រថយន្ត
អន្តរជាតិ
រថយន្ត​ចំណាស់ៗ​៥០​គ្រឿង​ចូលក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​នៅ​តំបន់ឆ្នេរ​ក្នុង​បារាំង​
05, Jun 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​កាលពី​ឆ្នាំ​១៨៩៨ តំបន់ Chanteloup-les-Vignes ប្រទេស​បារាំង បាន​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​នៅលើ​តំបន់ឆ្នេរ​លើកដំបូង និង​ត្រូវបាន​គេ​ជឿជាក់ថា ជា​ព្រឹត្តិការណ៍​លើកដំបូង​បំផុត​នៅលើ​ពិភពលោក​។ នា​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា កន្លងមក រថយន្ត​ចំណាស់ៗ​ប្រមាណ​៥០​គ្រឿង បាន​ចូលរួម​ប្រកួតប្រជែង ដើម្បី​អបអរ​ខួប​លើក​ទី​១១៩ នៃ​ព្រឹត្តិការណ៍​នេះ​។​



​លោក Serge Guillossou អ្នករៀបចំ​កម្មវិធី​ប្រកួត Chanteloup-les-Vignes បាន​ថ្លែងប្រាប់ Le Parisien ថា នេះ​ជា​ព្រឹត្តិការណ៍​ដែល​លើកទឹកចិត្ត​ដល់​មនុស្ស​ដែល​និយម​ម៉ូត​រថយន្ត​ចាស់ៗ បង្ហាញ​សមត្ថភាព​បើកបរ​របស់ខ្លួន​។ ជាមួយគ្នានេះ​ផងដែរ លោក Jean-Pierre Varennes បាន​អះអាងថា លោក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​នៅ​តំបន់ឆ្នេរ​នេះ អស់​រយៈពេល​៤​លើក​មកហើយ​។​



​ព្រឹត្តិការណ៍ Chanteloup-les-Vignes ផ្តល់​ភាព​រីករាយ​យ៉ាងខ្លាំង​ដល់​អ្នកចូលរួម​ប្រកួតប្រជែង និង​អ្នកទស្សនា​។ វា​មិន​សំខាន់​លើ​ការប្រកួត​ឈ្នះ​ចាញ់​នោះឡើយ ប៉ុន្តែ​នាឱកាស​នោះ គេ​អាច​មើលឃើញ​ម៉ូត​រថយន្ត​ចំណាស់ៗ ដែល​ផលិត​នៅមុន​ឆ្នាំ​១៩៦៥ រួមមាន Nagan, Cadillac ឆ្នាំ​១៩០៧, Talbot ឆ្នាំ​១៩៥៦, Berte RBS ឆ្នាំ​១៩៤៨ ជាដើម​៕




© រក្សាសិទ្ធិដោយ thmeythmey.com