ជាតិ
LDP មិនត្រូវ​ការបង្កើត​យុទ្ធ​សាស្ត្រ​ឬ​គោលនយោបាយ​ថ្មី ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​ឡើយ​
26, May 2017 , 3:02 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់តាំងពី​បង្កើត​ក្នុង​ឆ្នាំ​២00៥ រហូតមកដល់​ពេលនេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) នៅតែមាន​លក្ខណៈ​ដដែល ដោយ​មិនត្រូវ​ការផ្លាស់ប្តូ​រគោល​ជំហរ ឬក៏​បង្កើត​គោលនយោបាយ​ថ្មី ឡើយ​។ ដូច្នេះ ការបោះឆ្នោត​ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ មិនបាន​ជំរុញ​ឲ្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បង្កើត​គោលនយោបាយ​ថ្មី ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ នោះទេ​។ កិច្ចការ​សំខាន់បំផុត ដែល​ថ្នាក់ដឹកនាំ រួមទាំង​អ្នកគាំទ្រ​គណបក្ស​នេះ នៅតែ​យល់ថា​ត្រូវធ្វើ​មុនគេ គឺ​បំបែក «​អំណាច​ប្រមូលផ្តុំ​»​។



​ក្នុងចំណោម​គណបក្ស​ទាំង​១២ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហាក់​មាន​លក្ខណៈ​ខុសប្លែក​ពី​គេ​។ ចំណុច​ខុសប្លែក​ពី​គេ ដែល​ចង់​សំដៅ​ក្នុង​ទីនេះ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មិនបាន​បង្កើត​គោលនយោបាយ ដើម្បី​យកទៅ​ឃោសនា សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឡើយ​។ 

​នៅក្នុង​យុទ្ធនាការ​នៃ​ការឃោសនា ដែល​កំពុងតែ​ដំណើការ​នាពេលនេះ គណបក្ស​នានា សុទ្ធ​តែមាន​គោលនយោបាយ​រៀងៗ​ខ្លួន ដើម្បី​យកទៅ​ផ្សព្វផ្សាយ ក្នុង​គោលបំណង​ស្វែងរក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ ប៉ុន្តែ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែលមាន​រូប​ជួង​ជា​សញ្ញា​សម្គាល់ បែរជា​ប្រកាសថា ខ្លួន មិនបាន​បង្កើត​គោលនយោបាយ​ថ្មី ឬក៏​មាន​វិធានការ​អ្វី ដើម្បី​យកទៅ​ទាក់ទាញ​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ នោះទេ​។

​នៅ​ចំពោះមុខ​អ្នកគាំទ្រ ដែល​មិនតិចជាង​ខ្ទង់ពាន់​នាក់ ក្នុង​ពិធី​ក្បួន​ឃោសនាបោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២0១៧ នេះ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ឡើង​ពន្យល់​ម្តងទៀត អំពី​បញ្ហា​ខាងលើ​។  ថ្លែង​មុន​ក្បួន​ឃោសនា ចាប់ផ្តើម​ដង្ហែ លោក ខឹម វាសនា បាន​លើកឡើងថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ  ធ្វើ​នយោបាយ ក្នុង​បុព្វហេតុ​ជួយ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ ដូច្នេះ មិនត្រូវ​ការបង្កើត​គោលនយោបាយ​ថ្មី យកទៅ​ទាក់​សន្លឹក ឡើយ​។ 



​ប្រធាន​បក្ស​ជួង​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​អ៊ីចឹង បាន​ខ្ញុំ​ចេះតែ​សង្កត់ធ្ងន់ ឲ្យ​អ្នកកាសែត​ភ្ញាក់ខ្លួន កុំ​ឲ្យ​សួរ​ខ្ញុំ​ថា តើ​ក្នុង​យុទ្ធនា​ការឃោសនា​នេះ គណបក្ស​លោក មាន​វិធានការ​អ្វី មាន​គោលនយោបាយ​អ្វី ដើម្បី​ទាក់​យក​សំឡេង​របស់​អ្នកគាំទ្រ​?​។ ខ្ញុំ​ថា រឿង​ទាំងអស់គ្នា​។ ខ្ញុំ គ្មាន​ទាក់​យក​សំឡេង​អ្នកគាំទ្រ​អ្វី​ទេ​។ ដកអារម្មណ៍ ឬ​ការយល់ឃើញ​របស់​អ្នក ថា​គ្រប់​អ្នកនយោបាយ ធ្វើ​នយោបាយ សុទ្ធតែ​ចង់បាន​ប្រយោជន៍​ផ្ទាល់ខ្លួន ចេញ​សិន​ទៅ​។ បើ​អ្នក​ជាប់​ជាមួយ​គំនិត​បែប​ហ្នឹង អ្នក​ស្ទង់​មិនត្រូវ​ដួងចិត្ត​របស់​ចលនា​សម្ព័ន្ធ ដែល​ផ្តើមចេញពី​ផលប្រយោជន៍​ទាំងអស់គ្នា ឡើយ​»​។

​ទោះជា​មិនបាន​សរសេរ​ពី​គោលនយោបាយ​សម្រាប់​ឃុំ​-​សង្កាត់ ក៏ពិតមែន ប៉ុន្តែ លោក ខឹម វាសនា ធ្លាប់​លើកឡើង​នូវ​គោលការណ៍​២​ចំណុច ដែល​បេក្ខជន​របស់ខ្លួន នឹង​ប្រកាន់ខ្ជាប់​ឲ្យ​បាន ប្រសិនបើ​ជាប់ឆ្នោត​ជា​មេឃុំ​-​ចៅសង្កាត់ ឬក៏​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ គោលការណ៍​ទាំង​២​នោះ គឺ ការបំពេញ​ការងារ​ក្នុងនាម​ជា​មេឃុំ​-​ចៅសង្កាត់ ឬ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឲ្យ​គ្រប់ពេលវេលា ដែល​ច្បាប់​បានកំណត់ និង​ការមិន​ប្រព្រឹត្ត​អំពើពុករលួយ​។

​លើសពីនេះ​ទៀត គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏បាន​បង្កើត​ពាក្យស្លោក​ខ្លះៗ​ផងដែរ សម្រាប់​ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​។ ពាក្យស្លោក​ទាំងនោះ មានដូចជា «​មេឃុំ​សម្ព័ន្ធ បោះ​ដោយ​យើង ទម្លាក់​ដោយ​យើង​» និង «​មេឃុំ​សម្ព័ន្ធ​របស់​យើង ដើម្បី​ពួកយើង​ទាំងអស់គ្នា​» ជាដើម​។

​ថ្វី​ដ្បិត​ពេលនេះ ស្ថិតក្នុង​ដំណាក់កាល​នៃ​ការឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់​ក្តី គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅតែ​ផ្តោតអារម្មណ៍ និង​និយាយ​ពី​យន្តការ​៨​ចំណុច ដដែល​។ មូលហេតុ​នោះ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ យល់ថា បញ្ហា​ចម្បង​នៅ​ប្រទេស​កម្ពុជា គឺ «​អំណាច​ប្រមូលផ្តុំ​» ដែល​សំដៅលើ អំណាច​គ្រប់យ៉ាង​ស្ថិតក្នុង​ដៃ​របស់​នាយករដ្ឋមន្ត្រី និង​អ្នកដឹកនាំ​ប្រទេសជាតិ​។ ចំណែក អាវុធ ដើម្បី​បំបែក «​អំណាច​ប្រមូលផ្តុំ​» គឺ​ការដាក់​យន្តការ​៨​ចំណុច ចូលទៅក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​។ ទាំងនេះ គឺជាការពន្យល់របស់លោក ខឹម វាសនា កន្លងមក។

​យោងតាម​សៀវភៅ​ស្តីពី​គោលនយោបាយ​របស់​គណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ យន្តការ​៨​ចំណុច រួមមាន ត្រូវ​កំណត់​ឲ្យ​នាយករដ្ឋមន្ត្រី អាច​កាន់តំណែង​បានត្រឹមតែ​២​អាណត្តិ​, មិនត្រូវ​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី បង្កើត​ក្រុម​អង្គរក្ស​ដោយ​ខ្លួនឯង​, នាយករដ្ឋមន្ត្រី​ត្រូវ​រស់នៅក្នុង​គេហដ្ឋាន ដែល​រៀបចំ​ដោយ​រដ្ឋ​, ត្រូវបង្កើត​តុលាការ​រដ្ឋបាល​, ត្រូវសុំ​ការ​ទុក​ចិ​ត្ដ​ពី​សភា​សម្រាប់​ឋានន្ដរសក្ដិ​ចាប់ពី​ថ្នាក់ឧត្ដម​សេនីយ៍​ឡើងទៅ​, អ​ព្យា​ក្រឹត្យ​មន្ដ្រីរាជការ​, បោះឆ្នោត​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ​ក្នុងការ​ជ្រើសរើស និង​ទម្លាក់​តំណាង​ចាប់ពី​ថ្នាក់ឃុំ​-​សង្កាត់ ស្រុក​-​ខណ្ឌ ខេត្ដ រាជធានី និង​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​ឯក​ត្ដ​នាម ក្នុងការ​ជ្រើសរើស​តំណាងរាស្ដ្រ​៕





Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  LDP
© រក្សាសិទ្ធិដោយ thmeythmey.com