កីឡាជាតិ
ជាតិ
បឹងកេតបន្តចាញ់ភ្នំពេញក្រោននៅជើងទីពីរ មុនទៅជួប Warriors FC ក្នុងវគ្គជម្រុះ Singapore Cup
× ក្រុមបឹងកេតបានបន្តចាញ់ក្រុមភ្នំពេញក្រោន ២-១ បន្ថែមលើការចាញ់ ៤-០ កាលពីជើងទី១ សម្រាប់ការវិលមកជួបគ្នាជាលើកទី២ក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ កាលល្ងាចថ្ងៃទី២៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិ។ ក្រុមបឹងកេតនឹងចាកចេញពីកម្ពុជានៅថ្ងៃស្អែក ដើម្បីជួបប្រកួតជាមួយក្រុម Warriors FC ក្នុងវគ្គជម្រុះពានរង្វាន់ RHB Singapore Cup នៅប្រទេសសិង្ហបុរីនាថ្ងៃទី២៩ ខែឧសភា។
សម្រាប់ការប្រកួតដ៏ស្វិតស្វាញនៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ កីឡាករ ស៊ិន កក្កដា បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យភ្នំពេញក្រោននៅនាទីទី១៥ ក្រោមការលើកបាល់ចេញពីជ្រុងរបស់កីឡាករ កែវ សុខផេង។ ខ្សែការពារ ទូច បញ្ចរុង ត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទី៣០ក្រោយធ្វើឲ្យកីឡាករ ប្រាក់ ធីវ៉ា ដួលទាំងជំហរ។ ការពិន័យនេះបានធ្វើឲ្យ ទូច បញ្ចរុង ខឹងយ៉ាងខ្លាំង ហើយបានប្រើក្បាលទៅទង្គិចមុខអាជ្ញាកណ្តាលចំនួន២ដងធ្វើឲ្យអាជ្ញាកណ្តាលដួលនៅលើទីលានតែម្តង។
ក្រោយការប៉ះទង្គិចមិនយូរប៉ុន្មានផង កីឡាករ កែវ សុខផេង បានសម្រេចគ្រាប់ទី២ឲ្យភ្នំពេញក្រោននាំមុខ ២-០ នៅនាទី ទី៣៣ មុនកីឡាករ Omogba រកគ្រាប់បាល់តាមពីក្រោយ ២-១ ឲ្យបឹងកេតនៅនាទីទី៣៦មុនបញ្ចប់តង់ទី១។ ការបាត់បង់សមាជិកម្នាក់របស់បឹងកេតបានផ្តល់ឱកាសឲ្យក្រុមភ្នំពេញក្រោន វាយសម្រុកយ៉ាងខ្លាំង ដើម្បីដាក់សម្ពាធមកលើបឹងកេត។ តែយ៉ាងណា ក្រុមបឹងកេតដែលមានសមាជិកតែ១០នាក់បានទប់ស្កាត់មិនឲ្យមានការស៊ុតបញ្ចូលទីពីភ្នំពេញក្រោនបានយ៉ាងល្អ រហូតចប់វគ្គទី២ដោយរក្សាលទ្ធផល ២-១។
ការបរាជ័យនេះ មានន័យថា បឹងកេតមិនអាចស្វែងរកជ័យជម្នះនៅលើទឹកដីរបស់ខ្លួន ដើម្បីធ្វើកាដូលើកទឹកចិត្តសម្រាប់ក្រុមមុនថ្ងៃប្រជែងជាមួយក្រុម Warriors FC របស់សិង្ហបុរីនោះឡើយ។ បឹងកេតត្រូវជួបប្រកួតជាមួយក្រុម Warriors FC ក្នុងវគ្គជម្រុះពានរង្វាន់ RHB Singapore Cup ឆ្នាំ២០១៧ នាថ្ងៃទី២៩ ខែឧសភា នៅកីឡដ្ឋាន Chao Chu Kang Stadium ប្រទេសិង្ហបុរី៕
Tag:
Cambodian League 2017
បឹងកេត
ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com