ជាតិ
ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យលិចលង់ផ្ទះពលរដ្ឋចំនួន ៣៦ខ្នង នៅខេត្តប៉ៃលិន
28, May 2017 , 5:23 pm        
រូបភាព
រូបភាពពីក្រសួងធនធានទឹក
រូបភាពពីក្រសួងធនធានទឹក
ភ្នំពេញ៖ ភ្លៀងធ្លាក់ក្នុងបរិមាណ ៤៥មីល្លីម៉ែត្រ បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង ប្រជាពលរដ្ឋចំនួន ៣៦ខ្នង ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។



ផ្ទះប្រជាពលរដ្ឋចំនួន ៣៦ខ្នង ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៧ ឧសភា។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ
តាមរយៈទូរសព្ទនៅល្ងាចថ្ងៃទី២៨ ខែឧសភានេះ លោក ចាន់ យុត្ថា បានឲ្យដឹងថា៖ «កាលពីម្សិលមិញ មានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋ ចំនួន ៣៦ខ្នង។ ក្រោយពីមានស្ថានភាពបែបនេះ ក្រុមការងាររបស់មន្ទីរក្រសួងធនធានទឹក បានចុះអន្តរាគមន៍បើកទ្វារទឹក ដើម្បីរំដោះទឹកជំនន់»។

លោក ចាន់ យុត្ថា លើកឡើងថា ជំនន់ទឹកភ្លៀងធ្វើឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋនេះ មិនមែនបណ្ដាលមកហៀរទំនប់អ្វីនោះទេ។ ប៉ុន្តែដោយសារតែតំបន់នោះជាតំបន់ភ្នំ ដែលធ្វើឲ្យមានការហូរធ្លាក់ពីលើភ្នំ។ លោក បន្តថា ជំនន់ទឹកភ្លៀងនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ និងគោក្របីឡើយ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖ «ប្រសិនបើភ្លៀងនៅតែបន្តនោះ អាជ្ញាធរនឹងមានវិធានការណ៍ដោះស្រាយ ទៅតាមទិដ្ឋភាពជាក់ស្ដែង។ ប៉ុន្តែខណៈនេះ ស្ថានភាពក្នុងតំបន់នោះ មានលក្ខណៈធូរស្រាលខ្លះហើយ ព្រោះទឹកបានស្រកវិញជាបណ្ដើរៗ។ ម៉្យាងវិញទៀត ថ្ងៃនេះមិនមានភ្លៀងធ្លាក់ទៀតទេ គ្រាន់តែរលឹមប៉ុណ្ណោះ»។

លោក ចាន់ យុត្ថា បន្ថែមថា មន្រ្តីរបស់ក្រសួងធនធានទឹក កំពុងតាមដានស្ថានភាពក្នុងតំបន់នោះផងដែរ។ អ្នកនាំពាក្យរូបនេះ អំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ និងតាមដានការព្យាកររបស់ក្រសួងឲ្យបានទៀងទាត់។

គួរបញ្ជាក់ថា ការព្យាករអាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី២៨-៣១ ឧសភា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតច្រើន នៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបនប់ជួរភ្នំក្រវាញ។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹកកាលពីថ្ងៃទី២៧ ឧសភា៕


© រក្សាសិទ្ធិដោយ thmeythmey.com