ជាតិ
បទយកការណ៍ / បទសម្ភាសន៍
CPP មាន​តំណាង​ខ្មែរឥស្លាម​ពេញ​ប្រទេស ខណៈ CNRP រំពឹង​ទទួល​បាន​កម្លាំង​គាំទ្រ​បន្ថែម​
29, May 2017 , 2:18 pm        
រូបភាព
រូបភាពពី​​ ​​​​ហ្វេសប៊ុក
រូបភាពពី​​ ​​​​ហ្វេសប៊ុក
​សហគមន៍​ខ្មែរឥស្លាម ចូលរួម​យ៉ាង​ផុសផុល​ក្នុងការ​អភិវឌ្ឍន៍​មូលដ្ឋាន​។ នា​អំឡុងពេល​នៃ​យុទ្ធនាការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​នេះ សហគមន៍​ខ្មែរឥស្លាម​បាន​ចូលរួម​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ជាពិសេស​ក្នុង​ចលនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។



​លោក អ៊ី​សា អូស្មាន ជា​ប្រធាន​ចលនា​ខ្មែរឥស្លាម​គណបក្ស​សង្គ្រោះ​ជាតិ​យល់ថា គ្រប់ គណបក្សនយោបាយ​ទាំងអស់ សុទ្ធសឹង​ត្រូវការ ការចូលរួម​ពី​សហគមន៍​ខ្មែរឥស្លាម ដើម្បី ទទួលបាន​ការគាំទ្រ​ដ៏​ធំ​មួយ​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់អំណាច មាន​កម្លាំង​គាំទ្រ​យ៉ាង​ផុសផុល​ពី​សហគមន៍​ខ្មែរឥស្លាម ដូច​មាន​តំណាង​ទូទាំងប្រទេស ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ផងដែរ​ថា ពួកគេ​អាច​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​។​

​សូម​អាន​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក អ៊ី​សា អូស្មាន ដូចតទៅ​៖

​រ៉​ហា​នី​៖
ហេតុអ្វី​បាន​គណបក្សនយោបាយ​ទាំងអស់ ប្រឹងរក សំឡេង​ចូលរួម​ពី​សហគមន៍​ខ្មែរឥស្លាម​?

​លោក អ៊ី​សា អូស្មាន​៖ គណបក្សនយោបាយ​ទាំងអស់ ដែល​ត្រូវការ​កម្លាំង​ខ្មែរឥស្លាម​នេះ គឺ​ចង់​បង្ហាញថា នៅ​កម្ពុជា​អត់​មាន​រើសអើង​អ្នក​កាន់សាសនា​ឥស្លាម​ទេ គឺ​ចាត់ទុក​ខ្មែរឥស្លាម ជា​មនុស្ស​នៅក្នុង​ក្រុមគ្រួសារ​តែមួយ​។ ចឹ​ង​ហើយ​បានជា​គណបក្ស​ធំៗ មាន​គណបក្ស សង្គ្រោះ​ជាតិ​ក៏​ត្រូវការ​ខ្មែរឥស្លាម​ចូលរួម ខាង​គណបក្ស​ប្រជាជន​ក៏​គេ​ត្រូវការ​ខ្មែរឥស្លាម​ចូល រួម ហើយ​គណបក្ស​តូចៗ​ដទៃទៀត ក៏​ត្រូវការ​ដូចគ្នា​។ នេះ​បង្ហាញថា កម្ពុជា​ផ្តល់​តម្លៃ​ដល់​ខ្មែរឥស្លាម និង​ចាត់ទុក​អ្នក​កាន់សាសនា​ឥស្លាម​ជា​មនុស្ស​នៅក្នុង​ក្រុមគ្រួសារ​តែមួយ​។​

​រ៉​ហា​នី​៖
តើ​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក មាន​គោលនយោបាយ​បែបណា ដើម្បី​ទាញ សំឡេងគាំទ្រ​ពី​ខ្មែរឥស្លាម​?

​លោក អ៊ី​សា អូស្មាន​៖ ពិតណាស់ គណបក្ស​សង្គ្រោះ​ជាតិ​តែង​ផ្តល់​តម្លៃ​ដល់​ខ្មែរឥស្លាម​។ កន្លែង​ខ្លះ​ខ្ញុំ​សង្កេតឃើញថា បានផ្តល់​តម្លៃ​ដល់​បុគ្គល​ខ្មែរឥស្លាម​ច្រើនជាង​ខ្មែរ​ទៅទៀត ដោយ​មិន​គិតពី​ប្រ​វ​ត្ដិ​តស៊ូ មិន​គិតពី​ជីវភាព ឲ្យ​តែ​គាត់​ហ៊ាន​ចេញមុខ​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​។ កន្លែង​ណា​ដែលមាន​ខ្មែរឥស្លាម​រស់នៅ​ច្រើន ឃុំ​ណា​ដែលមាន​ខ្មែរឥស្លាម​រស់នៅ​ច្រើន ជាទូទៅ​គណបក្ស​សង្គ្រោះ​ជាតិ តែង​លើកកម្ពស់​ឲ្យ​បេក្ខជន​ឈរ​លេខ​មួយ គឺជា​ខ្មែរឥស្លាម​។ បើ​ឃុំ​ខ្លះ មាន​ខ្មែរឥស្លាម​ដែរ តែ​មិន​ច្រើន ក៏​ដាក់​លេខ​រៀង​ទី​២ ឬ​បន្តបន្ទាប់​ដែរ​។​

​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ទូទៅ​ដឹងថា គណបក្ស​នេះ​មិន​រើស អើ​ង​ខ្មែរឥស្លាម​ជាដាច់ខាត គឺ​តែង​ផ្តល់​តម្លៃ លើកកម្ពស់ ហើយ​ធានាថា ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស ខ្មែរឥស្លាម​នៅតែមាន​សេរីភាព​គ្រប់បែបយ៉ាង​នៅក្នុង ការគោរព​ប្រតិបត្តិ​សាសនា​របស់ខ្លួន ហើយ​ជំនួយ​ដែល​ខ្មែរឥស្លាម​ធ្លាប់​ទទួល ពី​ប្រភព​អារ៉ាប់ ឬ​ពី​មិត្ត​ឥស្លាម​កន្លងមក គឺ​មិន​ឲ្យ​បាត់បង់​ជំនួយ​នោះទេ មានតែ​ជំនួយ​នោះ​កាន់តែ​រីក​លើស មុន​ទៅទៀត ដោយសារ​ថា​អ្វីដែល​ម្ចាស់ជំនួយ​ផ្តល់​មក​តាមរយៈ​ឯកជន ឬ​តាមរយៈ​អង្គការ​ក្តី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ធានាថា​មិន​ឲ្យ​បាត់បង់​ជំនួយ​ហ្នឹង​ទៅដល់​ខោ​ប៉ៅ​ផ្ទាល់ខ្លួន​ទេ គឺ​មិន ឲ្យ​បាត់បង់​ដោយសារ​អំពើពុករលួយ​។ យើង​ឃើញជាក់ស្តែង​ហើយ ខ្ញុំ​លើក​ឧទាហរណ៍​ដូចជា គោ​គួរ​បាន សប្បុរសជន​ឥស្លាម​ផ្តល់​មក​គឺ​គ្រប់គ្រាន់​សម្រាប់​គោ​ធំ​មួយ​ក្បាល​សម្រាប់​ចែក​សាច់​គ្នា​ហូប តែ​ជាក់ស្តែង​មក​ដល់ដៃ​ប្រជាពលរដ្ឋ ឃើញ​បាត់បង់​ស្ទើរតែ​ពាក់កណ្តាល​។​

​គណបក្ស​សង្គ្រោះ​ជាមាន​តំណាង​ខ្មែរឥស្លាម​ច្បាស់លាស់​។ ដោយសារ​គណបក្ស​ប្រជាជន​គេ មាន​តំណាង​ដែល​គេ​ស្គាល់​ពេញ​ប្រទេស​ទៅហើយ គណបក្ស​សង្គ្រោះ​ជា​វិញ គេ​មិនសូវ​ឮ ប៉ុន្មាន​ទេ ថា​មាន​តំណាង តែ​យើង​ធ្លាប់មាន​តំណាង​ខ្មែរឥស្លាម​ពីមុនមក តាំងពី​គណបក្ស​សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស គឺ​សុទ្ធ​តែមាន តែ​ជា​អកុសល​ទៅវិញ​ទេ ដែល​តំណាង​ទាំងនោះ គាត់​ចង់បាន​លាភ​សក្ការ ហើយ​គាត់​ក៏​ទៅ​ជ្រក និង​ចូលរួម​ជាមួយ​គណបក្ស​ដទៃ​។

​រ៉​ហា​នី​៖
ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ឃុំ​ប្រឹក្សា​ឃុំ​-​សង្កាត់​នេះ តើ​សង្គ្រោះ​ជាតិ ដាក់​បេក្ខភាព​ជា​ខ្មែរឥស្លាម​ប៉ុន្មាន​នាក់​ដែរ​?

​លោក អ៊ី​សា អូស្មាន​៖ ដូច​ខ្ញុំ​បានបញ្ជាក់​ហើយ គឺ​យើង​មិន​គិតពី​ទ្រព្យសម្បត្តិ ឬ​ប្រវត្តិ​តស៊ូ​ទេ គឺ​យើង​តែង​លើកកម្ពស់​ឲ្យ​ខ្មែរឥស្លាម​ចូលរួម​ឲ្យ​បាន​ច្រើន​។ នៅ​ខេត្ត ត្បូងឃ្មុំ ដែល​ខ្ញុំ​ធ្វើការ​ល្អិត ល្អន់​ជាងគេ កាលពី​អាណត្តិ​មុន ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស យើង មាន​បេក្ខភាព​ខ្មែរឥស្លាម​តែ​៩​នាក់​ទេ តែ​អាណត្តិ​ថ្មី​នេះ ចំនួន​បានកើត​ឡើង​ពី​៩​ដល់​ជិត​៤០ នាក់ ដែល​ក្នុងនោះ​ឈរ​លេខ​រៀង​ទីមួយ​ច្រើន​នាក់​ដែរ​៕


Tag:
 អ៊ី​សា អូស្មាន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com