ជាតិ
អតីត​ប្រធាន និង​ប្រធាន​CNRP ត្រេកអរ​នឹង​លទ្ធផល និង​រំពឹង​ឈ្នះ​ឆ្នាំ ២០១៨
05, Jun 2017 , 10:59 pm        
រូបភាព
រូបឯកឧត្តម កឹម សុខា និងលោក សម រង្ស៊ី នៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ ២០១៣
រូបឯកឧត្តម កឹម សុខា និងលោក សម រង្ស៊ី នៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ ២០១៣
ដោយ:
​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ទំនង​ពេញ​ចិត្តនឹង​លទ្ធផល​ក្រៅ​ផ្ល​វ​ការដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​នេះ​។ លោក សម រង្ស៊ី មាន​សុ​ទិដ្ឋិ​ន​យម​ដូច​ឯកឧត្តម កឹម សុខា ថា លទ្ធផល​នេះ បង្ហាញថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខ​។



Twitter ជា​បណ្តាញ​សង្គម​ដែល​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម រង្ស៊ី បង្ហាញ​ពី​ការយល់ឃើញ​របស់លោក​ជុំវិញ​លទ្ធផល​ក្រៅផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។ លោក សម រង្ស៊ី លើកឡើងថា ការបោះឆ្នោត​ឃុំ សង្កាត់ អាណត្តិ​នេះ សំឡេងគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ ៤៦ ភាគរយ ដែលជា​សញ្ញា​សម្រាប់​ឈ្នះឆ្នោត​នៅ ឆ្នាំ ២០១៨​។ លោក បញ្ជាក់​តាម​Twitter របស់លោក​យ៉ាងនេះ​ថា​៖«​លទ្ធផល​ទាំងនេះ គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ សម្រាប់ CNRP ទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខ​»​។​

​ជាមួយគ្នានេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា អះអាង​នូវ​លទ្ធផល​ក្រៅផ្លូវការ​ដែល​គណបក្ស​លោក​ទទួលបាន​ថា គណបក្ស​សង្គ្រោះ​ជាតិ ដណ្តើម​តំណែង​ជា​មេឃុំ ចៅសង្កាត់​ប្រមាណ​ជិត ៥០០ ឃុំ​សង្កាត់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ចំនួន​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ក្រុមប្រឹក្សាឃុំ​-​សងកាត់​ទូទាំងប្រទេស​។ តាមរយៈ​លិខិត​នៅ​ថ្ងៃទី ៥ ខែមិថុនា ឯកឧត្តម កឹម សុខា បន្ថែម​ដូច្នេះ​ថា​៖«​យើង​ដណ្តើមបាន​ពី​បក្ស​កាន់អំណាច យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ សបញ្ជាក់​ឲ្យ​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ជោគជ័យ​មួយ​ជំហាន​ធំ​ទៀតហើយ ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ​ក្នុងការ​គ្រប់គ្រង​ដឹកនាំ​ឃុំ សង្កាត់​»​។

​ឯកឧត្តម កឹម សុខា មាន​សុ​ទិដ្ឋិ​ស្រដៀង​លោក សម រង្ស៊ី ជុំវិញ​ការបោះឆ្នោត ឆ្នាំ ២០១៨ បែបនេះ​ថា​៖«​លទ្ធផល​នេះ​ផងដែរ គឺជា​មូលដ្ឋាន ដែល​អាច​បញ្ជាក់ថា យើង​នឹង​ទទួលបាន​ជ័យជម្នះ​មួយ​ជំហាន​ទៀត ក្នុងការ​ជ្រើស​សមាជិក​រដ្ឋសភា ឆ្នាំ ២០១៨ និង​ដើម្បី​ឈានទៅ​ដឹកនាំ​ប្រទេស​នាពេល​ឆាប់ៗ​ខាងមុខនេះ​»​។

​សហសេវិក​លោក​សម រង្ស៊ី រូបនេះ ពន្យល់ថា មូល​ហេតុដែល​ឯកឧត្តម រំពឹងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះឆ្នោត​នៅ​ឆ្នាំ ២០១៨ ដោយសារ​ផ្អែកលើ​លទ្ធផល​នៃ​ការបោះឆ្នោត​កន្លងមក​។ « បទពិសោធន៍​កន្លងមក ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គណបក្សប្រឆាំង​តែង​បាន​សំឡេងគាំទ្រ​លើស ១៥ ភាគរយ​នៃ​ចំនួន​ពេល​បោះឆ្នោត​ឃុំ សង្កាត់​»​។ ឯកឧត្តម កឹម សុខា បញ្ជាក់​យ៉ាងនេះ ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ចូលរួម​ជាមួយ​គណបក្ស ដើម្បី​ឆ្ពោះទៅរក​ជ័យជម្នះ​នៅ​ឆ្នាំ ២០១៨ ៕


Tag:
 កឹម សុខា​
  សម រង្ស៊ី​
  បោះឆ្នោត​ឃុំ សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com