អន្តរជាតិ
ប៉េកាំង រំឭកថា កម្លាំង​ទ័ព​មិនអាច​ជួយ​ឲ្យ​កោះ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​បានឡើយ
25, May 2017 , 9:59 pm        
រូបភាព
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន An Fengshan ក្នុងសន្និសីទកាសែត (រូបភាព Xinhua)
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន An Fengshan ក្នុងសន្និសីទកាសែត (រូបភាព Xinhua)
ចិនដីគោក បាន​ដាស់តឿន​ឲ្យ​កោះ​តៃវ៉ាន់​បោះបង់​គំនិត​ផ្ដាច់ខ្លួន​ទៀត​ទៅ ស្របពេល​កោះ​តៃវ៉ាន់​ធ្វើ​កំពុង​សមយុទ្ធ​យោធា​ត្រៀម​ការពារ​ការវាយប្រហា​រ​ពី​សំណាក់​ក្រុង​ប៉េកាំង​។ ចិន ប្រាប់​រដ្ឋាភិបាល​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ដែល​កំពុង​ដឹកនាំ​កោះ​តៃវ៉ាន់​ទៀតថា ការប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ប្រឆាំង​ការបង្រួបបង្រួម​ជាមួយ​ដីគោក នឹងមិន​ផ្ដល់​ផល​អ្វី​ឡើយ​។ ចិន ក៏​ប្រាប់​ឲ្យ​កោះ​តៃវ៉ាន់​អនុវត្តតាម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩២ ដែល​ចែង​ពី​នយោបាយ​ចិន​តែមួយ​។​



​កោះ​តៃវ៉ាន់​កំពុង​ធ្វើ​សមយុទ្ធ​ដ៏​ធំ​បំផុត ដែល​បង្ហាញ​ពី​ការត្រៀម​ការពារ​ខ្លួន​ក្នុងករណី​មានការ​វាយប្រហារ​ពី​សំណាក់​ចិនដីគោក​។ ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ដែលមាន​និន្នាការ​ប្រកាស​ឯករាជ្យ បាន​ត្រួតពិនិត្យ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ​ដោយផ្ទាល់​។ សមយុទ្ធ​ប្រចាំ​ឆ្នាំនេះ ធ្វើឡើង​នៅលើ​កោះ Penghu ដែល​ស្ថិតនៅ​ចន្លោះ​កោះ​តៃវ៉ាន់ និង​ចិនដីគោក ហើយ​វា​ក៏​ចំ​ពេលដែល​ទំនាក់ទំនង​ឆ្លង​ជ្រោយ​តៃវ៉ាន់​កាន់តែ​តានតឹង​ខ្លាំង​។​

​យ៉ាងណាក្ដី ក្រុង​ប៉េកាំង បាន​ប្រាប់​ឲ្យ​កោះ​តៃវ៉ាន់​ឈប់​គិត​រឿង​ឯករាជ្យ​ទៀត​ទៅ ដ្បិត​កម្លាំងយោធា​តៃវ៉ាន់​មិនអាច​ជួយ​អ្វី​ទេ​។ លោក An Fengshan អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន បាន​និយាយថា ការប៉ុនប៉ង​របស់​កោះ​តៃវ៉ាន់​ដែល​ចង់​ប្រើប្រាស់​កងទ័ព​ដើម្បី​ផ្ដាច់ខ្លួន គ្មាន​បានការ​អ្វី​នោះទេ​។ លោក​បន្តថា រដ្ឋាភិបាល​កាន់អំណាច​នៅ​កោះ​តៃវ៉ាន់ គួរតែ​ឈប់​មានគំនិត​ស្រមើស្រមៃ​តស៊ូ​ដើម្បី​ឯករាជ្យ​ទៀត​ទៅ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua អ្នកនាំពាក្យ​ខាងលើ ក៏បាន​ដាស់តឿន​ឲ្យ​កោះ​តៃវ៉ាន់​គោរព​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩២ ព្រោះ នេះ​ជា​ផ្លូវ​តែមួយគត់​ដែល​អាច​ថែរក្សា​ការអភិវឌ្ឍ​ដោយ​សន្តិភាព​នៅ​ជ្រោយ​តៃវ៉ាន់​បាន​។ កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩២ គឺជា​លទ្ធផល​នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​មកពី​ចិន​ទាំងពីរ ហើយ​កំណត់ថា​ចិន​មាន​តែមួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ភាគី​ទាំងសងខាង​សុទ្ធតែ​បាន​អះអាងថា​ខ្លួន​ជា​តំណាង​ស្របច្បាប់​របស់ «​ចិន​» ។​

​ទំនាក់ទំនង​រវាង​ចិនដីគោក និង​កោះ​តៃវ៉ាន់ មិនល្អ​ឡើយ ក្រោយ​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ដែលមាន​ជំហរ​ប្រកាស​ឯករាជ្យ ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៦ ។ ក្រុង​ប៉េកាំង ក៏បាន​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ទាំងអស់​ជាមួយ​តៃវ៉ាន់ ហើយ​ម្ដង​ជា​ពីរដង​បាន​គំរាម​កោះ​តៃវ៉ាន់​មិន​ឲ្យ​ប្រកាស​ឯករាជ្យ​ដាច់ខាត ដ្បិត​ចិន​មិន​រអា​នឹង​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ដណ្ដើម​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ​ឡើយ​។    

​ឆ្លើយតប​ការ​គំរាម​របស់​ចិនដីគោក កោះ​តៃវ៉ាន់ បាន​ប្រឹងប្រែង​ពង្រឹង​វិស័យ​ការពារជាតិ​របស់ខ្លួន​ឥតឈប់ឈរ​។ ក្រៅពី​ខិតខំ​អភិវឌ្ឍ​អាវុធ​ដោយ​ខ្លួនឯង តៃវ៉ាន់​ក៏បាន​ចំណាយ​សន្ធឹកសន្ធាប់​ជា​រៀងរាល់ឆ្នាំ​ក្នុង​ការទិញ​អាវុធ​ពី​អាមេរិក​។ យ៉ាងណាក្ដី មួយរយៈ​ពេល​ចុង​ក្រោយនេះ រដ្ឋបាល​អាមេរិក​ថ្មី ហាក់​មិនសូវ​ខ្វល់ខ្វាយ​នឹង​តៃវ៉ាន់​ប៉ុន្មាន​ឡើយ ព្រោះ​រវល់​តែ​ចាប់ដៃ​ជាមួយ​ចិន​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឯណោះ​៕ 


Tag:
 ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com