ជាតិ
នយោបាយ​ថវិកា ៖ មេបក្ស​ប្រឆាំង​ថា ទុក​ឲ្យ​បណ្ឌិត​សង្គ្រោះ​ជាតិ ធ្វើ បើ​បណ្ឌិត​ដទៃ ធ្វើ​មិនបាន​
02, Jun 2017 , 4:45 pm        
រូបភាព
​ភ្នំពេញ​៖ ការទម្លាក់​ថវិកា ៥០​ម៉ឺនដុល្លារ ទៅ​ឲ្យ​ឃុំ​-​សង្កាត់​នីមួយៗ នៅ​ទូទាំងប្រទេស ដើម្បី​អភិវឌ្ឍ​ដោយ​ខ្លួនឯង គឺជា​គោលនយោបាយ​ដ៏​សំខាន់​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​យកទៅ​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ នៅ​ថ្ងៃ​ឃោសនា​ចុង​ក្រោយនេះ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​យក​គោលនយោបាយ​ខាងលើ ទៅ​និយាយ ដដែល​។



​ឈរ​នៅលើ​រថយន្ត ដែល​ហ៊ុមព័ទ្ធ​ដោយ​អ្នកគាំទ្រ​និង​សកម្មជន ដែលមាន​ចំនួន​មិនតិចជាង​ស្ទង់​ម៉ឺន​នាក់ ឯកឧត្តម កឹម សុខា បាន​និយាយ​តាម​ឧ​គ្ឃោ​សន​សព្ទ​ថា គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​អាច​អនុវត្តបាន ចំពោះ​គោលនយោបាយ​នៃ​ការទម្លាក់​ថវិកា ៥០​ម៉ឺន​ដុ​លា្ល​រ ទៅ​ឲ្យ​ឃុំ​-​សង្កាត់​នីមួយៗ​។ ឯកឧត្តម កឹម សុខា ឆ្លៀតចំអក​ឲ្យ​បណ្ឌិត​មួយចំនួន ដែល​បាន​រិះគន់​គោលនយោបាយ​ខាងលើ ថា ប្រសិនបើ​បណ្ឌិត​ទាំងនោះ មិនអាច​ធ្វើ អ៊ីចឹង​ទុក​ឲ្យ​បណ្ឌិត​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកធ្វើ​។

​មេបក្ស​ប្រឆាំង​រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​៖«​កន្លះ​លាន​ដុល្លារ មិនមែន​លុយ កឹម សុខា មិនមែន​លុយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​មិនមែន​លុយ​ឧក​ញ្ញ៉ា​ណា​ដែរ គឺ​ថវិកាជាតិ ថវិកា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ហ្នឹងឯង​។ បើ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រទេស យើង​គ្រាន់តែ​កាន់​បន្ថយ​ការចាយ​ខ្ជះខ្ជាយ​នៅ​ថ្នាក់ជាតិ យើង​នឹង​សល់​លុយ ដើម្បី​ចែកចាយ​ឲ្យ​គ្រប់​ឃុំ​-​សង្កាត់​ទាំងអស់ ដើម្បី​អភិវឌ្ឍ​ដោយ​ខ្លួនឯង​។ [ ….] យើង​បាន​សិក្សា​ល្អិតល្អន់​ណាស់​។ យើង​មាន​អ្នកបច្ចេកទេស អ្នកជំនាញ យើង​មាន​បណ្ឌិត​ស្នេហា​ជាតិ​សិក្សា​ឲ្យ​យើង​។ បើ​គណបក្ស​ណា បណ្ឌិត​ណា ថា​ធ្វើ​មិនកើត បណ្ឌិត​គណបក្ស​សង្គ្រោះ​ជាតិ ធានា​ធ្វើបាន​ជូន​ជាតិ ជូន​ប្រជាពលរដ្ឋ​»​។​



​ក្រៅពី​គោលនយោបាយ​ថវិកា​៥០​ដុល្លារ ឯកឧត្តម កឹម សុខា ក៏បាន​បរិយាយ​ពី​គោលនយោបាយ​សំខាន់​ទាំង​បួន​ចំណុច​ទៀត​ដែរ គឺ​ការពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ​, ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​, ការផ្ដល់​សេវាសាធារណៈ​, ការពង្រឹង​សន្ដិសុខ​។​

​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ជួបជុំគ្នា​នៅមុខ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ដែល​ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ ដើម្បី​រៀបចំ​ការ​ដង្ហែ​ក្បួន​ឃោស នា​ធំ​ជា​លើកចុងក្រោយ​។ នៅពេល​ព្រឹក​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនបាន​ដង្ហែ​ក្បួន​ឃោសនា​នោះទេ ពោលគឺ​អ្នកគាំទ្រ​និង​សកម្មជន គ្រាន់តែ​ទៅ​ជួបជុំគ្នា​នៅមុខ​វត្ត​ចាស់ ដើម្បី​ស្តាប់​សារ​នយោបាយ​ពី​របស់​មេដឹកនាំ ប៉ុណ្ណោះ​។ គណបក្ស​សង្គ្រោះ​ជាតិ ទើបតែ​ចាប់ផ្តើម​ដ​ដ្ហែ​ក្បួន​ឃោសនា នៅ​ម៉ោង​២​រសៀល​។ តាម​ការគ្រោងទុក ក្បួន​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​ទៅ​ឈប់​នៅលើ​ផ្លូវ​៦០​ម៉ែត្រ ហើយនឹង​រំសាយ​នៅ​ទីនោះ​តែម្តង​៕   


Tag:
 ​បោះឆ្នោត​ឃុំ​-​សង្កាត់​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com