ជាតិ
នយោបាយជាតិ
គ.ជ.ប និង CPP អំពាវនាវកម្មករ-ការិនីទៅបោះឆ្នោត ហើយ CNRP ចង់ឲ្យពួកគាត់មានសិទ្ធិឈប់យ៉ាងតិច៣ថ្ងៃ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
× ភ្នំពេញ៖ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតទៅកាន់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំឲ្យជួយដល់កម្មករ-កម្មការិនី និងបុគ្គលិកទាំងអស់ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។
យោងតាមលិខិតនោះ លោក យឹម សុវណ្ណ សុំឲ្យលោក ស៊ិក ប៊ុនហុក ក្នុងនាមជាប្រធានគ.ជ.ប ស្នើទៅគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ-កម្មការិនី និងបុគ្គលិក បានទៅបោះឆ្នោត។
លោក យឹម សុវណ្ណ បញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះ៖«ខ្ញុំសូមជម្រាបឯកឧត្តមប្រធាន គ.ជ.ប ថា មានបងប្អូន កម្មករ-កម្មការិនី និយោជិកមួយចំនួន បានចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួន ពេលពួកគាត់បានចំណាកស្រុក ទៅធ្វើការនៅទីឆ្ងាយ។ ដើម្បីមានលទ្ធភាពក្នុងការធ្វើដំណើរទៅចូលរួមបោះឆ្នោត នាពេលខាងមុខ បងប្អូន កម្មករ-កម្មការិនី និងនិយោជិកទាំងនោះ ត្រូវចំណាយពេលយ៉ាងតិចបីថ្ងៃ ដោយគិតចាប់ពីថ្ងៃធ្វើដំណើរទៅស្រុកកំណើត ថ្ងៃបោះឆ្នោត និងថ្ងៃត្រឡប់មកវិញ»។
យ៉ាងណាក៏ដោយ គ.ជ.ប បានសេចក្តីអំពាវនាវទៅដល់ម្ចាស់សហគ្រាស រោងចក្រ និងក្រុមហ៊ុននានារួចហើយ ដើម្បីសុំឲ្យជួយសម្រួលដល់កម្មករ-កម្មការិនី និងបុគ្គលិករបស់ខ្លួន បានទៅបោះឆ្នោត។
ចំណែកឯ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានសេចក្តីអំពាវនាវផងដែរ ទាក់ទងនឹងបញ្ហាខាងលើ។ ខ្លឹមសារនៃសេចក្តីអំពាវនាវរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនខុសពីសេចក្តីអំពាវនាវរបស់គ.ជ.ប នោះទេ។
សូមបញ្ជាក់ ប្រជាពលរដ្ឋកម្ពុជាជិត៨លាននាក់ បានចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៤នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com