ជាតិ
បោះឆ្នោត៖ មេសហជីព ស្នើក្រសួងការងារ ប្រាប់ទៅថៅកែ ឲ្យប្រញាប់កំណត់ថ្ងៃសម្រាក
01, Jun 2017 , 9:56 pm        
រូបភាព
ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤  នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។ ប៉ុន្តែ រហូតមកដល់ពេលនេះ ក្រសួងការងារ ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) នៅមិនទាន់ស្នើទៅ ថៅកែរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ឲ្យកំណត់ថ្ងៃឈប់សម្រាក សម្រាប់កម្មករ-កម្មការិនី និងបុគ្គលិក ដើម្បីទៅបោះឆ្នោត នោះទេ។



លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងការងារ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គួរតែគិតគូរអំពីរឿងនេះឲ្យបានឆាប់រហ័ស ដោយស្នើទៅថៅកែរោងចក្រ និងក្រុមហ៊ុន ដើម្បីសុំឲ្យកំណត់ថ្ងៃឈប់សម្រាក សម្រាប់កម្មករ-កម្មការិនី បានទៅចូលរួមបោះឆ្នោត។ លោក និយាយដូច្នេះថា៖«ថ្ងៃបោះឆ្នោតជិតមកដល់ហើយ តែយើង នៅមិនទាន់ទទួលដំណឹងថាឲ្យកម្មករឈប់សម្រាក់ប៉ុន្មានថ្ងៃ នោះទេ។ ខ្ញុំយល់ថា ក្រសួងការងារ ក៏ដូចជាគ.ជ.ប គួរតែប្រញាប់ស្នើទៅថៅកែ ដើម្បីឲ្យកំណត់រយៈពេល ដែលកម្មករ អាចឈប់សម្រាក សម្រាប់ការធ្វើដំណើរទៅបោះឆ្នោត»។

កម្មករ-កម្មការិនី និងបុគ្គលិក ដែលបានចុះឈ្មោះបោះឆ្នោត គួរតែបានឈប់សម្រាករយៈពេល១ថ្ងៃ ឬ២ថ្ងៃ ឬក៏៣ថ្ងៃ ដើម្បីទៅបោះឆ្នោត។ ការឲ្យឈប់សម្រាករយៈពេល១ថ្ងៃ គឺសម្រាប់កម្មករ-កម្មការិនី និងបុគ្គលិក ដែលការិយាល័យបោះឆ្នោត នៅក្នុងរាជធានីភ្នំពេញ។ ការឲ្យឈប់សម្រាករយៈពេល២ថ្ងៃ គឺសម្រាប់កម្មករ-កម្មការិនី និងបុគ្គលិក ដែលការិយាល័យបោះឆ្នោត នៅតាមបណ្តាខេត្ត តែមិនសូវឆ្ងាយពីរាជធានីភ្នំពេញ ដូចជា នៅខេត្តតាកែវ កណ្តាល និងព្រៃវែង ជាដើម។ ការឲ្យឈប់សម្រាករយៈពេល៣ថ្ងៃ គឺសម្រាប់កម្មករ-កម្មការិនី និងបុគ្គលិក ដែលការិយាល័យបោះឆ្នោត នៅឆ្ងាយពីរាជធានីភ្នំពេញ ដូចជា នៅខេត្តរតនគិរី និងមណ្ឌលគិរី ជាដើម។ ទាំងនេះ គឺជាលើកឡើងរបស់លោក អាត់ ធន់ ដដែល។  

ប្រធានសហភាពការងារកម្ពុជារូបនេះ បញ្ជាក់ថា៖«អាណត្តិមុនៗ កម្មករបានឈប់សម្រាក់អ៊ីចឹង ហើយមិនត្រូវបានកាត់ប្រាក់ខែទេ។ ហើយអាណត្តិហ្នឹង ខ្ញុំចង់ឲ្យពួកគាត់ បានឈប់សម្រាក ដូចអាណត្តិមុនៗដែរ»។

ចំណែកលោក សៀង សម្បតិ្ត ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ បានប្រាប់សារព័ត៌មានថ្មីៗថា អាណត្តិមុនៗ កម្មករ-កម្មការិនី តែងបានឈប់សម្រាក ដើម្បីបានទៅចូលរួមបោះឆ្នោត។ ប៉ុន្តែ អាណត្តិនេះ កម្មករ-កម្មការិនី នៅមិនទាន់ទទួលបានការឈប់សម្រាកនៅឡើយទេ ខណៈការបោះឆ្នោត កាន់តែខិតជិតមកដល់។

លោក សៀង សម្បត្តិ និយាយបែបនេះថា៖«អាណត្តិនេះប្លែកមែនទែន។ រហូតមកដល់ពេលនេះហើយ នៅមិនទាន់ឃើញក្រសួងការងារ កំណត់ថា កម្មករ-កម្មការិនី ត្រូវឈប់សម្រាកប៉ុន្មានថ្ងៃទៀត។ ខ្ញុំ មិនយល់ មិនដឹងថា រដ្ឋាភិបាល ឬក្រសួងការងារ មានគោលនយោបាយយ៉ាងម៉េចបានជាអ៊ីចឹង។ យើងឃើញថា ក្រសួងការងារ គ.ជ.ប និងគណបក្សនយោបាយ ចេញសេចក្តីអំពាវនាវ ឲ្យថៅកែតាមរោងចក្រ ឬក្រុមហ៊ុននានា សម្រួលឲ្យកម្មករ-កម្មការិនី បានទៅបោះឆ្នោត។ តែដូចមិនឃើញនិយាយពីរឿងឈប់សម្រាកទេ»។

សូមបញ្ជាក់ថា កន្លងមក គ.ជ.ប ក្រសួងការងារ និងគណបក្សនយោបាយ បានចេញសេចក្តីអំពាវនាវ ទៅដល់ថៅកែរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដើម្បីសុំឲ្យបង្កលក្ខណៈងាយស្រួលដល់កម្មករ-កម្មការិនី និងបុគ្គលិកគ្រប់រូប ដែលបានចុះឈ្មោះបោះឆ្នោត ដើម្បីបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៕
       


Tag:
 បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com