ជាតិ
សេដ្ឋកិច្ច
​ក្រសួងពាណិជ្ជកម្ម ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​តាម​អន​ឡាញ​
25, May 2017 , 10:39 pm        
រូបភាព
ចុះបញ្ជីម៉ាក (រូបពីក្រសួងពាណិជ្ចកម្ម)
ចុះបញ្ជីម៉ាក (រូបពីក្រសួងពាណិជ្ចកម្ម)
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​បើក​ឲ្យ​មានការ​ចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​២៥​ខែឧសភា​តទៅ ដែល​ផ្ដល់​ភាពងាយស្រួល និង​ផលប្រយោជន៍​ទាំង​ម្ចាស់​អាជីវកម្ម និង​អ្នកប្រើប្រាស់ បានផ្ដល់ និង​ប្រើប្រាស់​ផលិតផល​មាន​អត្តសញ្ញាណ​ត្រឹមត្រូវ​។​



​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​សក្ដិ បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​នេះ​ថា ប្រព័ន្ធ​ថ្មី​នេះ នឹង​ផ្ដល់​ភាពងាយស្រួល​ជាង​មុខ ដោយ​វា​អាច​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ម៉ាក និង​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ម៉ាក ព្រមទាំង​ការគ្រប់គ្រង​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក ប៉ាន សូរ​សក្ដិ ឲ្យ​ដឹង​ទៀតថា ការចុះបញ្ជី​ម៉ាក​មិន​ត្រឹមតែ​ជួយ​ការពារ​ផលប្រយោជន៍​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់​លទ្ធភាព​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ពង្រីក​សក្ដានុពល​អាជីវកម្ម តាមរយៈ​ការនាំចេញ​ផលិតផល​ទៅកាន​ទីផ្សារ​អន្តរជាតិ​។​

​លោក Yoshiyuki Takagi ជំនួយការ​អគ្គនាយក​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សកល​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក បាន​ថ្លែងថា សហគ្រាស​នីមួយៗ​ចង់បាន​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់​លើ​គុណភាព​ទំនិញ​របស់ខ្លួន  ហើយ​ការ​កា​ពារ​បាន​នូវ​ម៉ាក​ពាណិជ្ជកម្ម​របស់​សហគ្រាស​នឹង​បំពេញ​ចំណុច​នេះ​។ លោក​បន្តថា ក្នុង​បរិបទ​សេដ្ឋកិច្ច​ទីផ្សារសេរី ដែល​អ្នកប្រើប្រាស់​មាន​ជម្រើស​ច្រើន​ក្នុងការ​ជ្រើសរើស​មុខទំនិញ ឬ​សេវា​ណាមួយ​នោះ អ្នកប្រើប្រាស់​ក៏​អាច​ជួប​បញ្ហា​ទំនិញ​ដែលមាន​ម៉ាក​ស្រដៀង ឬ​ទំនិញ​ក្លែងបន្លំ​ម៉ាក​ផងដែរ​។

​លោក​បន្ថែមថា ការចុះបញ្ជី​ម៉ាក​នឹង​ធានាបាន​នូវ​ភាព​ពិតប្រាកដ​នៃ​ផលិតផល​របស់​សហគ្រាស​ណាមួយ​ដល់​អ្នកប្រើប្រាស់​។ ហើយ​ទន្ទឹមនឹង​បើក​ឲ្យ​មាន​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក​តាម​អន​ឡាញ​នេះ សាធារណជន​ក៏​អាច​ស្វែងរក​ព័ត៌មាន​ក្នុង​វេ​ប​សៃយ៍​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ចុះបញ្ជី​ម៉ាក ដើម្បី​កំណត់​ម៉ាក​ទំនិញ​ណាមួយ​យ៉ាងពិត​ប្រាកដ​។ លោក​ប្រាប់ទៀតថា ប្រព័ន្ធ​នេះ​ក៏​សម្រួល​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​ទំនិញ​ក្លែងបន្លំ​ម៉ាក​ផងដែរ​។​

​កា​រកា​ពារ​ម៉ាក​នៅ​កម្ពុជា​ត្រូវបាន​ធានា​ដោយ​ច្បាប់​ស្ដីពី​ម៉ាក ពាណិជ្ជ​នាម និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ឆ្នាំ​២០០២ ។ ច្បាប់​នេះ​បាន​ឲ្យ​និយមន័យ​ពាក្យ​«​ម៉ាក​»​ថា គឺជា​សញ្ញា​ដែល​មើលឃើញ ហើយ​អាច​សម្គាល់​លក្ខណៈ​ខុសគ្នា​នៃ​ទំនិញ ឬ​សេវា​នៃ​សហគ្រាស​នីមួយៗ​។ ម៉ាក​ដែល​ប្រើប្រាស់​សម្រាប់​ទំនិញ​ហៅថា​ពាណិជ្ជសញ្ញា ហើយ​ម៉ាក​ដែល​ប្រើប្រាស់​សម្រាប់​សេវា​ហៅថា​សេវា​សញ្ញា​។ 

​ចាប់តាំងពី​ឆ្នាំ​២០០២ មកដល់​បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​បាន​ចុះបញ្ជី​ម៉ាក​ប្រមាណ ៧​ម៉ឺន​ម៉ាក​។ ហើយ​ការរៀបចំ​ការចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​ថ្មី​នេះ គឺ​ទទួលបាន​កិច្ចសហការ​បច្ចេកទេស​ពី អង្គការ​កម្ម​សិទ្ធ​បញ្ញា​អន្តរជាតិ (WIPO) ។

​ការចុះបញ្ជី​ម៉ាក​តាម​អន​ឡាញ ដែល​ស្ថិតក្រោម​សមត្ថកិច្ច​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម អាច​ធ្វើបាន​តាមរយៈ www.efiling.cambodiaip.gov.kh


Tag:
 ម៉ាក​
  ប៉ាន សូរ​សក្ដិ​
© រក្សាសិទ្ធិដោយ thmeythmey.com