ជាតិ
គ​.​ជ​.​ប ប្រាប់​ឲ្យ​ពលរដ្ឋ​ត្រៀមខ្លួន និង​ឯកសារ​ដែល​ពាក់ព័ន្ធ ដើម្បី​អាច​បោះឆ្នោត​បាន​
26, May 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ត្រៀមខ្លួន និង​ត្រូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ដើម្បី​ឲ្យ​ពួកគេ អាច​បោះឆ្នោត​បាន​នៅ​ថ្ងៃទី​៤ ខែមិថុនា​ខាងមុខ​។ ការអំពាវនាវ​នេះ ធ្វើឡើង​តាម     រយៈ សេចក្តីជូនដំណឹង​រប​ស់គ​.​ជ​.​ប ចុះ​ថ្ងៃទី​២៤ ខែឧសភា របស់  គ​.​ជ​.​ប​។



​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ដដែល ក៏បាន​រំលឹក​ដល់ ពលរដ្ឋ​ដែល​បាន​ប្រើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ក្នុងពេល​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ហើយ​ពុំទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ពលរដ្ឋ​ដែល​ខូច ឬ​បាត់ ឬ​ដាក់បញ្ចាំ អត្តសញ្ញាណប័ណ្ណ ត្រូវ​រួសរាន់​ទៅសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ពី​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត និង​អាជ្ញាធរ​ឃុំ សង្កាត់​ដែល​ខ្លួន​ត្រូវ​បោះឆ្នោត​។

​បើតាម​សេចក្តីជូនដំណឹង​ដដែល ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត​ដោយ​ឥតគិតថ្លៃ​នេះ នឹង​បិទ​បញ្ចប់​នៅ​ម៉ោង ៥ កន្លះ​ល្ងាច ថ្ងៃទី​២ ខែមិថុនា​។​
​ជាមួយគ្នានេះ គ​.​ជ​.​ប ក៏​អំពាវ​នាដ​ល់​ប្រធាន​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត មេឃុំ ចៅសង្កាត់ មេភូមិ ត្រូវ​ផ្សព្វផ្សាយ​បញ្ហា​នេះ​ឲ្យ​ទូលាយ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ឲ្យ​ទាន់ពេលវេលា​។ 

​គ​.​ជ​.​ប បាន​គូសបញ្ជាក់​ជាថ្មី​ថា ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប៉ុន្តែ​គ្មាន​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត មិនអាច​បោះឆ្នោត​បានឡើយ​នៅ​ថ្ងៃទី​៤ ខែមិថុនា​ខាងមុខ​។

​ទន្ទឹមនឹង​នេះដែរ នៅក្នុង​សេចក្តីជូនដំណឹង​ដាច់ដោយឡែក​មួយទៀត ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែឧសភា​ដែរនោះ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ ឈប់​ទទួលយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​ការធានា​លើ​ការផ្តល់​ឥណទាន​។  គ​.​ជ​.​ប បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងនោះ ប្រគល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​វិញ ដើម្បី​ប្រើប្រាស់​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ​។​

​ទាក់ទង​នឹង​ករណី​នេះដែរ នៅ​ថ្ងៃទី ២២ ខែឧសភា កន្លងទៅ ធនាគារជាតិ​បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ  ដែល​យក​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ពី​ពលរដ្ឋ ជា​ថ្នូរ​នឹង​ការផ្ដល់​ប្រាក់កម្ចី​នេះ​៕


Tag:
 ​អត្តសញ្ញាណប័ណ្ណ​
 ​ បោះឆ្នោត​
  ​គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com