ជាតិ
អាជ្ញាធរ​រកឃើញថា អ្នកមាន​សិទ្ធិ​បោះឆ្នោត​៤​ម៉ឺន​នាក់​កំពុង​ទុក​អត្តសញ្ញាណ​បណ្ណ​នៅ​កន្លែង​បញ្ចាំ​
29, May 2017 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ខណៈ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ កាន់តែ​ខិតជិត​មកដល់ ប្រជាពលរដ្ឋ​ប្រមាណ​ជា ៤​ម៉ឺ​នាក់ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត បាន​យក​អត្តសញ្ញាណ​បណ្ណ ទៅ​ប្រគល់​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដើម្បី​ធ្វើជា​វត្ថុ​បញ្ចាំ​ក្នុងការ​ខ្ចីប្រាក់​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។



​លោក ហង្ស ពុទ្ធា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ប្រមាណ ៤​ម៉ឺន​នាក់ អ្នកខ្លះ​បានទទួល​អត្តសញ្ញាណប័ណ្ណ​ពី​ធនាគារ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ​ហើយ​។ យ៉ាងណា​លោក មិនបាន​បញ្ជាក់​ពី​ចំនួន​ប្រជាពលរដ្ឋ ដែល​បានទទួល​អត្តសញ្ញាណ​បណ្ណ​ពី​ធនាគារ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឡើយ​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ និយាយ​យ៉ាង​ដូច្នេះ​៖«​គ​.​ជ​.​ប មិនមាន​ចំណាត់ការ ទៅ​ទារ​អត្តសញ្ញាណប័ណ្ណ​ពី​ធនាគារ​ឬក៏​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឲ្យ​ប្រជាពលរដ្ឋ​វិញ​ទេ​។ នេះ ជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​។ ទាល់តែ​សួរ​ទៅខាង​ក្រសួងមហាផ្ទៃ​ទើប​ដឹង​។ តែ​គ​.​ជ​.​ប បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ប្រញាប់​ទៅធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ក្នុងករណី​មិនមាន​អត្តសញ្ញាណ​បណ្ណ​»​។​

​កាលពី​កន្លងទៅ គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ឲ្យ​គ​.​ជ​.​ប ស្នើ​ទៅ​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ កុំ​ឲ្យ​យក​អត្តសញ្ញាណប័ណ្ណ​ពី​ប្រជាពលរដ្ឋ ធ្វើជា​វត្ថុ​សម្រាប់​បញ្ចាំ​។ ម្យ៉ាងទៀត គណបក្ស​សង្គ្រោះ​ជាតិ ក៏​សុំ​គ​.​ជ​.​ប ធ្វើយ៉ាងណា​ឲ្យ​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រគល់​អត្តសញ្ញាណប័ណ្ណ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ដើម្បី​យកទៅ​បោះឆ្នោត​។ ក្រោយមក គ​.​ជ​.​ប ក៏បាន​សេចក្តីអំពាវនាវ ទៅដល់​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទាក់​ទង់​នឹង​ការស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​។

​សូមបញ្ជាក់ថា អត្តសញ្ញាណ​បណ្ណ គឺជា​ឯកសារ​គោល សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​។ ក្នុងករណី​មិនមាន​ឬ​បាត់​អត្តសញ្ញាណ​បណ្ណ ប្រជាពលរដ្ឋ អាច​ទៅ​ជួប​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត និង​មេឃុំ​ឬ​ចៅសង្កាត់ ដើម្បី​សុំ​ធ្វើឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ។ ការបោះឆ្នោត​ជ្រើ​រើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧៕
 

Tag:
 ​បោះឆ្នោត​ឃុំ​-​សង្កាត់​
  អត្តសញ្ញាណប័ណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com