ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
ត្រូវធ្វើ​ដូចម្តេចខ្លះ​ទើប​គ្មាន​គ្រោះថ្នាក់​ពេល​ជែង ឬ​វ៉ា យានជំនិះ​ផ្សេង​?
12, Feb 2018 , 8:39 pm        
រូបភាព
ដោយ:
​កម្ពុជា ជា​ប្រទេស​ដែល​បើកបរ​ប្រកាន់​ខាងស្ដាំ និង​ជែង​ខាងឆ្វេង​។ មុននឹង​ជែង អ្នកបើកបរ​ត្រូវ​ដឹង​ច្បាស់​ថា ការ​ជែង​នេះ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​។ ដើម្បី​ប្រាកដថា ការ​ជែង ឬ​វ៉ា របស់ខ្លួន​គ្មាន​គ្រោះថ្នាក់ តើ​អ្នកបើកបរ​យានជំនិះ​ត្រូវ​បើកបរ ត្រូវធ្វើ​ដូចម្តេចខ្លះ​?



​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ត្រូវ​ជែង​ខាងឆ្វេង ប៉ុន្តែ​ក៏​អាច​ជែង​ខាងស្តាំ​បានដែរ ក្នុងករណី​យានយន្ត​ដែល​ត្រូវ​ជែង​នោះ កំពុង​ធ្វើ​សញ្ញា​ប្តូរ​ទិស​ខាងឆ្វេង​ហើយ​ឈប់ ឬ​ត្រៀម​ដើម្បី​បត់​ឆ្វេង​។

​មាត្រា ១៩ ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥ ចែងថា មុននឹង​ជែង អ្នកបើកបរ​ត្រូវ​ដឹង​ច្បាស់​ថា ការ​ជែង​នេះ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​។ ដោយ​ត្រូវ​អនុវត្តតាម​មាត្រា​១៩ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក យានយន្ត​អាច​ជែង​បាន នៅពេលដែល​៖

១.​ឃើញច្បាស់​ថា​នៅខាងមុខ​គ្មាន​ឧបសគ្គ ហើយ​អាច​បើកចូលទៅ​ក្នុង​គន្លង​ចរាចរណ៍​ប្រក្រតី​នៅពេល​ជែង​រួច ដោយ​មិន​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​របស់​អ្នកដទៃ​។
២. គ្មាន​អ្នកបើកបរ​យានជំនិះ​ណាមួយ​ដែល​នៅ​ពីក្រោយ​ខ្លួន ចាប់ផ្ដើម​សុំ​ជែង​ខ្លួន​។​
៣. គ្មាន​ឲ្ស​សញ្ញា​សុំ​ជែង​យាន​ផ្សេងទៀត ពី​អ្នកបើក​យានជំនិះ​ខាងមុខ​ខ្លួន​។​
៤. ត្រូវ​ដឹង​ច្បាស់​ថា​ល្បឿន​សមាមាត្រ រវាង​យានយន្ត​ទាំងពីរ អាច​ជែង​ក្នុង​រយៈ​ខ្លី​បំផុត​បាន​។​
៥. ត្រូវធ្វើ​សញ្ញា​សុំ​ជែង ដោយ​ប្រើ​សញ្ញា​ប្តូរ​ទិស​ខាងឆ្វេង ហើយ​ករណី​ចាំបាច់ ត្រូវ​ប្រើ​បន្ថែម​ភ្លើង​កូត ហ្វា​ឆ្លាសគ្នា​នៅពេល​យប់ ឬ​ស៊ី​ផ្លេ​នៅពេល​ថ្ងៃ លើកលែងតែ​ទីប្រជុំជន ដែល​ការប្រើប្រាស់​ស៊ី​ផ្លេ​ជែង​ត្រូវ​ហាមឃាត់​។​
៦. ត្រូវ​ដឹង​ច្បាស់​ថា អ្នកបើកបរ​យានជំនិះ​ខាងក្រោយ​និង​ខាងមុខ​បានដឹង​អំពី​ការសុំ​ជែង​របស់ខ្លួន​ហើយ​។​

​នៅពេល​ដឹងថា​យាន​ខាងក្រោយ​សុំ​ជែង អ្នកបើកបរ​យាន​ខាង​មុខ ត្រូវ​ត្រួតពិនិត្យ​ផ្លូវ​ចំណែក​ខាងមុខ​ខ្លួន បើ​គ្មាន​ឧបសគ្គ​អ្វី​ទេ ត្រូវ​ឲ្យ​សញ្ញា​ប្តូរ​ទិស​ខាងស្ដាំ ឬ​លើកដៃ​ឆ្វេង​ឡើងលើ​បត់​ទៅ​ស្ដាំ និង​បន្ថយល្បឿន​អែប​ទៅខាង​ស្ដាំ ជា​សញ្ញា​ឲ្យ​យាន​ខាងក្រោយ​ដែល​សុំ​ជែង​ដឹងថា អាច​ជែង​បាន​។ ក្នុងករណី​អ្នកបើក​ខាងមុខ​មើលឃើញថា​នៅ​ចំណែក​ផ្លូវ​ខាងមុខ​ខ្លួន​មិន​ទំនេរ ឬ​មាន​ឧបសគ្គ ត្រូវធ្វើ​សញ្ញា​ប្ដូរ​ទិស​ខាងឆ្វេង ឬ​លាតដៃ​ឆ្វេង​សន្ធឹង​ត្រង់​ទៅខាង​ក្រៅ ជា​សញ្ញា​ឲ្យ​ដឹងថា ការ​ជែង​ពុំ​អាច​ធ្វើទៅ​បានទេ​។​

​នៅពេលដែល​ជែង អ្នកបើកបរ​ត្រូវ​បង្កើនល្បឿន និង​ទុកចន្លោះ​ពី​យាន​មួយទៀត​យ៉ាងតិច មួយ​ម៉ែត្រ​។​

​នៅលើ​ទ្រូងផ្លូវ​គ្មាន​គំនូស​បង្ហូត អ្នកបើកបរ​យាន​អាច​ជែង ដោយ​ប្រើប្រាស់​ទ្រូងផ្លូវ​មួយ​ចំហៀង​បាន ប្រសិនបើ​ទង្វើ​នេះ មិន​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​រំខាន​ដល់​យាន​ដែល​បើក​ផ្ទុយ​នឹង​ទិស​របស់ខ្លួន​។​

​នៅពេល​ជែង​ផុត អ្នកបើកបរ​ត្រូវធ្វើ​សញ្ញា​ប្តូរ​ទិស​ខាងស្ដាំ​វិញ ដើម្បី​ឲ្យ​ដឹងថា ខ្លួន​ត្រូវ​ចូលក្នុង​គន្លង​ចរាចរណ៍​របស់ខ្លួន​វិញ​។​

​មាត្រា​ដដែល ក៏បាន​ហាម​ជែង​គ្នា​ដែរ ក្នុងករណី ជែង​គ្នា​ជា​បី​ជួរ (​ជែង​លើ​រថយន្ត​កំពុង​ជែង​គ្នា​) និង​នៅ​កន្លែង​មាន​សញ្ញា​ហាម​ជែង​។ ចំណុច​ផ្លូវ​កោង ផ្លូវ​ឡើង​ទួល នៅ​ជិត​ផ្លូវបត់ ផ្លូវខ្វែង ឬ​ផ្លូវ​រអិល នៅ​កន្លែង​កំពូល​ផ្លូវ​ចោទ ផ្លូវ​តូចចង្អៀត ឬ​ផ្លូវ​ដាក់​សញ្ញា​បន្ថយល្បឿន នៅលើ​ស្ពាន ឬ​ពេល​ចុះ​ចំណោត នៅក្បែរ​ការដ្ឋាន និង​នៅ​ជិត ឬ​កន្លែង​កំណាត់​ផ្លូវ​ដែល​ទុក​សម្រាប់​ថ្មើរជើង​ឆ្លងកាត់ ក៏​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​វ៉ា ឬ​ជែង​គ្នា​ដែរ​៕
 

Tag:
 ច្បាប់​
 ​ ចរាចរណ៍​
 ​ ជែង​
 ​ វ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com