ជាតិ
គ​.​ជ​.​ប ទទួលបាន​អ្នកសង្កេតការ​បោះឆ្នោត​ជាង ១៥.៦ ម៉ឺន​នាក់​ហើយ​
26, May 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ អង្គការ​ជាតិ​-​អន្តរជាតិ និង​ស្ថានទូត​នានា  រួមទាំង​គណបក្សនយោបាយ បាន​បញ្ជូន​ឈ្មោះ​អ្នកសង្កេតការ​បោះឆ្នោត​ជាង ១៥.៦ ម៉ឺន​នាក់​ហើយ ទៅកាន់​គ​.​ជ​.​ប​។



​អង្គការ​ជាតិ​ចំនួន​១៤  រួមទាំង​អង្គការ​អន្តរជាតិ​និង​ស្ថានទូត​នានា​ចំនួន​១៧ បាន​បញ្ជូន​សំណើ​ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​សុំ​ដាក់​អ្នកសង្កេតការណ៍ ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ អង្គការ​ជាតិ​ទាំង​១៤ មាន​អ្នកសង្កេតការណ៍​ជាង ៥.៦ ម៉ឺន​នាក់ ហើយ​អង្គការ​អន្តរជាតិ​និង​ស្ថានទូត​ទាំង​១៧ មាន​អ្នកសង្កេតការ តែ​៩៤​នាក់ ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២0១៧​។​

​ចំណែក គណបក្សនយោបាយ​ទាំង​១២ ដែល​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ ក៏បាន​បញ្ជូន​សំណើ​ទៅកាន់ គ​.​ជ​.​ប រួចហើយ​ដែរ ដើម្បី​សុំ​ដាក់​អ្នកសង្កេតការណ៍ ឲ្យ​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​។ គណបក្ស​ទាំង​១២ គឺ  គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​អំណាច​ខ្មែរ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ដែល​បានចេញ​ផ្សាយ​កន្លងមក បាន​ឲ្យ​ដឹងថា គណបក្ស​ទាំង​១២ មាន​អ្នកសង្កេតការណ៍ ជាង​១០​ម៉ឺន​នាក់​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ដដែល បាន​ឲ្យ​ដឹង​ទៀតថា គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នកសង្កេតការណ៍​ជាង ៤​ម៉ឺន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​អ្នកសង្កេតការណ៍​ជាង ៤​ម៉ឺន​នាក់ ដែរ​។

​ផ្អែកលើ​តួលេខ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ក្នុងចំណោម​គណបក្សនយោបាយ​ទាំង​១២ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ដែល​បាន​ត្រៀម​អ្នកសង្កេតការណ៍​ច្រើនជាងគេ និង​មានលទ្ធភាព ដើម្បី​ដាក់ពង្រាយ​អ្នកសង្កេតការណ៍ នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត នៅ​ទូទាំងប្រទេស​កម្ពុជា​៕


Tag:
 បោះឆ្នោត​
  គជប​
  អ្នក​ស​ង្កេ​ការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com