ជាតិ
ឃោសនា​១៤​ថ្ងៃ មាន​បណ្ដឹង​៧៩ តែ គ​.​ជ​.​ប វាយតម្លៃថា ដំណើរការ​បោះឆ្នោត​ល្អ​ច្រើនជាង​អាណត្តិ​មុន​
02, Jun 2017 , 5:51 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ពាក្យបណ្ដឹង​ចំនួន​៧៩ ពី​គណបក្សនយោបាយ ក្នុង​យុទ្ធនា​ការបោះឆ្នោត​ឃុំ​-​សង្កាត់ រយៈពេល​១៣​ថ្ងៃនេះ​។ តែ​គជប វាយតម្លៃ ដំណើរការ​បោះឆ្នោត​ល្អ​ជាង​អាណត្តិ​មុន ដោយសារតែ​អ្នកនយោបាយ និង​អ្នកគាំទ្រ មាន​ភាពចាស់ទុំ​ច្រើន​។​



​សមាជិក​គ​.​ជ​.​ប លោកស្រី តែ ម៉ា​នី​រុង បាន​ឲ្យ​ដឹងថា ពាក្យបណ្ដឹង​ភាគច្រើន​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​ចំនួន​៥៣​បណ្ដឹង គណបក្ស​សង្គ្រោះ​ជាតិ ២១ បណ្ដឹង គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​១​បណ្ដឹង និង​ពី​ពលរដ្ឋ ៥ បណ្ដឹង​។ បើតាម​លោកស្រី ម៉ា​នី​រុង ដើមចម​នៃ​ការប្ដឹង​ផ្ដល់​គ្នា​នេះ ដោយសារតែ​ការប្រើប្រាស់​ពាក្យសម្ដី​រិះគន់​ធ្ងន់ៗ ជេ​ប្រមាថ បន្តុះបង្អាប់​គ្នា​ទៅវិញទៅមក​រវាង​បេក្ខជន​គណបក្សនយោបាយ នៅពេល​ឃោសនា​។

​ប៉ុន្តែ​បណ្ដឹង​ខ្លះ ក៏មាន​លក្ខណៈ​មិន​សម​ស្របតាម​លក្ខខណ្ឌ​របស់ គ​.​ជ​.​ប ដែរ​។ នេះ​ជាការ​ពន្យល់​របស់លោក ម៉ា​នី​រ៉ុង ដែល​បាន​បន្ថែមថា បណ្ដឹង​មួយចំនួន ត្រូវបាន គ​.​ជ​.​ប ដោះស្រាយ​បណ្ដើរៗ​ហើយ ។ ចំណែក​បណ្ដឹង​ដែល​នៅសល់ គ​.​ជ​.​ប នឹង​ដោះស្រាយ​បន្ត​ក្រោយ​បោះឆ្នោត​ឃុំ​-​សង្កាត់​រួច​។​

​តែ​យ៉ាងណា​សមាជិក​គ​.​ជ​.​ប​រូបនេះ នៅតែ​វាយតម្លៃថា ដំណើការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នេះ មាន​ភាពល្អប្រសើ​ច្រើនជាង​ឆ្នាំមុន ត្រង់​ថា គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​តិច ហើយ​ភាគច្រើន​អាច​ដោះស្រាយបាន​តាម​នីតិវិធី​។ អ្វីដែល គ​.​ជ​.​ប មើលឃើញ​ពី​ដំណើរការ​ល្អប្រសើរ​នៃ​ការឃោសនាបោះឆ្នោត​នោះ គឺ​ភាពចាស់ទុំ​របស់​អ្នកនយោបាយ និង​អ្នកគាំទ្រ ដែលមាន​ការអត់ឱន និង​ចេះ​អធ្យាស្រ័យ​គ្នាច្រើន​ជាមុន​។​

​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ គ​.​ជ​.​ប បា​នស​ង្តេ​ត​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដង្ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ ទូទាំង​២៥ រាជធានី​-​ខេត្ត ជា​រៀងរាល់ថ្ងៃ ខណៈដែល​គណបក្ស​ចំនួន​១០​ទៀត បានត្រឹមតែ​ហែ​ក្បួន​ឃោសនា​នៅក្នុង​ឃុំ​-​សង្កាត់ ដែល​ពួកគេ​ដាក់​បេក្ខជន​ឈរឈ្មោះ​ប៉ុណ្ណោះ​។ ក្រៅពី​ហែ​ក្បួន​ឃោសនា​នេះ គណបក្ស​ទាំង​១២​នេះ ក៏មាន​សកម្ម​ភាពចុះ​ចែក​ខិត​បណ្ណ មួក អាវយឺត បដា ពាក្យស្លោក ស្លាក​សញ្ញា​គណបក្ស​តាម​ផ្ទះ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​គណបក្ស​តាម​ភូមិ​ផងដែរ​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ដោយមាន​គណបក្សនយោបាយ​ចំនួន ១២ ចូលរួម​ប្រកួតប្រជែង​ដណ្តើម​បេក្ខភាព នៅក្នុង​ឃុំ​-​សង្កាត់​ចំនួន ១,៦៤៦ ទូទាំង ២៥​រាជធានី​-​ខេត្ត​៕


Tag:
 គ​.​ជ​.​ប​
 ​ បោះឆ្នោត​ឃុំ​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com