អន្តរជាតិ
ទ័ព​ហ្វីលីពីន​សម្រេច​ប្រើ​រ៉ុក្កែត​នាំ​ផ្លូវ​ក្នុង​ប្រតិបត្តិការ​បោស​ស​ម្អា​ត​ភេរវជន​នៅក្រុង Marawi
28, May 2017 , 2:13 pm        
រូបភាព
យោធា​ហ្វីលីពីន​បានសម្រេច​ប្រើប្រាស់​រ៉ុក្កែត​នាំ​ផ្លូវ​បាញ់​ចេញពី​ឧទ្ធម្ភាគចក្រ ដើម្បី​វាយប្រហារ​លើ​ទីតាំង​ក្រុម​ភេរវជន​នៅ​ក្រុង Marawi នា​កោះ​មិន​ដា​ណាវ ជា​លើកដំបូង​បំផុត​។ ការសម្រេច​ប្រើប្រាស់​កម្លាំង​ទ័ព​ទ្រង់ទ្រាយ​ធំ​នេះ​កើតឡើង​ក្រោយ​ប្រធានាធិបតី​ប្រកាស​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នៅលើ​កោះ​ទាំងមូល​កាលពី​ថ្ងៃ​អង្គារ​។​



​គ្រាប់​រ៉ុក្កែត​នាំ​ផ្លូវ​ត្រូវបាន​ប្រើប្រាស់​ជា​លើកដំបូង​ដើម្បី​ប្រឆាំង​ក្រុម​បណ្តាញ​ភេរវជន​ដែ្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្រុង Marawi កោះ​មិន​ដា​ណាវ​នៅ​សប្តាហ៍​នេះ​។ វា​ជាការ​ប្រើប្រាស់​កម្លាំង​ទ័ព​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​បំផុត ដើម្បី​ឆ្លើយតប​ក្រុម​ភេរវជន​នៅក្នុង​ប្រទេស​នេះ​។  

​មេបញ្ជាការ​ទ័ព​ប្រចាំ​កោះ​មិន​ដា​ណាវ​ឧ​ត្ត​ម​សេនីយ៍ Carlito Galvez បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ៖«​យើង​កំពុង​ព្យាយាម​ប្រើប្រាស់​កម្លាំង​ទ័ព​ក្នុង​កម្រិត​អតិបរមា​។ គោលដៅ​ធំ​បំផុត​របស់​យើង​ដែល​ប្រើប្រាស់​កម្លាំង​បែបនេះ​ក៏​ដើម្បី​ដោះស្រាយ​បញ្ហា​ចលាចល​គ្មាន​ច្បាប់ទម្លាប់ និង​ស្តារ​សណ្តាប់ធ្នាប់​សាធារណៈ​ឡើងវិញ​នៅ​ក្រុង Marawi​។ ដូច្នេះហើយ​ប្រជាជន​យើង​នៅទីនេះ​អាច​ត្រឡប់​ទៅធ្វើ​ពិធីបុណ្យ Ramadan វិញ​បាន​»​។

​មន្ត្រីជាន់ខ្ពស់​រូបនេះ​សង្ឃឹមថា ការ​បោសសម្អាត​ក្រុម​ភេរវជន​នេះ​អាច​នឹង​ជោគជ័យ​ក្នុង​រយៈពេល​បី​ថ្ងៃ​ខាងមុខ ហើយ​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​នេះ​អាច​ប្រារព្ធ​ពិធីបុណ្យ​សាសនា​បាន​ដោយ​រាល់ដង​វិញ​។​

​ចាប់​ពីថ្ងៃ​អង្គារ​ក្រោយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រកាស​ដាក់​កោះ​មិន​ដា​ណាវ​ទាំងមូលក្រោ​មច្បាប់អាជ្ញាសឹក កងទ័ព​ហ្វីលីពីន​បង្កើន​ការប្រើប្រាស់​កម្លាំង​កាន់តែខ្លាំង​ប្រឆាំង​ក្រុម​ភេរវជន Maute ដែលជា​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​។ ហើយ​ការប៉ះទង្គិច​គ្នា​នេះ កើតឡើង​ក្រោយពេល​កងកម្លាំងប្រដាប់អាវុធ​រដ្ឋាភិបាល​វាយឆ្មក់​ចូល​ផ្ទះមួយ​ដែល​គេ​ជឿជាក់ថា កន្លែង​ដែល​មេដឹកនាំ​ក្រុម​អា​ប៊ូ​សា​យ៉ាវ (Abu Sayyaf) Isnilon Hapilon កំពុង​លាក់ខ្លួន​។​

​ខណៈដែល​ការប្រយុទ្ធ​បន្ត​ទៅមុខទៀត អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន Jo-ar Herrera បានលើកឡើង​ផងដែរ​ថា វា​ជាការ​លំបាក​បំផុត​សម្រាប់​ប្រជាជន​មិន​ដា​ណាវ​ក្នុងពេលដែល​ពិធីបុណ្យ​សាសនា Ramadan ចាប់ផ្តើម ប៉ុន្តែ​ពួកគេ​មិនអាច​ប្រារព្ធ​បាន​ស្រួលបួល​ដូច​សព្វមួយដង​។​

«​វា​ជា​រឿង​ខ្លោចផ្សា​ណាស់​សម្រាប់​ប្រជាជន​មិន​ដា​ណាវ ក្នុងពេលដែល​ពិធីបុណ្យ Ramadan ចាប់ផ្តើម ប៉ុន្តែ​សកម្មភាព​កងទ័ព​យើង​គឺ​ដើម្បី​ការពារ​ក្រុង Marawi ។ វា​ជា​ផលប៉ះពាល់​ដែល​បង្កដោយ​ក្រុម​ភេរវជន​ក្នុងស្រុក​»​។​

​ក្នុងការ​ប្រយុទ្ធ​ដណ្តើម​ដណ្តើមយក​ក្រុង Marawi  រដ្ឋាភិបាល​ហ្វីលីពីន​បានសម្លាប់​សមាជិក​ក្រុម​ឧទ្ទាម Maute យ៉ាងហោចណាស់ ៤១ នាក់​ក្នុងនោះ​មាន​ទាំង​សកម្មប្រយុទ្ធ​ជនជាតិ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ផងដែរ​។ ចំណែក​រដ្ឋាភិបាល​វិញ កងទ័ព ១៣ នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ប្រតិបត្តិការ​សឹក​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com