ជាតិ
ក្រៅផ្លូវការ​៖ ហ៊្វុនស៊ិនប៉ិច មិន​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់
05, Jun 2017 , 10:18 am        
រូបភាព
ដោយ:
​លទ្ធផល​ក្រៅផ្លូវការ គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​ទទួលបាន​អាសនៈ​មេឃុំ ឬ​ចៅសង្កាត់ សោះឡើយ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ៤ នេះ​។



​លោក ញ៉េប ប៊ុនជិន អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​អ្នក​ប្រាប់​សារព័ត៌មាន​ថ្មីៗ នូវ​លទ្ធផល​ក្រៅផ្លូវការ​ដែល​បក្ស​លោក​ទទួលបាន​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​ទទួល​ជ័យជម្នះ​លើ​អាសនៈ​មេឃុំ និង​ចៅសង្កាត់​ទេ​។ យ៉ាងណា លោក ប៊ុនជិន បញ្ជាក់ថា ទោះបី​មិនបាន​ឈ្នះ​អាសនៈ​មេឃុំ ឬ​ចៅសង្កាត់ គណបក្ស​នេះ ឈ្នះ​បាន​អាសនៈ​ក្រុមប្រឹក្សា​ប្រមាណ ២០ ដែរ​។

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ឆ្នាំ ២០១២ គណបក្ស​រាជានិយម​មួយ​នេះ ដែល​ពេលនោះ​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ ទទួលបាន​ជ័យជម្នះ​អាសនៈ​មេឃុំ​ចំនួន ១ និង​អាសនៈ​ក្រុមប្រឹក្សា​ចំនួន ១៥១ នៅ​ទូទាំងប្រទេស​។

ចំណែក​គណបក្ស នរោត្តម រណឫទ្ធិ ដែលមាន​សម្តេចក្រុមព្រះ​ជា​ប្រធាន នៅក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០១២ បក្ស​នេះ​មិន​ទទួលបាន​អាសនៈ​មេឃុំ និង​ចៅសង្កាត់​នោះទេ ដោយ​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​ចំនួន ៥២ ។​

នៅក្នុង​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិនេះ គណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះចំនួន ៨៦៦ ឃុំ សង្កាត់ នៅទូទាំងប្រទេស។ 

Tag:
 បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com