ជាតិ
និស្សិតចិនស្វែងយល់ពីការផលិតកុលាលភាជន៍ក្នុងតំបន់អង្គរ
× សៀមរាប៖ ក្រុមនិស្សិតផ្នែកនរវិទ្យា នៃសាកលវិទ្យាល័យចិនហុងកុង ឬ The Chinese University of Hong Kong បានចុះកម្មសិក្សា និងស្វែងយល់ពីកុលាលភាជន៍ក្នុងតំបន់អង្គរ។ តាមអ្នកស្រាវជ្រាវ កុលាលភាជន៍ចិនត្រូវបានប្រទះឃើញនៅអង្គរ ដែលនេះបង្ហាញពីទំនាក់ ទំនងនៃប្រទេសទាំងពីរនេះ។
លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាគ្រូដឹកនាំកម្មសិក្សា បានឲ្យដឹងថា ដំណើរចុះកម្មសិក្សារបស់ក្រុមនិស្សិតចិននេះ គឺជាគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ ដើម្បីសិក្សាពីកុលាលភាជន៍ខ្មែរ និងចិន ដែលតាមការស្រាវជ្រាវមានតាំងពីសម័យអង្គរមក។
ទាក់ទងនឹងកុលាលភាជន៍ លោកបណ្ឌិត អ៊ា ដារិទ្ធ បានបង្ហាញទៅនិស្សិតចិន អំពីការវិវត្តន៍កុលាលភាជន៍ខ្មែរ ក្នុង២ដំណាក់កាលដាច់ពីគ្នា ដែលដំណាក់កាលពីមួយពីសតវត្សរ៍ទី៩ ដល់ទី១១ និងដំណាក់កាលទីពីរ ពីសតវត្សរ៍ទី១១ ដល់១៥។
ដោយឡែកខាងសាកលវិទ្យាល័យចិនហុងកុង ក៏បាននាំកុលាលភាជន៍ពីស្រុកចិន ដែលបានមកពីការធ្វើកំណាយនៃឡដុតកុលាលភាជន៍ចំនួន១០ទីតាំងផ្សេងគ្នា មកបង្ហាញដល់និស្សិតខ្មែរ និងអ្នកស្រាវជ្រាវខ្មែរ ឲ្យបានយល់ដឹងពីកុលាលភាជន៍ពួកគេផងដែរ។
តាមលោក ដារិទ្ធ កុលាលភាជន៍របស់ចិន និងខ្មែរ មានភាពស្រដៀងគ្នាច្រើន ពិសេសនៅដើម សម័យអង្គរ ដូចជាមានរូបសត្វ និងពណ៌ជាដើម ដែលការប៉ាន់ស្មាន ដោយសារប្រទេសនេះ រងឥទ្ធិពលពីគ្នាទៅវិញទៅមក។
ក្រៅពីស្វែងយល់ពីការងាររបស់អាជ្ញាធរជាតិអប្សរានៅតំបន់អង្គរ និងការផលិតកុលាលភាជន៍ ខ្មែរហើយនោះ ក្រុមនិស្សិតចិន នឹងរៀនធ្វើកុលាលភាជន៍នៅរោងសិប្បកម្មបាគងផងដែរ ដើម្បីស្វែងយល់ពីការងារទាំងនេះ។ លោក ដារិទ្ធ ពន្យល់ថា នេះជាពេលវេលាដ៏ប្រសើរ ដែលនិស្សិតបរទេសមកទទួលការបណ្តុះបណ្តាលពីខ្មែរ ដែលខុសពីមុន ដែលនិស្សិតខ្មែរ ត្រូវបានបណ្តុះបណ្តាលដោយបរទេស៕
Tag:
កុលាលភាជន៍
អ៊ា ដារិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com