ជាតិ
នយោបាយជាតិ
គ.ជ.ប ជួលឧទ្ធម្ភាគចក្រពីរគ្រឿង ទុកដឹកសម្ភារទៅកាន់ការិយាល័យបោះឆ្នោត ក្នុងពេលចាំបាច់ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួលឧទ្ធម្ភាគចក្រ២គ្រឿង ពីក្រុមហ៊ុនមួយ ដើម្បីដឹកជញ្ជូនសម្ភារផ្សេងៗ ទៅកាន់ការិយាល័យបោះឆ្នោត ដែលស្ថិតក្នុងតំបន់ដាច់ស្រយាល។ នេះជាការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។
លោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានថ្មីៗថា ឧទ្ធម្ភាគចក្រទាំង២គ្រឿងនោះ នឹងត្រូវប្រើប្រាស់ក្នុងកាលៈទេសៈសំខាន់ ជាពិសេសការដឹកជញ្ជូនសម្ភារផ្សេងៗ បម្រើឲ្យការបោះឆ្នោត ទៅកាន់ការិយាល័យបោះឆ្នោត ស្ថិតក្នុងតំបន់ដាច់ស្រយាល ដែលរថយន្ត ពិបាកនឹងដឹកទៅដល់។ លោក និយាយដូច្នេះថា៖«យើង បានជួលឧទ្ធម្ភាគចក្រ២គ្រឿង ទុកបម្រុង ដើម្បីប្រើពេលណាដែលចំបាច់។ ឥឡូវហ្នឹង យើងមិនទាន់ប្រើឧទ្ធម្ភាគចក្រទេ គឺយើងប្រើរថយន្តសិន។ ទាល់តែតំបន់ណាមួយដាច់ស្រយាល ដែលរថយន្តពិបាកដឹកសម្ភារទៅ ឬក៏មិនអាចដឹកទៅទាន់ពេលកំណត់ យើងនឹងប្រើឧទ្ធម្ភាគចក្រ»។
លោក ហង្ស ពុទ្ធា មិនទាន់ដឹងច្បាស់នោះទេ ថាការជួលឧទ្ធម្ភាគចក្រទាំង២គ្រឿងនោះ មានតម្លៃប៉ុន្មាន។ លោក គ្រាន់តែប្រាប់ថា តម្លៃនៃការជួលឧទ្ធម្ភាគចក្រ ប្រហែលជាគិតក្នុងរយៈពេល នៃការហោះហើរ។ លោក បន្តថា ការហោះហើរក្នុង១នាទី ប្រហែលជាមានតម្លៃ១៥ដុល្លារ។
ចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧មក គ.ជ.ប បានបញ្ជូនសម្ភារបម្រើឲ្យការបោះឆ្នោត ទៅកាន់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត។ សម្ភារទាំងនោះ មានដូចជា សន្លឹកឆ្នោត ទឹកខ្មៅ បន្ទប់សម្ងាត់ ហិបឆ្នោត ប៊ិចគួរសន្លឹកឆ្នោត និងសម្ភារបន្ទាប់បន្សំផ្សេងៗទៀត។ នៅសល់តែសម្ភារតិចតួចប៉ុណ្ណោះ ដែលមិនទាន់បានបញ្ជូន ទៅកាន់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត។ ទាំងនេះ គឺជាការអះអាងរបស់លោក ហង្ស ពុទ្ធា ដដែល។
លោក ហង្ស ពុទ្ធា បញ្ជាក់ចុងក្រោយថា ប្រសិនបើការិយាល័យបោះឆ្នោតណាមួយ មានបញ្ហាខាងសម្ភារបម្រើឲ្យការបោះឆ្នោត ហើយត្រូវការជាប្រញាប់ នោះគ.ជ.ប នឹងប្រើឧទ្ធម្ភាគចក្រដើម្បីដឹកទៅឲ្យទាន់ពេលវេលា។
សូមរម្លឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕
Tag:
គជប
បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com