ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គ្រោះ​ជាតិ ដង្ហែ​ក្បួន​ឃោសនា​ធំ​ចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិនមាន​ការចូលរួម​ពី​ប្រធាន​
28, May 2017 , 10:44 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២0១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដង្ហែ​ក្បួន​ឃោសនា​ធំ​ម្តងទៀត នៅក្នុង​រាជធានី​ភ្នំពេញ ដោយមាន​អ្នកគាំទ្រ​និង​សកម្មជន​ជាច្រើន​ពាន់​នាក់ បាន​ចូលរួម ។



​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​វត្តមាន​ក្នុង​ពិធី​ដង្ហែ​ក្បួន​ឃោសនា​នេះឡើយ​។ ខណៈ​នេះ ឯកឧត្តម កឹម សុខា កំពុងតែ​ឃោសនា​រក​សំឡេងឆ្នោត នៅក្នុង​ខេត្តព្រៃវែង ឯណោះ​។ ក្នុង​កម្មវិធី​របស់ខ្លួន ឯកឧត្តម កឹម សុខា ត្រូវ​ចុះ​ឲ្យ​ដល់ ២៥​រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​។​

​ក្បួន​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​លើកចុងក្រោយ​នេះ គឺ​ចាប់ផ្តើម​ដង្ហែ​ចេញពី​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ដែល​ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ​។ តាម​ការគ្រោងទុក អ្នកចូលរួម​ដង្ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​ទៅ​ជួបជុំគ្នា នៅ​ម្តុំ​សណ្ឋាគារ INTERCONTINENTAL ហើយនឹង​រំសាយ​នៅ​ទីនោះ​តែម្តង​។​

​នេះ ជា​លើកចុងក្រោយ​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដង្ហែ​ក្បួន​ធំ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដង្ហែ​ក្បួន​ឃោសនា​ធំ ក្នុង​រាជធានី​ភ្នំពេញ​ជា​លើកទីមួយ កាលពី​ថ្ងៃទី​២0 ខែឧសភា ឆ្នាំ​២0១៧​។​

​សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  បានផ្តល់​រយៈពេល​ត្រឹម​១៤​ថ្ងៃ ឲ្យ​គណបក្សនយោបាយ ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​។ ហើយ​ក្នុង​រយៈពេល​១៤​ថ្ងៃនោះ គណបក្សនយោបាយ អាច​ដង្ហែ​ក្បួន​ឃោសនា លើ​ដងផ្លូវ ទីសាធារណៈ និង​កន្លែង​ប្រជុំជន​នានា បានត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  CNRP
  ឃោសនា​
© រក្សាសិទ្ធិដោយ thmeythmey.com