កីឡាអន្តរជាតិ
អន្តរជាតិ
ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup អាចជា​ការដឹកនាំ​ចុងក្រោយ​របស់ Wenger នៅ Arsenal? ​
27, May 2017 , 2:59 pm        
រូបភាព
លោក Arsene Wenger  មិនទាន់​ប្រាកដ​ពី​អនាគត​របស់លោក នៅក្រោយ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup ថា​ជាការ​ប្រកួត​ចុងក្រោយ​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Arsenal  ឬ​យ៉ាងណា​នោះទេ​។​



ក្រុម​កាំភ្លើង​ធំ Arsenal នៅមាន​ភារកិច្ច​សំខាន់​មួយ​ប្រកួត​ទៀត​ជាមួយ​តោ​ខៀវ Chelsea នា​ការប្រកួត​ដណ្តើមពាន FA Cup ដែលជា​ពាន​លំដាប់​ទី​២ បន្ទាប់ពី Premier League នា​ថ្ងៃ​សៅរ៍​ទី​២៧ នេះ នៅ​កីឡដ្ឋាន Wembley វេលា​ម៉ោង​១១:៣០​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។ បណ្តាញ​ព័ត៌មាន​ជាច្រើន​បានដាក់​សម្ពាធ​ថា នេះ​អាចជា​ការប្រកួត​លើកចុងក្រោយ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង វ័យ​៦៧​ឆ្នាំ ប្រសិនបើ​មិនអាច​ជួយ Arsenal លើក​ពាន FA Cup បានទេ ខណៈដែល​អ្នកគាំទ្រ​ក៏​កំពុង​ទាមទារ​ឲ្យ​រូបលោក​ចាកចេញ​ផងដែរ​នោះ​។​

សម្រាប់​ការដឹកនាំ​របស់ Wenger នៅ​រដូវ​កាល​នេះ Arsenal មិនទាន់​ស្គាល់​ពាន​ណាមួយ​នៅឡើយ​ទេ និង​ថែមទាំង​មិនមាន​កៅអី​នៅ UEFA Champion League នា​រដូវ​កាល​ក្រោយ​ទៀតផង ក្រោយ​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៥​នៃ​តារាង Premier League​។​

Wenger បាន​ចូលមក​ដឹកនាំ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​នេះ អស់​រយៈពេល​២១​ឆ្នាំ​មកហើយ ពោលគឺ​ចាប់តាំងពី​លោក​បាន​ចាក​ចេញពី​ក្រុម​ក្នុង​លី​ក​កំពូល​ជប៉ុន Nagoya Grampus Eight កាលពី​ឆ្នាំ​១៩៩៦​។​

អតីត​អ្នកចាត់ការ​ក្រុម Monaco និង​Nancy រូបនេះ បាន​ជួយ​ឲ្យ​ក្រុម​ដែលមាន​រហស្សនាម​កាំភ្លើង​ធំ​ឈ្នះ​ជើងឯក Premier League ៣​ដង និង​ពាន FA Cup ៦​ដង​៕


© រក្សាសិទ្ធិដោយ thmeythmey.com