ជាតិ
ក្នុង​ខែឧសភា ពលករ​ខ្មែរ ៨១​នាក់ ដែល​រងគ្រោះ​នៅ​បរទេស ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា​វិញ
29, May 2017 , 8:00 am        
រូបភាព
ភ្នំពេញ​៖ ដោយ​គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៧ ពលករ​-​ពល​ការិនី​ខ្មែរ ចំនួន​៨១ នាក់ ដែល​រងគ្រោះ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួយសង្គ្រោះ និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ​។ នេះ​បើតាម ការបូកបញ្ចូល​គ្នា​នូវ​តួលេខ​នីមួយៗ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចំនួន ១២ ដែល​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​ផ្សាយ​ជា​បន្តបន្ទាប់​រយៈពេល​ជិត ១​ខែ​កន្លងមក​។​



​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា ពលករ​-​ពល​ការិនី​ទាំង​៨១​នាក់ ដែល​ទទួលបាន​ការជួយ​ជ្រោមជ្រែង​ឲ្យ​មក​កម្ពុជា​វិញ​នោះ ត្រូវបាន​ក្រសួង និង​ស្ថានទូត​ខ្មែរ ធ្វើ​អន្តរាគមន៍​ពី​ប្រទេស​ចំនួន​៣ ដោយ​ក្នុងនោះ​រួមមាន ម៉ាឡេស៊ី ២៥​នាក់​, ថៃ ៥៣​នាក់ និង​វៀតណាម ៣​នាក់​។​

​បើ​ផ្អែកលើ​សេចក្តីប្រកាស​នោះ មុខរបរ ដែល​ពលករ​-​ពលក​រិ​នី ទទួលបាន​ពេលទៅដល់​បរទេស មានដូចជា ការងារ​តាម​ផ្ទះ តាម​ភោជនីយដ្ឋាន អ្នក​បោសសំអាត និង​អ្នកជៀរ​ជ័រកៅស៊ូ​ជាដើម​។ សេចក្តីប្រកាស​ដដែល បានដឹង​ទៀតថា ក្នុងអំឡុង​នៃ​ការបម្រើ​ការងារ ពលករ​-​ពល​ការិនី​ខ្មែរ​ខាងលើ បាន​ជួប​ការលំបាក និង​រងគ្រោះ​ដោយសារតែ​ការធ្វើ​បាប ពី​សំណាក់​ថៅកែ និង​និយោជក​។

​ក្នុងចំណោម​ពលករ​-​ពល​ការិនី​ទាំងនោះ អ្នកខ្លះ មាន​លិខិតឆ្លងដែន​និង​ទិដ្ឋាការ​ត្រឹមត្រូវ ប៉ុន្តែ អ្នក​ខ្លះទៀត បាន​ទៅ​រស់នៅ​និង​ធ្វើការ​នៅ​បរទេស ដោយ​ខុសច្បាប់​តែម្តង​។ ដោយឡែក ពលរដ្ឋ​ខ្មែរ​មួយចំនួនទៀត បាន​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​។ នេះ​បើ​យោងតាម​ប្រភព​ខាងលើ​ដដែល​។​

​កន្លងមក ជុំវិញ​បញ្ហា​ចំណាកស្រុក​របស់​ពលក​រ​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​ងាយ​រងគ្រោះ គួរ​ស្វែងរក​ការងារ​ដែលមាន​ស្រាប់​ក្នុងស្រុក ជាជាង​ការ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ ដើម្បី​ចៀសវាង ការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​និង​អាច​ជួប​គ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន​។​

​សូម​រម្លឹកថា ពលករ​-​ពល​ការិនី​ខ្មែរ ជិត​១​ពាន់​នាក់ ដែល​រងគ្រោះ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួយសង្គ្រោះ និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ ក្នុង​ឆ្នាំ ២០១៦​។ ចំណែកឯ កាលពី​ឆ្នាំ​២០១៥ អាជ្ញាធរ​កម្ពុជា បាន​ជួយសង្គ្រោះ​ពលករ​-​ពល​ការិនី ប្រមាណ​៦០០​នាក់ ឲ្យ​បាន​វិល​មក​កម្ពុជា​វិញ​៕


Tag:
 ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com