ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្វែងយល់​ពី​អត្ថន័យ​នៃ​ពិធីបុណ្យ​រ៉​ម៉ា​ឌន​ក្នុង​សាសនា​ឥស្លាម​
27, May 2017 , 9:39 am        
រូបភាព
សៀមរាប​៖ បុណ្យ​រ៉​ម៉ា​ឌន ជា​ពិធីបុណ្យ​មួយ​ក្នុង​សាសនា​ឥស្លាម​។ ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ ឡើងជា​រៀងរាល់ឆ្នាំ ហើយ​ដែល​ត្រូវបាន​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក​អនុវត្តន៍​។ ខែ​រ៉​ម៉ា​ឌន ឬ​ខ្មែរ​យើង​និយម​ហៅ «​បួស​» មាន​អត្ថន័យ​ជ្រៅជ្រះ​នៅក្នុង​សហគមន៍​ឥស្លាម ព្រោះ​គេ​ជឿ​លើ រាល់​ផល​បុណ្យ​ក្នុង​ខែ​នេះ គឺ​ទទួលបាន​ទ្វេដង​ជាង​ផល​បុណ្យ​ក្នុង ដែល​សាសនិក​ឥស្លាម​ធ្វើ​នៅក្នុង​ខែ​ផ្សេងៗ​។​



​តើ​បុណ្យ​ខែ​រ៉​ម៉ា​ឌន​មាន​អត្ថន័យ​បែបណា​? តើ​សាសនិក​ឥស្លាម​នឹង​ទទួលបាន​អ្វីខ្លះ​ពី​បុណ្យ មួយ​នេះ​? សូម​អាន​បទ​សម្ភាស​ខ្លី រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោកគ្រូ ម៉ូ​ហា​ម៉ាត់ អា​ប៊ូ​បា​កើត ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សាសនា​វិទ្យា​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ឥស្លាម​ម៉ា​ឌី​ណះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​


​អ៊ី​សា រ៉​ហា​នី​៖ ជាដំបូង​ចង់​ឲ្យ​លោកគ្រូ ជួយ​ពន្យល់​ឲ្យ​ពិ​សា្ដរ​អំពី​អត្ថន័យ​នៃ​ពាក្យ​រ៉​ម៉ា​ឌន ឬ​គេ​តែង​ហៅ​ជាទូទៅ​ថា​ខែ​បួស តើ​វា​មាន​អត្ថន័យ​បែបណា​?

​ម៉ូ​ហា​ម៉ាត់ អា​ប៊ូ​បា​កើត​៖ តាមពិត​ពាក្យ​ថា​បួស​ក្នុង​សាសនា​ឥស្លាម គឺជា​ការ​អំណត់​តម​អាហារ តម​ការហូប​ទាំងអស់ រួមទាំង​ទឹក​ផង ចាប់ពីមុន​ថ្ងៃ​រះបន្តិច (ម៉ោងនៅសៀមរាប ៤និង២០នាទី) ​រហូតដល់​ថ្ងៃ​លិច (នៅសៀមរាបម៉ោង ៦និង៣០នាទី) ពេលវេលានេះប្រែប្រួលទៅតាមតំបន់​។ ដូច្នេះ​អត្ថន័យ​នៃ​ពាក្យ បួស​នេះ គឺ​កា​រត​មហូប​នៅពេល​ថ្ងៃ និង​ការរួម​ដំណេក​ជាមួយ​ប្រពន្ធ​នៅពេល​ថ្ងៃ​។ ហើយ​ចាប់​ពីថ្ងៃ​លិចទៅ ទើប​គេ​អនុញ្ញាត​ឲ្យ​យើង​បាន​ហូប និង​រួមដំណេក​ដូច​ធម្មតា​វិញ​។ ការ​បួស​នេះដែរ កន្លងមក​ធ្លាប់​មានការ​លើកឡើងថា អំឡុងពេល​បួស​មិន​ឲ្យ​លេបទឹកមាត់ តាមពិត​នេះ​ជាការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​តែប៉ុណ្ណោះ​។​

​អ៊ី​សា រ៉​ហា​នី​៖ 
តើ​ហេតុអ្វី​បាន​សាសនា​ឥស្លាម​បង្គាប់​ឲ្យ​មានការ​បួស​បែបនេះ​?
​ម៉ូ​ហា​ម៉ាត់ អា​ប៊ូ​បា​កើត​៖  ការ​បួស​នេះ​ជា​កាតព្វកិច្ច​ដែល​ព្រះ​ជា​ម្ចាស់ (​អ​ល់​ឡោះ​=Allah) បានដាក់​កាតព្វកិច្ច​ទៅលើ​សាសនិក​ឥស្លាម អ្នក​ដែលមាន​ជំនឿ​លើ​សាសនា​ឥស្លាម គឺ​ត្រូវ​បួស​។ ដូចដែល​ព្យា​ការី​ម៉ូ​ហា​ម៉ាត់​បាន​ប្រាប់​មក​ថា សាសនា​ឥស្លាម​ត្រូវបាន​គេ​ស្ថាបនា​ឡើង​ដោយ​៥​ប្រការ ហើយ​មួយ​ក្នុងចំណោម​៥​ប្រការ​នោះ​ហើយ គឺ​បួស​ក្នុង​ខែ​រ៉​ម៉ា​ឌន​។ សាសនា​ឥស្លាម​ត្រូវបាន​គេ​ស្ថាបនា​ឡើង​ដោយ​៥​ប្រការ​។ ទីមួយ គឺ​ទទួលស្គាល់ថា ព្រះ​អ​ល់​ឡោះ​ជា​ព្រះ​ជា​ម្ចាស់ ហើយ​ម៉ូ​ហា​ម៉ាត់​ជា​ព្យា​ការី ឬ​អ្នក​នាំសារ​របស់​ព្រះ​។ ទី​ពីរ គឺ​ការ​បញ្ឈរ​ការថ្វាយ​បង្គំ​មួយថ្ងៃ​មួយ​យប់​៥​ដង​។ ទី​បី ដក​វិភាគទាន (​មាសដល់កំណត់ដោយមិនយកប្រើប្រាស់អ្វីទាំងអស់ ចាប់ពី២ដំឡឹង ២ជី និង៦ហុន គឺតម្រូវឲ្យដកចំនួន ២.៥% ឬចែកនឹង៤០)  ត្រូវ​បរិច្ចាគ​ទៅ​ឲ្យ​អ្នកក្រីក្រ ក្មេង​កំព្រា​។​ល​។ ទី​បួន គឺ​បួស​ក្នុង​ខែ​រ៉​ម៉ា​ឌន​។ និង​ទី​ប្រាំ គឺ​ការបំពេញ​ហា​ជ្ជី ឬ​ធម្ម​យាត្រា តាម​សាសនា​ឥស្លាម​នៅ​ទីក្រុង​ម៉ា​កះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​៕ 

​អ៊ី​សា រ៉​ហា​នី​៖
ក្នុង​មួយឆ្នាំ តើ​គេ​កំណត់​យក​ថ្ងៃខែ​ឆ្នាំ​ណា​សម្រាប់​ចូល​បួស​?
​ម៉ូ​ហា​ម៉ាត់ អា​ប៊ូ​បា​កើត​៖ បួស​គឺ​រយៈពេល​មួយខែ​ពេញ​ក្នុង​ខែ​រ៉​ម៉ា​ឌន ហើយ​ស្ថិតក្នុង​ខែ​៩  ក្នុង​ប្រតិទិន​សាសនា​ឥស្លាម​។ នៅ​ឆ្នាំ​២០១៧​នេះ ខែ​បួស​អាច​នឹង​ចំ​ថ្ងៃទី​២៦ ឬ​២៧ ខែឧសភា តាម​យើង​មើល​ខែ​។​

​អ៊ី​សា រ៉​ហា​នី​៖ តើ​ការ​បួស​សម្រាប់​មនុស្ស​ទូ​ទៅ ឬក៏​មានការ​កំណត់​អាយុ ឬ​ប្រភេទ​មនុស្ស​ដែរ​ទេ​?
​ម៉ូ​ហា​ម៉ាត់ អា​ប៊ូ​បា​កើត​៖ ពិតណាស់ សម្រាប់​ក្មេង​គេ​កំណត់​ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើងទៅ ទាំងស្រី​ទាំងប្រុស ទាំង​មាន​ទាំង​ក្រ តែ​លើកលែង​សម្រាប់​អ្នកមាន​ជំងឺ អ្នកធ្វើដំណើរ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មាន​រដូវ និង​ស្ត្រី​ក្រោយ​សម្រាលកូន​៤០​ថ្ងៃ​ដែល​មិនទាន់​ជ្រះ​ស្អាត​ពី​ឈាម គឺ​គេ​អនុញ្ញាត ឲ្យ​ហូបបាយ​ក្នុង​ខែ​បួស ប៉ុន្តែ​ពួកគេ​ត្រូវ​បួស​សង​ជំនួស​វិញ​បន្ទាប់ពី​ខែ​បួស​បញ្ចប់​។ សម្រាប់​អ្នក​គ្មាន​សតិបញ្ញា​គ្រប់គ្រាន់ គឺ​ត្រូវបាន​លើកលែង​ទាំងស្រុង ដោយ​មិនចាំបាច់​បួស ឡើយ​។​

​អ៊ី​សា រ៉​ហា​នី​៖ តើ​ការ​បួស​នេះ មាន​សារប្រយោជន៍ ឬ​ផល​បុណ្យ​កម្រិតណា​ដែរ​ក្នុង​សាសនា ឥស្លាម​?
​ម៉ូ​ហា​ម៉ាត់ អា​ប៊ូ​បា​កើត​៖ ក្នុង​សាសនា​ឥស្លាម ការ​បួស​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​មែនទែន​។ ការ​បួស ទទួលបាន​ផល​បុណ្យ​ពី​អ​ល់​ឡោះ​ធំធេង ដែល​យើង​មិនអាច​ដឹងបាន ព្រោះថា​ការ​បួស​នេះ មានតែ​បុគ្គល​យើង​ខ្លួនឯង និង​ព្រះ​តែប៉ុណ្ណោះ​ដែល​ដឹង​។ ការ​បួស​នេះ​ជា​មេរៀន​សម្រាប់​លត់​ដុំ​ខ្លួន​យើង នៅពេលដែល​យើង​មាន​បញ្ហា ភាព​ស្រេកឃ្លាន ហើយ​ត្រូវ​អរគុណ​ចំពោះ​ចំណីអាហារ ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​។ ការ​បួស​នេះ​ទៀតសោត ចង់​ឲ្យ​យើង​ចេះ​អត់ធ្មត់​នៅពេល​យើង​ស្រេកឃ្លាន ហើយ​ឲ្យ​យើង​លះបង់​នូវ​ប្រការ​ទាំងឡាយ ដែល​ព្រះ​បាន​ហាមឃាត់​។ ការ​បួស​នេះ ក៏​ចង់​ឲ្យ​អ្នកមាន​ដែល​ពួកគេ​មាន​ចំណីអាហារ​ហូប​គ្រប់គ្រាន់ ដូច្នេះ​នៅពេល​ពួកគាត់​បួស គឺ​បានដឹង​ពី​អារម្មណ៍​នេះ ហើយ​នេះ​ជា​ពេលដែល​ពួកគាត់​នឹកឃើញ​ដល់​អ្នកក្រីក្រ ដែល​ហូប​មិន​ឆ្អែត​។

​បើ​និយាយ​តាម​ក្បួន​ពេទ្យ​វិញ ការ​បួស​នេះ​ក៏​ជា​ពេលវេលា​មួយ​ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​មាន​ពេល​សម្រាក និង​ធ្វើ​ឲ្យ​យើង​បាត់​ចំណង់តណ្ហា​ផ្សេងៗ មានន័យថា យើង​គ្មាន​ចង់បាន​អ្វី​ទៀត​ទេ គ្មាន​គិត​ឃើញ​អ្វី​ទៀត​ទេ ទោះ​មនុស្ស​នោះ​ខ្លាំងពូកែ អ្នក​ដែល​ច្រឡោត ពេលដែល​បាន​បួស​គឺ​ខ្សោយ ហើយ​ត្រូវ​បន្ទាបខ្លួន​ទៅ​ចំពោះ​អ​ល់​ឡោះ ដែលជា​អ្នក​ដាក់​កាតព្វកិច្ច​មក​ចំពោះ​យើង​៕


© រក្សាសិទ្ធិដោយ thmeythmey.com