ជាតិ
បទវិភាគ
តើ​លទ្ធផល​ឃុំ​សង្កាត់​ជា​ស្នូរ​ជួង​សម្រាប់ CPP និង​ជាការ​ធ្វើ​តេ​ស្តិ៍​សាកល្បង​សមត្ថភាព CNRP មែន​ឬទេ​?
06, Jun 2017 , 11:15 am        
រូបភាព
​ភ្នំពេញ​៖ លទ្ធផល​ក្រៅផ្លូវការ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​បន្តកាន់កាប់​តំណែង​មេឃុំ​ចៅសង្កាត់​ប្រមាណ​ជា​៧០%​ដែល​ស្មើនឹង​ជាង​១១៥០​មេឃុំ​ចៅសង្កាត់ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​តំណែង​មេឃុំ​ចៅសង្កាត់​ប្រមាណ​ជា​៣០% ពោលគឺ​ស្មើនឹង​ចំនួន​ជិត​៥០០​មេឃុំ​ចៅសង្កាត់​។ តើ​ការ​ថមថយ​នៃ​ចំនួន​មេឃុំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការកើនឡើង​នៃ​ចំនួន​មេឃុំ​ចៅសង្កាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អាចជា​ស្នូរ​ជួង​សម្រាប់ CPP និង​ជាការ​ធ្វើ​តេ​ស្តិ៍​សាកល្បង​សមត្ថភាព CNRP មែន​ឬទេ​?



​ប្រសិនបើ​គេ​និយាយ​ពី​លក្ខណៈ​សត្យានុម័ត​ផ្អែកលើ​តួលេខ​ជាក់ស្តែង​ក្រៅផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ឈ្នះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ ព្រោះ គណបក្ស​ដែល​កាន់អំណាច​យូរលង់​មួយ​នេះ នៅតែ​បន្ត​គ្រង់​គ្រង​តំណែង​មេឃុំ​ចៅសង្កាត់ និង​ចំនួន អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ច្រើនជាង​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល បើទោះបីជា​សំឡេងគាំទ្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​កើនឡើង​ច្រើន​ក៏ដោយ​។

​ប្រទេស​កម្ពុជា​ទាំងមូល​មាន​ឃុំ​សង្កាត់​ចំនួន​១៦៤៦ និង​មាន​ចំនួន​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាង​១១៥០០​។ កាលពី​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ គណបក្ស​ប្រជាជន​កម្ពុជា​ដណ្តើមបាន​មេឃុំ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ស្ទើរតែ​ទាំងអស់​។ តែ​លទ្ធផល​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បន្តកាន់កាប់​តំណែង​មេឃុំ​ជាង​១១៥០​តំណែង​ដដែល​។ តែ​ចំនួន​តំណែង​មេឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​(​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី​) បាន​កើនឡើង​ពី​៤០​មេឃុំ​ចៅសង្កាត់​មក​ជិត​៥០០​មេឃុំ​ចៅសង្កាត់​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៧​នេះ​។



​សម្រាប់​លទ្ធផល​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ម្សិលមិញ បើទោះបីជា​ចំនួន​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ​កើន​ឡើ​ក៏ដោយ​ក្តី ក៏​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា សំឡេងឆ្នោត​គណបក្ស​ប្រជាជនមាន​ការកើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ និង​ខ្ពស់ជាង​បក្ស​ផ្សេងទៀត​នៅ​កម្ពុជា​។ បើ​ផ្អែក​តាម​តួលេខ​មិន​ផ្លូវការ ក្នុងចំណោម​ចំនួន​អ្នកបោះឆ្នោត​មាន ៦ ៧៤៣ ៣២៩ សំឡេង​, គណបក្ស​ប្រជាជន​ទទួលបាន​ចំនួន ៣ ៥២៩ ៤០០ សំឡេង ពោលគឺ​ស្មើនឹង ៥១,៣៩ % ហើយ​វា​កើនឡើង​ជាង ៣០ ម៉ឺន សំឡេង បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣​កន្លងមក​។ ងាក​មក​គណបក្សប្រឆាំង​វិញ  គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា ខ្លួន​ទទួលបាន​សំឡេងឆ្នោត​ជាង​៣​លាន​សំឡេង​ដែរ​។ តាមរយៈ​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅពេលនេះ សម្តេច ហ៊ុន សែន សង្ឃឹមទុក​ជាមុន​ថា គណបក្ស​របស់លោក​នឹង​នៅតែ​បន្ត​គ្រប់គ្រង​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា និង​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ដដែល​ស​ម្រា​ប់​ការបោះឆ្នោត​ឆ្នាំ​២០១៨​។

​តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ការបាត់បង់​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គេ​អត្ថាធិប្បាយ​បែប​លក្ខណៈ​នយោបាយ​ថា វា​គឺជា​ស្នូរ​ជួង​បន្លឺ​ប្រាប់​គណបក្សកាន់អំណាច​មួយ​នេះ ឲ្យ​បន្ត​ប្រឹងប្រែង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​បន្ថែមទៀត ប្រសិនបើ​គណបក្ស​មួយ​នេះ មិន​ចង់​ឲ្យ​ស្ថានភាព​សំឡេងឆ្នោត​ប្រែប្រួល​ស្រុតចុះ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខនេះ​។



«​កំណែទម្រង់​ស៊ីជម្រៅ​សម្រាប់​ផលប្រយោជន៍​មហាជន គឺជា​រឿង​ស្លាប់​រស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​សំឡេងឆ្នោត​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ខុសគ្នា​ប្រមាណ​ជា​កន្លះ​លាន​សន្លឹក​តែប៉ុណ្ណោះ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ​»​។ នេះ បើ​យោងតាម​មតិ​របស់​អ្នកវិភាគ​មួយចំនួន​។ តួលេខ​ខ្លះ បាន​បញ្ជាក់ថា ចំនួន​ពលរដ្ឋ​ដែល​មិន​បានមក​បោះឆ្នោត​មាន​ចំនួន​ប្រមាណ​ជា​១​លាន​សំឡេង​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ថ្ងៃអាទិត្យ​ទី​៤​ខែមិថុនា​កន្លងមក​។ សំឡេង​អវត្តមាន​នេះ គឺជា​សំឡេង​ដែល​គណបក្ស​ទាំងពីរ​ត្រូវ​ដណ្តើម​គ្នា​សម្រាប់​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាងមុខនេះ​។

​ងាក​មក​និយាយ​ពី​រឿង​ការកើនឡើង​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កា​ត់នៃ​គណបក្ស​សង្គ្រោះ​វិញ វា​គឺជា​ការធ្វើ​តេ​ស្តិ៍​សាកល្បង​សមត្ថភាព​មេឃុំ ក្រុមប្រឹក្សាឃុំ​សង្កា​ត់នៃ​គណបក្សប្រឆាំង​មួយ​នេះ​។

​កាលពី​ឆ្នាំ​២០១២ គណបក្ស​សង្គ្រោះ​ជាតិ បើ​បូក​បញ្ចូល​គ្នា​(​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​) ទទួលបាន​ត្រឹមតែ​៤០​មេឃុំ​ចៅសង្កាត់​ប៉ុណ្ណោះ​។ តែ​ពេលនេះ ចំនួន​មេឃុំ​ចៅសង្កាត់​បាន​កើនឡើង​រហូតដល់​ជិត​ចំនួន​៥០០​។ ចំនួន​កើនឡើង គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​គណបក្សប្រឆាំង​។ ប៉ុន្តែ ប្រសិនបើ​មេឃុំ​ចៅសង្កាត់​ទាំងនោះ មិនអាច​បំពេញ​កាតព្វកិច្ច​តាម​ការសន្យា ដូច​មុន​ការបោះឆ្នោត​ទេនោះ ពេលនោះ ប្រជាប្រិយភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​នឹង​ការធ្លាក់ចុះ ព្រោះថា ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​ខ្មែរ​នាពេល​បច្ចុប្បន្ន​មាន​ភាព​វ័យឆ្លាត​ខ្លាំងណាស់​។ ពួកគេ​អាច​បោះឆ្នោត​ដំឡើង តែ​ពួកគេ​ក៏​អាច​បោះឆ្នោត​ទម្លាក់​វិញ​ដែរ​។

​តើ​មេឃុំ​-​ចៅសង្កាត់​, សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​អាចដឹកនាំ​, ពិតជា​អាច​ដោះស្រាយ​បញ្ហា​, ពិតជា​ស្មោះត្រង់​នឹង​ពលរដ្ឋ និង​ពិតជា​អាច​អភិវឌ្ឍ ឃុំ​សង្កាត់​របស់ខ្លួន​ឲ្យ​រីកចម្រើន​តាម​ការសន្យា​បានដែរ​ឬទេ​? សូមបញ្ជាក់ថា ការនិយាយ​, ការគិត​, ការបង្កើត​គម្រោង និង​ការអនុវត្ត​ជាក់ស្តែង​មាន​លក្ខណៈ​ខុសគ្នា​។ ដូច្នេះ ចម្លើយ​ចំពោះ​សំណួរ​ខាងលើនេះ មានតែ​ពេលវេលា និង​ការអនុវត្ត​ជាក់ស្តែង​ទេ ដែល​អាច​បក ស្រាយ​ជូន​ចំពោះ​ម្ចាស់ឆ្នោត​បាន​៕


Tag:
 សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com