ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់ប្រាណ​ពេល ព្រឹក និង​ពេល​ល្ងាច មួយណា​ល្អ​ជាង​?
25, May 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការហាត់​ប្រាណ​ពេលព្រឹក​
​ការសិក្សា​បាន​ឲ្យ​ដឹងថា មនុស្ស​ម្នាក់ៗ​ដែល​ជ្រើសរើស​ការហាត់​ប្រាណ​នៅពេល​ព្រឹក​ច្រើន​តែមាន​ទម្លាប់​ជាប់លាប់​ចំពោះ​រឿងនេះ​រាល់ថ្ងៃ​។ គំនិត​នោះ​គឺ​ចង់​និយាយថា អ្នកនឹង​ទទួលបាន​ទម្លាប់​ហាត់ប្រាណ​មុនពេល​ធ្វើ​អ្វីៗ​ទាំងអស់ ឬ​មិន​មានការ​បន្លប់​អារម្មណ៍​អ្វី​សិន​ឡើយ ដូច្នេះ អត្រា​នៃ​ការជោគជ័យ​នៃ​ការហាត់​ប្រាណ​ក៏មាន​ខ្ពស់​ដែរ​។​



​ការហាត់​ប្រាណ​នៅពេល​ព្រឹក​ក៏​អាចជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​បំបាត់​ស្ត្រេ​ស​ក្នុងពេល​គេង​ដែរ​។ ចាប់តាំងពី​ការហាត់​ប្រាណ​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​ឡើង​ខ្ពស់ និង​សីតុណ្ហភាព​ឡើង​ខ្ព​ស់មក ការហាត់​ប្រាណ​នៅពេល​ល្ងាច​ជាពិសេស​ក្រោយ​ម៉ោង ៨​យប់ អាច​រំខាន​ដល់​ការ​គេង​បាន​។​

​ការសិក្សា​មួយ​ផ្សេងទៀត​បានបង្ហាញ​ថា ការហាត់​ប្រាណ​នៅ​ម៉ោង ៧​ព្រឹក ប្រហែលជា​ជួយ​អ្នក​គេង​លក់​នៅពេល​យប់​ល្អ​ជាង​ហាត់​នៅ​ម៉ោង ១​ថ្ងៃត្រង់​។​

​ជា​ចុងក្រោយ ការសិក្សា​មួយ​ផ្សេងទៀត​បាន​រកឃើញថា ការហាត់​ប្រាណ​ត្រឹម ៤៥​នាទី​នៅពេល​ព្រឹក​ដូចជា ការដើរ​ញ៉ាប់​លើ​ម៉ាស៊ីន​រត់ ក៏​ជួយ​សម្រួល​ដល់​ចំណង់​អាហារ​ដោយផ្ទាល់​បានដែរ​។ ការសិក្សា​ក៏បាន​បង្ហាញ​ទៀតថា អ្នក​អាច​នឹង​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​រហូតដល់ ២០​ភាគរយ នៅពេល​ហាត់ប្រាណ​ពោះ​ទទេ ដែល​រឿងនេះ​ល្អ​ជាង​ហាត់ប្រាណ​ពេល​ល្ងាច​។​

​ហាត់ប្រាណ​ពេល​ល្ងាច​
​ការហាត់​ប្រាណ​ក្នុង​ពេលនេះ​អាចជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការបំបាត់​អារម្មណ៍​ព្រួយ​ច្រើន​។ អ្នកខ្លះ​យល់ថា ការហាត់​ប្រាណ​នៅពេល​ល្ងាច គឺជា​វិធី​ជួយ​បង្កើន​ផលិតភាព​ការងារ និង​បំបាត់​ភាព​តានតឹង​ដែលមាន​ពេញ​មួយថ្ងៃ​។​

​អ្នក​ខ្លះទៀត​និយាយថា ការហាត់​ប្រាណ​នៅពេល​ព្រឹក​មិនអាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ឡើយ​ដោយសារតែ​ទើបតែ​ភ្ញាក់​ពី​គេង ហើយ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប និង​ឈឺ​សាច់ដុំ​ផង​។ សម្រាប់​ទម្លាប់​ហាត់ប្រាណ​ពេល​ល្ងាច​ប្រហែលជា​ល្អ​ជាង​ព្រោះ សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់​ធម្មតា ហើយ​អ្នក​ក៏មាន​ស្មារតី​ល្អ និង​សាច់ដុំ​អាច​បត់បែន​ស្រួល​ទៀតផង​។​

​ជាមួយគ្នានេះដែរ អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​បន្ថែមទៀត​ពី​ការ​ញ៉ាំ​អាហារ​ដើម្បី​ជំនួយ​ដល់​កម្លាំង​ថាមពល​ក្នុងពេល​ហាត់ប្រាណ​។​

​សរុបមក អ្វីដែល​សំខាន់​នោះ​គឺ ធ្វើយ៉ាងណា​រក​ឲ្យ​ឃើញ​នូវ​ពេលវេលា​ហាត់ប្រាណ​ពិតប្រាកដ និង​ជាក់លាក់​មួយ​ដែល​អ្នក​ពេញចិត្ត និង​ធ្វើ​វា​បាន​ដោយ​មិនបាច់​ខ្វល់​ថា​ពេលណា​នោះទេ​។ បើសិនជា​ការហាត់​ប្រាណ​គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​អ្នក​មែន​នោះ ចូរ​កុំ​ភ្លេច​កម្តៅ​សាច់ដុំ​ផង​មុនពេល​ហាត់ ព្រោះ​វា​អាចធ្វើ​ឲ្យ​សាច់ដុំ​តឹង និង​ត្រជាក់​ដោយសារតែ​គេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com