អន្តរជាតិ
បារាំង៖ ល្អាង Cocaliere ដែលមានប្រវត្តិ៣៥លានឆ្នាំ ផ្តល់សេវាកម្មស្នាក់នៅដ៏ពិសេស
× ដើម្បីអបអរខួប៥០ឆ្នាំនៃការបើកជាសាធារណៈ ល្អាង Cocaliere របស់បារាំង ដែលមានប្រវត្តិសាស្ត្រប្រមាណ៣៥លានឆ្នាំ ផ្តល់សេវាកម្មស្នាក់នៅដ៏ពិសេសរហូតដល់ខែវិច្ឆិកា។ បើតាមការផ្សាយរបស់ Le Figaro ការស្នាក់នៅក្នុងល្អាងក្រោមដីជម្រៅ៦០ម៉ែត្រនេះ មានតម្លៃ១២០០អឺរ៉ូ (ជាង១៣០០ដុល្លារអាមេរិក) ក្នុង១យប់សម្រាប់មនុស្ស២នាក់។
ល្អាង Cocaliere ដែលស្ថិតក្នុងឧទ្យានជាតិ Cevennes ចន្លោះតំបន់ Gard និង Ardeche គឺជាល្អាងដ៏ស្រស់ស្អាតជាងគេនៅក្នុងប្រទេសបារាំងទាំងមូល។ ល្អាងប្រវត្តិសាស្ត្រ និងធម្មជាតិនេះ ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវរូងភ្នំ និងបុរេប្រវត្តិប្រចាំតំបន់ Gard-Ardèche (SSPGA) ដោយចាប់ពីឆ្នាំ១៩៥២ មក លោក Christian Bouquet ក្រោមកិច្ចសហការជាមួយលោក André Marti នាំគ្នារៀបចំល្អាងនេះ។
ក្រោយការរៀបចំអស់រយៈជាង១០ឆ្នាំ ល្អាង Cocaliere ត្រូវបានបើកដំណើរការកាលពីឆ្នាំ១៩៦៧ ដោយភ្ញៀវទាំងអស់អាចដើរទស្សនាក្នុងរង្វង់ចម្ងាយ១គីឡូម៉ែត្រ ក្នុងទំហំសរុបប្រមាណ៣០គីឡូម៉ែត្រ។ Le Figaro បានបង្ហាញរបាយការណ៍ថា ក្នុងមួយឆ្នាំៗ ល្អាងដែលមានប្រវត្តិសាស្ត្រ៣៥លានឆ្នាំនេះ ទទួលបានអ្នកទស្សនាជាង១២០ ០០០នាក់ ដោយម្នាក់ៗចំណាយពេលប្រមាណ១ម៉ោងដើម្បីទស្សនាក្នុងល្អាងជម្រៅ៦០ម៉ែត្រពីក្រោមដី និងក្នុងចម្ងាយ១គីឡូម៉ែត្រ។
Cocaliere ត្រូវបានគេប្រសិទ្ធនាមថា «ល្អងពេជ្រ» ផងដែរនោះ មានទស្សនីយភាពធម្មជាតិជាច្រើនដែលត្រូវទស្សនាក្នុងនោះ មានដូចជា និចុតសិលា stalagmites (ថ្មស្តាឡាក់មីតដែលច្រូងច្រាងពីក្រោមឡើងទៅលើ) អាចុតិសិលា Stalactites (ថ្មស្ដាឡាក់ទីតដែលច្រូងច្រាងពីលើចុះក្រោម) ថ្មគ្រីស្តាល់ និងគជ់ខ្យង ជាដើម។
ដើម្បីអបអរខួប៥០ឆ្នាំនៃការបើកជាសាធារណៈ កូនប្រុសរបស់ លោក Christian Bouquet ដែលទទួលសិទ្ធិគ្រប់គ្រងល្អាង បានសម្រេចផ្តល់សេវាកម្មដ៏ពិសេស ដោយក្នុងល្អាងជម្រៅប្រមាណ៦០ម៉ែត្រពីក្រោមដី លោកបានរៀបចំបន្ទប់មួយ ដែលមានមុងរាងពីរ៉ាមីត និងបំពាក់ឧបការណ៍ជាច្រើន។
បន្ទប់តែមួយគត់ដែលបានទំហំ២៥ម៉ែត្រការ៉េ មានគ្រែសម្រាប់មនុស្សពីរនាក់ បំពាក់ដោយអំពូលភ្លើង តុធ្វើការ ស្រាក្រហម រួមទាំងម៉ាស៊ីនឆុងកាហ្វេ Nespresso ជាដើម។ ទោះមិនមានទូរទស្សន៍ ឬ Wi-Fi ដូចសណ្ឋាគារក៏ដោយ ប៉ុន្តែបន្ទប់ដ៏ពិសេសនេះ មាន ការតភ្ជាប់បណ្តាញ Bluetooth, បន្ទប់ទឹក និងទឹកក្តៅ ទឹកត្រជាក់។
ក្នុងតម្លៃ១២០០អឺរ៉ូ (ជាង១៣០០ដុល្លារអាមេរិក) ក្នុង១យប់សម្រាប់មនុស្ស២នាក់ ភ្ញៀវអាចទទួលបានអាហារពេលល្ងាច និងអាហារពេលព្រឹកដែលរៀបចំក្នុងប្រអប់រួចជាស្រេច រួមទាំងមានអ្នករង់ចាំជួយក្នុងករណីមានបញ្ហាបន្ទាន់ណាមួយផងដែរ។ ភ្ញៀវអាចស្នាក់នៅចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១០ព្រឹកនាថ្ងៃបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com