កងទ័ពជើងទឹក​របស់​យើង​»​។​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ កងទ័ពជើងទឹក​ចិន​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​។ មន្ត្រី​យោធា​ក្មេង​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ដើម្បី​កាន់កាប់​ការងារ​ធំ​ជាពិសេស​បញ្ជា​ទ័ព ហើយ​ចិន​ចាប់ផ្តើម​ប្រើប្រាស់​នាវា​ដឹក​យន្តហោះ​ទីមួយ​របស់ខ្លួន​ក្នុង​ប្រតិបត្តិ​ការសំខាន់ៗ​ក្នុង​តំបន់ និង​ការបន្ត​កម្មវិធី​សាងសង់​នាវា​ដឹក​យន្តហោះ​ក្នុងស្រុក​ទីមួយ​ថែមទៀត​។​

​តាមពិតទៅ​មហា​យក្ស​ចិន ប្រឹងប្រែង​រត់​ឲ្យ​លឿន ដើម្បី​តាម​ឲ្យ​បាន​កៀក​ជិត​អំណាច​យោធា​អាមេរិក​។ នេះ​ក៏ដោយ​សារ​ចិន​បារម្ភ​ពី​ការបង្កើន​ថវិកា​សម្រាប់​វិស័យ​យោធា ក៏ដូចជា​គោលជំហរ​មិន​ច្បាស់លាស់​របស់​ក្រុង​វ៉ាស៊ីនតោន​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង​បញ្ហា​តៃវ៉ាន់​ជាដើម​ដែរ​។​

​ចិន​បន្ត​បង្កើន​ថវិកា​ច្រើន​ដែរ​សម្រាប់​បង្កើន​សមត្ថ​ភាព​យោធា​របស់ខ្លួន​ឲ្យ​ខ្លាំង​ឲ្យ​ស័ក្តិ​សមជា​មហាអំណាច​ពិភពលោក​។ រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់ថា ថវិកា​ការពារជាតិ​ឆ្នាំនេះ​ត្រូវបាន​ដំឡើង​ដល់ ៧​ភាគរយ​ដែល​វា​ឡើងដល់ ១,០៤៤  ទ្រី​លាន​យ័ន ឬ ១៥១, ៦ ពាន់​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ទំហំ​ថវិកា​នេះ​ស្មើ​ត្រឹម​មួយ​ភាគ​បួន​នៃ​ថវិកា​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​ការពារ​អាមេរិក​ប៉ុណ្ណោះ​៕


Tag:
 ស៊ី ជិន​ភីង​
  កងទ័ព​រំដោះប្រជាជន​ចិន​
 ​ ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com