ជាតិ
និស្សិត​កម្ពុជា ៦​រូប ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​សន្និសីទ​គំរូ​អង្គការសហប្រជាជាតិ​ក្រុង​ប៉េកាំង​
25, May 2017 , 6:06 pm        
រូបភាព
រូបភាព៖ Depeartment of International Studies
រូបភាព៖ Depeartment of International Studies
​ធនាគារ​ចិន (Bank of China) និង​សាកលវិទ្យាល័យ​ការបរទេស​ចិន (China Foreign Affairs University)  បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចំនួន​ប្រាំ​មួយរូប​ដើម្បី​ទៅ​ចូលរួម​សន្និសីទ​គំរូ​អង្គការសហប្រជាជាតិ​ក្រុង​ប៉េកាំង (Beijing International Model United Nations) នៅ​ខែមិថុនា​ខាងមុខ​។



​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចំនួន​ប្រាំ​មួយរូប​ត្រូវបាន​ជ្រើសរើស​ឲ្យ​ទៅ​ចូលរួម​ក្នុង​សន្និសីទ​គំរូ​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ប៉េកាំង ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​ពីថ្ងៃ​ទី ៨ ដល់​ថ្ងៃទី ១១ ខែមិថុនា​ខាងមុខនេះ​។ សាកលវិទ្យាល័យ​ការបរទេស​ចិន (China Foreign Affairs University)  និង ធនាគារ​ចិន​សាខា​ភ្នំពេញ (Bank of China) ជា​អ្នក​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការចូលរួម​របស់​និស្សិត​កម្ពុជា​ទាំង​ប្រាំ​មួយរូប​ក្នុង​សន្និសីទ​នេះ​។

​ក្នុង​កម្មវិធី​ជូន​ដំណើរ​និស្សិត​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥ ឧសភា នាយក​ប្រតិបត្តិ​ធនាគារ​ចិន​សាខា​ភ្នំពេញ​លោក Chen Changjiang បាន​អបអរសាទរ​ដល់​និស្សិត​ទាំង​ប្រាំ​មួយរូប​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​សន្និសីទ​គំរូ​ដ៏​សំខាន់​នេះ​។


                           (នាយកប្រតិបត្តិធនាគារចិនសាខាភ្នំពេញ លោក Chen Changjiang )

​និស្សិត​ទាំង​ប្រាំមួយ​រូបតំណាង​ឲ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​នឹងចូលរួម​សន្និសីទ​គំរូ​អង្គការសហប្រជាជាតិ​នេះ​មានដូចជា និស្សិត ចាន់​ភិ​រុន​,​និស្សិត ចាន់ ពិ​ទូ​, និស្សិត គីម ការី​ន​ណា​, និស្សិត ប៉ូរា ស៊ុន​ហ្សូ​លី​ណែ​ត​, និស្សិត ស៊ុន សិទ្ធិគុណ និង​និស្សិត ម៉ុម សុត្ថា​វ​ត្តី​។

​លោក Chen Changjiang សង្ឃឹមថា ការជួយឧបត្ថម្ភ​ដល់​និស្សិត​កម្ពុជា​នេះ​ជាការ​ចូលរួមចំណែក​លើ​ក​ស្ទួយ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​ចិន ក៏ដូចជា​លើកស្ទួយ​ការពង្រឹង​ទំនាក់ទំនង​និង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​រវាង​ប្រទេស​ទាំងពីរ​។ លោក​បន្ថែមថា វា​ក៏​នឹងចូលរួម​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា ដើម្បី​ការអភិវឌ្ឍ​យូរអង្វែងផងដែរ​។

​ដោយឡែក ក្នុងឱកាស​នោះដែរ លោក សោម រតនា សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ចិន ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​កម្ពុជា​-​ចិន និង​នឹង​ចូល​អភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​ការគាំទ្រ​ឲ្យ​និស្សិត​កម្ពុជា​ទៅ​ចូលរួម​កម្មវិធី​ដ៏​សំខាន់​នៅ​ចិន​នេះ​។

​លោក​បន្តថា វា​ជា​កិច្ចសហប្រតិបត្តិការ​ល​ក្ខ​ណៈ​មិត្តភាព​លើកដំបូង​រវាង​ធនាគារ​ចិន​និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​លោក​សង្ឃឹមថា​នឹងមាន​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​ជាច្រើន​នៅពេល​ខាងមុខ​។​

​ឆ្លៀតឱកាស​នេះ​សាល​វិទ្យា​ធិ​ការរង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏បាន​ផ្តាំផ្ញើ​ឲ្យ​និស្សិត​កម្ពុជា​ទាំង​ប្រាំ​មួយរូប​ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ចែករម្លែក​ចំណេះដឹង​ដែល​ខ្លួន​មាន និង​ប្រឹងប្រែង​រៀនសូត្រ​យកចំណេះ​ដឹង​ថ្មី​ពី​ការចូលរួម​ក្នុង​កម្មវិធី​ដ៏​សំខាន់​នេះ​។​


                                 (កញ្ញា ប៉ូរា ស៊ុន​ហ្សូ​លី​ណែ​ត នៅលេខរៀងទីបី​រាប់​ពី​ស្តាំ) 

​ចំណែក តំណាង​និស្សិត​ទាំង​ប្រាំ​មួយរូប កញ្ញា ប៉ូរា ស៊ុន​ហ្សូ​លី​ណែ​ត ដែលជា​និស្សិត​ឆ្នាំ​ទី​បី​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កញ្ញា​មាន​អារម្មណ៍​រីករាយ​ក្នុងនាម​ជា​បេក្ខជន​មួយរូប​ដែលមាន​ឱកាស​ចូលរួម​សន្និសីទ​អន្តរជាតិ​ដ៏​សំខាន់​នេះ​។ ជា​តំណាង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​តំណាង​ឲ្យ​និស្សិត​កម្ពុជា​ផង កញ្ញា​រំពឹងថា ការចូលរួម​ក្នុង​សន្និសីទ​នេះ​នឹង​ផ្តល់​មានឱកាស​ជជែក​ពិភាក្សា​ជាមួយ​និស្សិត​ផ្សេងទៀត​ពី​បញ្ហា​ប្រឈម​ជាក់ស្តែង​របស់​ពិភពលោក និង​រៀនសូត្រ​បាន​ច្រើន​ពី​នីតិវីធី​ក្នុង​កិច្ចប្រជុំ ក៏ដូចជា​ពង្រឹងសមត្ថភាព​ថ្លែង​សុន្ទរកថា និង​និយាយ​ជា​សាធារណៈ​ជាដើម​ផង​។​

​សូម​ស្តាប់ការសម្ភាសរវាងលោក សៅ ផលនិស្ស័យ និងកញ្ញា ប៉ូរា ស៊ុន​ហ្សូ​លី​ណែ​ត ៖

 





Tag:
 Bank of China
  សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com