អន្តរជាតិ
ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក​ត្រឡប់​ទៅ​ទទួល​សញ្ញាបត្រ​នៅ Harvard ក្រោយ​បោះបង់​សាលា ១៣​ឆ្នាំ​
27, May 2017 , 8:39 pm        
រូបភាព
ស្ថាបនិក​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក Mark Zuckerberg បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​នៅ​សាកលវិទ្យាល័យ Harvard ក្រោយ​លោក​បោះបង់ចោល​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​នេះ​អស់​រយៈពេល​១៣​ឆ្នាំ​ទៅហើយនោះ​។



«​ម៉ាក់​! ខ្ញុំ​តែងតែ​ប្រាប់​ម៉ាក់​ថា ខ្ញុំ​នឹង​ត្រឡប់​ទៅ​ទទួល​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ Harvard វិញ​»​។ នេះ​ជា​ពាក្យសម្តី​របស់លោក Mark Zuckerberg ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថ្ងៃ ២៥​ឧសភា ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​ជាមួយ​ឪពុកម្តាយ​លោក ក្រោយ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នៅ​សាកលវិទ្យាល័យ Harvard​។

​តាមពិតទៅ លោក Mark Zuckerberg បានទទួល​សញ្ញាបត្រ​នេះ  ក្នុង​រយៈពេល ១៣ ឆ្នាំក្រោយ​ពេលដែល​លោក​សម្រេច​បោះបង់ចោល​កា​រ​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard ដែល​វា​ជា​កន្លែង​ដែល​លោក Mark Zuckerberg ចាប់ផ្តើម​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីល្បាញ​នេះដែរ​។​

​ក្នុងពេល​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិ​ត្ត​យស​ពី​សាកលវិទ្យាល័យ Harvard នេះ លោក Mark Zuckerberg  បានផ្តល់​សុន្ទរកថា​មួយ​ដែរ​ទៅកាន់​និស្សិត​ដែល​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដោយ​លោក​បាន​រម្លឹក​ឡើងវិញ​ពី​អនុស្សាវរីយ៍​ពេល​លោក​សិក្សា​នៅ​ទីនោះ​ជាពិសេស​ពេល​លោក​ទៅ​មើល​បន្ទប់​ដែល​លោក​ធ្លាប់​ស្នាក់នៅ​ឡើងវិញ​។

​ក្រៅពី​រម្លឹក​អនុស្សាវរីយ៍​ចាស់ៗ លោក ក៏បាន​ឆ្លៀតឱកាស​លើកឡើង​ពី​បញ្ហា​វិសមភាព​សង្គម​និង​បញ្ហា​ប្រឈម​ផ្សេងទៀត​ដែល​យុវជន​កំពុង​ប្រឈម ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​សិស្ស​និស្សិត​ទាំងអស់​កុំ​ភ័យខ្លាច​ក្នុងការ​ប្រថុយប្រថាន និង​ហ៊ាន​ចាប់យក​ឱកាស​។​

​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​សង្កត់ធ្ងន់ថា ឱកាស​នានា​សម្រាប់​មនុស្ស​គ្រប់គ្នា​ត្រូវបាន​រារាំង ដោយសារ​កម្រិត​នៃ​វិសមភាព​ទ្រព្យ​ស​ម្បិ​ត្ត​ក្នុងសង្គម ហើយ​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា​នៅក្នុង​សង្គម​រួចទៅហើយ​។​ដូច្នេះហើយ វា​ជា​បញ្ហា​សង្គម​ធំ​បំផុត​មួយ​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com