ជាតិ
សុវត្តិភាព ចរាចរណ៍
ចាប់ពីដើមខែមក មនុស្ស ៩៨នាក់ស្លាប់ និងរបួស ៣៤៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍
× ភ្នំពេញ៖ មនុស្សចំនួន ៩៨នាក់ស្លាប់ និងរបួស ៣៤៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ២១៩លើក នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១ ឧសភា ដល់ ២៦ ឧសភា។ នេះបើតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៦ ឧសភានេះ គិតចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ ២៦ ខែឧសភា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២១៩ លើក នៅទូទាំងប្រទេស។ គ្រោះថ្នាក់ចរាចរណ៍ទាំង២១៩ លើកនេះ បានបណ្ដាលឲ្យមនុស្សចំនួន ៩៨នាក់ស្លាប់ និងរងរបួសសរុប ៣៤៥នាក់ ក្នុងនោះ របួសធ្ងន់ចំនួន ២៣៣នាក់ និងរងរបួសស្រាល ចំនួន ១១២នាក់។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២១៩ លើក ធ្វើឲ្យខូចខាតយានយន្តចំនួន ៣៨៣គ្រឿង ក្នុងនោះ មានម៉ូតូចំនួន ២២០គ្រឿង រថយន្តតូច ៩៣គ្រឿង រថយន្តធំ ៥១គ្រឿង និងយានយន្តផ្សេងៗ ១៩គ្រឿង។ មូលហេតុដែលបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ កត្តាយានយន្ត ងងុយដេក ស្រវឹង ប្រជែងគ្នា និងមិនគោរពសិទ្ធិបើកបរ។
របាយការណ៍ដដែល បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងភាគច្រើននៅតាមរាជធានី-ខេត្ត មួយចំនួនរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ បាត់ដំបង កណ្ដាល ពោធិ៍សាត់ កំពង់ចាម បន្ទាយមានជ័យ និងត្បូងឃ្មុំ។ នេះបើតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com