ជាតិ
ពីនេះ ពីនោះ
មេឃុំថ្មី កុំភ្លេចបំពេញតម្រូវការរាស្ត្រតាមមូលដ្ឋាន!
× មេឃុំថ្មី កុំភ្លេចបំពេញតម្រូវការរាស្ត្រតាមមូលដ្ឋាន!
កំណាព្យបទ ពំនោល
មេឃុំដែលរាស្ត្រប្រាថ្នា ទោះជាប់បក្សណា សន្យាហើយធ្វើឲ្យបាន។
រឿងរាស្ត្រខ្វល់ទាំងប៉ុន្មាន ស្មេររៀបរាប់បាន មិនស្មានមានច្រើនបញ្ហា។
មានខ្លះព្រួយព្រោះហិង្សា ព្រោះហេតុតែស្រា ខ្លះថាព្រោះគ្រឿងញៀនល្បែង។
ឆក់ប្លន់សម្លាប់មានស្តែង មានច្រើនកន្លែង ខ្ញុំថ្លែងមិនបំផ្លើសអី។
មានទាំងរឿងរំលោភស្ត្រី ថែមកុមារី ក្មេងខ្ចីក៏រងគ្រោះដែរ។
ឃុំខ្លះខ្វះទឹកធ្វើស្រែ ប្រឡាយមានដែរ ប៉ុន្តែទឹកទៅមិនដល់។
ស្រុកខ្លះនៅខ្វះផ្លូវថ្នល់ ភ្លៀងខ្លាំងបែកវ៉ល់ ពេលខ្យល់ខែប្រាំងចុះអ័ព្ទ។
សំរាមស្អុយតាមផ្លូវយ៉ាប់ អ្នកភូមិខ្លះប្រាប់ ថាយ៉ាប់ពេលមានជម្ងឺ។
ពឹងហៅពេទ្យធ្វើមិនឮ ព្រោះអីអ្នកឈឺ គេឮថាលុយមិនគ្រប់។
ឈឺថ្កាត់ពេលយប់ព្រលប់ ត្រឹមអង្គុយជ្រប់ ប្រឹងទប់មិនដឹងទៅណា។
ក្មេងខ្លះខ្វះការសិក្សា មានដែរសាលា ខ្លះថាមិនសូវមានគ្រូ។
រឿងខ្លះកើតតាំងពីយូរ រាស្ត្រខ្លះរអ៊ូ តស៊ូមិនឈ្នះក្រីក្រ។
អ្នកស្រែប្រែខ្វះអង្ករ គ្មានទាំងរបរ ត្រាច់ចរចាកចោលភូមិឋាន។
ខ្លះជាប់បំណុលជុំប្រាណ រកស៊ីមិនស្មាន ត្រឹមបានសងការប្រាក់គេ។
ខ្លះជាប់ដល់ការឡើងទ្វេ មិនដឹងរិះរេ សងគេដោយរបៀបណា?
ទាំងនេះសុទ្ធជាបញ្ហា ឈ្នះឆ្នោតឃុំណា មេត្តាស្រាយតាមការគួរ៕
និពន្ធដោយប៉ាកកាខ្មៅ!
© រក្សាសិទ្ធិដោយ thmeythmey.com