ជាតិ
សម្តេច ហ៊ុន សែន ផ្ញើ​សារ​ជូនពរ​ខ្មែរឥស្លាម​ក្នុង​ឳ​កាស​បុណ្យ​រ៉​ម៉ា​ឌន​
29, May 2017 , 10:00 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុក លោក អូស្មាន ហាស្សាន់
រូបភាព៖ ហ្វេសប៊ុក លោក អូស្មាន ហាស្សាន់
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន នៅ​យប់​ថ្ងៃទី​២៨ ឧសភា បាន​ផ្ញើ​សារ​ជូនពរ ខ្មែរឥស្លាម​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ក្នុង​ឳ​កាស​ដែល​ពលរដ្ឋ​ខ្មែរឥស្លាម​ទូទាំង ប្រទេស​កំពុង​ប្រតិបត្តិ​បួស​ក្នុង​ខែ​រ៉​ម៉ា​ឌន​។



​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសរសេរថា​៖« ក្នុងនាម​ខ្ញុំ និង ភរិយា ខ្ញុំ​សូម​ជូនពរ​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា រួម​នឹង​ឥស្លាម​ពិភពលោក​ផងដែរ នៅក្នុង​ឱកាស​បួស​ខែ​រ៉​ម៉ា​ឌន ដែល​បានចាប់ផ្ដើម នៅ​ថ្ងៃ​សៅរ៍ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ត្រូវ​នឹង ឆ្នាំ ១៤៣៨ មូ​ហាំ​ម៉ាត់ សករាជ សូមអោយ​បងប្អូន​សាសនិក​ឥស្លាម​ទទួលបាន​នូវ​សេចក្ដីសុខ សប្បាយ ក្ដីមេត្តា ករុណា ពី​ព្រះ​អ​ល់​ឡស់​គ្រប់ៗ​គ្នា ដោយ​ទទួលយក​នូវ​កុសល​ទាំងអស់​ដែល​បងប្អូន​បាន​សាង កុំបី​ខាន​ឡើយ​»​។​

​ក្នុង​សារ​មួយទៀត ដែល​បាន​បង្ហោះ​ក្នុង​ថ្ងៃ​តែមួយ​នោះ សម្តេច ហ៊ុន សែន ក៏បាន​ថ្លែង អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ទូទាំងប្រទេស ដែលជា​និច្ចកាល​តែងតែ​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុង​វីដេអូ​ដាច់ដោយឡែក​មួយទៀត សម្តេច ហ៊ុន សែន បានប្រកាស​យក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​រៀបចំ​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​រួមគ្នា​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជាមួយ​ពលរដ្ឋ​ខ្មែរឥស្លាម ដូចដែល​កម្មវិធី​ត្រូវបាន​រៀបចំ​ធ្វើ ចាប់ពី​ឆ្នាំ​២០១៤​មក​។ សម្តេច​បញ្ជាក់ថា ក្នុង​ពិធី​ជា​លើក​ទី​៤​នេះ នឹងមាន​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ឥស្លាម​ជា​មិត្ត​ចូលរួម​ជាច្រើន​ផងដែរ​។

​សម្តេច ហ៊ុន សែន ក៏​មិន​ភ្លេច​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុង​ការជួយ​អភិវឌ្ឍន៍​សហគមន៍​ខ្មែរឥស្លាម​ផងដែរ ដូចជា​ការប្រកាស​បញ្ចូល​គ្រូបង្រៀន​ខ្មែរឥស្លាម​ជាង ៣០០០​នាក់​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​។ សម្តេច​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរឥស្លាម​ធ្វើ សកម្មភាព​ព្រមៗ​គ្នា​ជាមួយ​ប្រជាជន​ទាំងអស់ ទោះ​មាន​សាសនា​ផ្សេងៗ​ក៏ដោយ ដើម្បី​រក្សា សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​៕


Tag:
 ហ៊ុន សែន​
  រ៉​ម៉ា​ឌន​
  ខ្មែរឥស្លាម​
© រក្សាសិទ្ធិដោយ thmeythmey.com