បទយកការណ៍ / បទសម្ភាសន៍
លោក ជិន សុខ​ង៉េ​ង​៖ គេ​មិនអាច​យក​វ័យ​មក​ធ្វើ​ខ្នាត​វាស់​បទពិសោធន៍ និង​សមត្ថភាព​ឡើយ​
10, Jun 2017 , 5:19 pm        
រូបភាព
 
​សៀមរាប​៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដែល​ធ្វើ​ឲ្យ​មហាជន​ស្ទើរ​មិន​ជឿ បន្ទាប់ពី​លោក ជិន សុខ​ង៉េ​ង ដែល​ទើប​មាន អាយុ​ត្រឹម​២៦​ឆ្នាំ បាន​ឈរឈ្មោះ និង​ដណ្តើម​តំណែង​ជា​ចៅសង្កាត់​សាលា​កំរើក​ថ្មី នៅ​ក្រុង​សៀមរាប​។  ជិន សុខ​ង៉េ​ង មិន​យល់ស្រប​ទេ ចំពោះ​មតិ​ដែល​លើកឡើងថា ក្មេង​គ្មាន​បទពិសោធន៍ គ្មាន​សមត្ថភាព​ដឹកនាំ​។ សុខ​ង៉េ​ង ពន្យល់ថា គេ​មិនអាច​យក​ខ្នាត​អ្វីមួយ មក​វាស់​ពីបទ​ពិសោធន៍ និង​សមត្ថភាព​ឡើយ តែ​ផ្ទុយទៅវិញ ក្មេង​អាចធ្វើ​អ្វីមួយ​ប្រសើរ​ជាង​មនុស្ស​ចាស់​ក៏​ថា​បាន​។​

 
​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម យុវជន ជិន សុខ​ង៉េ​ង មាន​បងប្អូន​ចំនួន​២​នាក់ ហើយ លោក​គឺជា​កូនច្បង​។ លោក​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ​២០០៩ និង​បន្ត​រៀន​ថ្នាក់ មហាវិទ្យាល័យ​នៅ​សាលា​វិទ្យាសាស្ត្រ​សុខាភិបាល ហៅ​កាត់​សាលា​ក្រហម ឯកទេស​ជំនាញ កុមារ​។ ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​២០១៥ សុខ​ង៉េ​ង បាន​ចូលប្រឡូក​ក្នុង​នយោបាយ​ភ្លាម បន្ទាប់ពី​គេ​បាន​ចូលរួម​ជា​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​ឆ្នាំ​២០១២​មក​។ សុខ​ង៉េ​ង បាន​ចុះមក​ដឹកនាំ​ក្រុមយុវជន​នៅ​ខេត្តសៀមរាប​នៅ​ឆ្នាំ​២០១៥ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ  គេ​ក៏មាន​ឳ​កាស​ឈរឈ្មោះ​ដណ្តើម​តំណែង​ចៅសង្កាត់​សាលា​កំរើក ក្នុង​ក្រុង​សៀមរាប​។​
 
​តើ​យុវជន ជិន សុខ​ង៉េ​ង មាន​គោលនយោបាយ​បែបណាខ្លះ ដើម្បី​ដឹកនាំ និង​អភិវឌ្ឍន៍ សង្កាត់​សាលា​កំរើក​? សូម​ស្តាប់​បទ​សម្ភាស​ខាងក្រោម​នេះ​ដូចតទៅ​៖
 
 
​អ៊ី​សា រ៉​ហា​នី​៖ លោក សុខ​ង៉េ​ង នៅពេលដែល​លោក​ដឹង​ពី​លទ្ធផល ដែល​លោក​ជាប់​ជា​ចៅសង្កាត់​សាលា​កំរើក តើ​ពេលនោះ លោក​មាន​អារម្មណ៍​បែបណា​?
 
​ជិន សុខ​ង៉េ​ង​៖ ជាបឋម​ខ្ញុំ​សូម​គោរព​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​បងប្អូន និង​យុវជន​នៅ​សង្កាត់​សាលា​កំរើក ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គាំទ្រ​រូបខ្ញុំ និង​សហការី​នៅ​សង្កាត់​សាលា​កំរើក ដែល​ទទួលបាន​ជោគជ័យ​ដ៏​ត្រ​ចេះ​ត្រចង់​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេល​កន្លងមក​។ លទ្ធផល​នេះ គឺ​បង្ហាញ​ពី ប្រជាពលរដ្ឋ​ដែល​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ ដែល​នៅ​សង្កាត់​សាលា​កំរើក គាត់​ឆ្លុះបញ្ចាំង​ពី​ភាព អវិជ្ជមាន​នៃ​ការដឹកនាំ​កន្លង​របស់​អាជ្ញាធរ​។ ហើយ​ទាំងអស់នេះ​ឆ្លុះបញ្ចាំង​អំពី តថភាព​ពិត​នៃ សង្គម​ផងដែរ​ក្នុងការ​រួមចំណែក​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ ដែល​ដឹកនាំ​យូរ​។ ខ្ញុំ​មាន​អារម្មណ៍​ថា នៅ​សង្កាត់​ខ្ញុំ​ត្រូវបាន​ផ្លាស់ប្តូរ​មេដឹកនាំ ហើយ​ខ្ញុំ​មាន​សេចក្តី​សប្បាយចិត្ត ជាមួយ​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​នៅ​សង្កាត់​សាលា​កំរើក មាន​សេចក្តីត្រេកអរ ចំពោះ​ការផ្លាស់ប្តូរ​នេះ ព្រោះ​ពួកគាត់​ចង់បាន​មេដឹកនាំ​ថ្មី ចង់​ឲ្យ​សង្កាត់​របស់គាត់​មានការ​អភិវឌ្ឍ​ឆាប់រហ័ស​។ 
 
​អ៊ី​សា រ៉​ហា​នី​៖ ចំណុច​ដំបូង នៅពេល​លោក​ក្លាយជា​ចៅសង្កាត់​ពេញលេញ តើ​អ្វីដែល​លោក​គិតថា​ជា​ចំណុច​អទិភាព​ដែល​ត្រូវធ្វើ​មុនគេ​?
 
​ងិន សុខ​ង៉េ​ង​៖ ចំណុច​អាទិភាព​ដែល​យើង​ត្រូវ​បម្រើ​ជូន​ពលរដ្ឋ គឺ​ទីមួយ ផ្នែក​សេវា​រដ្ឋបាល យើង​នឹង ធ្វើកំណែទម្រង់​សេវា​រដ្ឋបាល​ចាស់ ឲ្យ​ក្លាយជា​សេវា​រដ្ឋបាល​មួយ​ដែល​បម្រើ​ពលរដ្ឋ​ល្អ ដោយ​មិន​ពុករលួយ​។ ទី​ពីរ គឺ​ធ្វើឯកសារ​ជូន​ពលរដ្ឋ ដោយ​ទាន់ពេលវេលា តាម​ពេល​កំណ​ត់នៃ​ច្បាប់​។ ទី​បី ពាក់ព័ន្ធ​ទៅនឹង​កត្តា​ដែល​យើង​រៀបចំ​សេវា​រដ្ឋបាល​ដើរ​បានល្អ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អាច​ទទួលយកបាន​។ ហើយ អ្វីដែល​យើង​ត្រូវធ្វើ​បន្តទៀត តាម​ផែនការ​ដែរ គឺ​ទាក់ទង​ទៅនឹង​ការងារ​បរិស្ថាន​។ បរិស្ថាន​ជា កត្តា​សំខាន់បំផុត ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សាលា​កំរើក ព្រោះថា សង្កាត់​សាលា​កំរើក​គឺជា​សង្កាត់​មួយ​នៅក្នុង​ក្រុង​សៀមរាប ដែល​ប្រជាពលរដ្ឋ​គឺ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​។ បើសិន​យើង​អត់​បាន ផ្អែកទៅលើ​កត្តា បរិស្ថាន​ដែល​កេងចំណេញ​ពី​ផល​សេដ្ឋកិច្ច​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជូន​ពលរដ្ឋ​ទេ គឺ​ការអភិវឌ្ឍ​យើង​មិនបាន​ជោគជ័យ​ទេ​។ កត្តា​មួយទៀត គឺ​បញ្ហា​ដែល​យើង​ត្រូវ​សិក្សា គឺ​បញ្ហា​ប្រឈម ទាក់ទង​ទៅនឹង​ប្រព័ន្ធ​លូ ប្រព័ន្ធ​ផ្លូវ ដែល​ត្រូវ​ដោះ ស្រាយ​ផងដែរ​។ កន្លងមក​ប្រជាពលរដ្ឋ​មានការ​រអ៊ូរទាំ​ទៅនឹង​ការរៀប​ហេដ្ឋារចនាសម្ព័ន្ធ​នៅ ក្នុង​សង្កាត់​នេះ​។ ខ្ញុំ​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សិក្សា​អំពី​បញ្ហា​ទាំងអស់នេះ ដើម្បី​យកមក​ជជែក ហើយ​បង្កើត​វេទិកាសេរី​មួយ​ដើម្បី​ស្រង់​មតិ​ប្រជាពលរដ្ឋ ដើម្បី​យើង សិក្សា​ពី​បញ្ហា ដើម្បី​យើង​រក​មូលហេតុ​ទាំងអស់​ហ្នឹង គឺ​យើង​ត្រូវធ្វើ​ការដោះស្រាយ​បញ្ហា​។​
 
​អ៊ី​សា រ៉​ហា​នី​៖ ដោយសារ​លោក​នៅ​ក្មេង ខ្ញុំ​នៅ​ឆ្ងល់​ថា ហេតុអ្វី​ប្រជា​ពល​ដ្ឋ​ទាំងចាស់ ទាំង​ក្មេង បោះឆ្នោត​គាំទ្រ និង​ផ្តល់​ទំនុកចិត្ត​ដល់​លោក លោ​កមានអ្វី​ពិសេស​?
 
​ងិន សុខ​ង៉េ​ង​៖ ព្រោះថា​ពីមុន គេ​គិតថា ក្មេង​អត់​មាន​សមត្ថភាព​ទេ ក្មេង​អត់​មានបទពិសោធន៍ ទេ ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ គឺ​សង្គម ជាពិសេស​បច្ចេកវិទ្យា​ទំនើប យុវជន​មានការ រៀនសូត្រ​ជ្រៅជ្រះ ពួកគាត់​មិនដែល​ធ្វើ​ការងារ​ទាំងអស់​ហ្នឹង មិនមែន​អត់​មានបទពិសោធន៍​ទេ ព្រោះ​ពួកគាត់​មិន​ធ្វើការ​កន្លែង​ហ្នឹង តែ​ធ្វើ​នៅ​កន្លែង​ផ្សេង អ៊ីចឹង​បទពិសោធន៍​របស់គាត់ មាននៅ​កន្លែង​ផ្សេង ចុះបើ​បញ្ញវន្ត​ទាំងអស់ ដែល​គាត់​ចង់​ចូលរួម​អភិវឌ្ឍន៍​សង្គម ពួកគាត់​នឹង​រៀបចំខ្លួន ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់គាត់​។ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា រឿង​បទពិសោធន៍ រឿង​សមត្ថភាព យើង​មិនអាច​យក​ខ្នាត​អ្វី​យកមក​វាស់​ទេ​។  ដើម្បី​យក​ខ្នាត​មួយ​យកមក​វាស់​ថា អ្នក​ណាមួយ​មាន​សមត្ថភាព អ្នក​ណាមួយ​ប្រកបដោយ​គុណភាព គឺ​យើង​ត្រូវ​បើកឱកាស​ឲ្យ​យុវជន​ដឹកនាំ​នៅ​មូលដ្ឋាន ឲ្យ​ពួកគាត់​មានឱកាស​ក្នុងការ​ដឹកនាំ ទើប​ការងារ​ទាំងអស់​ជោគជ័យ​។ អ៊ីចឹង​យើង​មិនអាច​វាយតម្លៃ​អ្នកណាម្នាក់​ថា អត់​មានបទពិសោធន៍ អត់​ដែល​ដឹកនាំ​នៅ​ថ្នាក់ភូមិ​ឃុំ ប៉ុន្តែ​ពួកគាត់​ធ្លាប់​ដឹកនាំ​នៅ​ថ្នាក់លើ​ហ្នឹង​ទៀត​។​
 
​អ៊ី​សា រ៉​ហា​នី​៖  តើ​លោក​មាន​ចំណុច​ពិសេស​អ្វីខ្លះ ទើប​គណបក្ស​ឲ្យ​លោក​ឈរឈ្មោះ​នៅ​លេខ​រៀង​ទីមួយ​?
 
​ងិន សុខ​ង៉េ​ង​៖ ខ្ញុំ​មាន​លក្ខណៈពិសេស ហើយ​សហការី​ខ្ញុំ​ក៏មាន​ចំណុច​ពិសេស​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​ខ្ញុំ ចង់​បញ្ជាក់ថា ខ្ញុំ​ធ្លាប់​ដឹកនាំ​ស្ថាប័ន​យុវជន ជា​ស្ថាប័ន​ធំ​នៅ​ទូទាំង​ខេត្ត ហើយ​ខ្ញុំ​ក៏​ធ្លាប់ជា ប្រធានការិយាល័យ​កិច្ចការ​បោះឆ្នោត​ទទួលបន្ទុក​ទូទាំងប្រទេស​ដែរ​របស់​គណបក្ស ហើយ​ខ្ញុំ​មិនមែន​តែ​ធ្វើ​ការងារ​ទាំងអស់​ហ្នឹង​ទេ  ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​អង្គការ​នានា​ដែល​ចូលរួម​អភិវឌ្ឍន៍​សង្គម​។ ទាំងអស់នេះ ខ្ញុំ​នឹង​រៀបចំ​បទពិសោធន៍​រប​ស់​ខ្ញុំ រៀបចំ​ចំណេះដឹង​ដែល​ខ្ញុំ​មាន ហើយ​កម្លាំង​ដែល​ខ្ញុំ​មាន​ទាំងអស់​ហ្នឹង យកទៅ​អភិវឌ្ឍន៍​សង្កាត់​មួយ​នេះ​ឲ្យ​មានការ​អភិវឌ្ឍ​ពិតប្រាកដ​។ ហើយ​ខ្ញុំ​សុំ​បញ្ជាក់ដែរថា យុវជន​គឺ​គាត់​កម្លាំង​ថ្មី​។ កម្លាំង​ថ្មី គឺ​ពោរពេញ​ទៅដោយ សក្កា​នុព​ល​ក្នុងការ​អភិវឌ្ឍ​ភូមិ​ឃុំ​។ 
 
​អ៊ី​សា រ៉​ហា​នី​៖ លោក សុខ​ង៉េ​ង ដោយសារ​លោក​រៀន​ចប់​ថ្នាក់​វេជ្ជសាស្ត្រ​ជំនាញ​កុមារ​ទេ តើ​ហេតុអ្វី​បានជា​លោក​ចូលចិត្ត​នយោបាយ ហើយ​លោក​គិតថា លោក​មាន​សមត្ថភាព​គ្រប់ គ្រាន់​ទេ​ក្នុងការ​ដឹកនាំ​សង្កាត់​សាលា​កំរើក​?
 
​ងិន សុខ​ង៉េ​ង​៖ រឿង​ទាក់ទង​នឹង​ជំនាញ គឺជា​ផ្នែក​មួយ ប៉ុន្តែ​គេ​និយាយ​អំពី​ទេពកោសល្យ​របស់ មនុស្ស ព្រោះ​ទេពកោសល្យ​របស់​ម​មនុស្ស ហើយនឹង​បទពិសោធន៍​ដែល​ខ្ញុំ និង​សហការី​ខ្ញុំ ទទួលបាន​នៅក្នុង​សង្គម​។ បទពិសោធន៍​ទាំងអស់​ហ្នឹង គឺ​ខ្ញុំ​នឹង​យកទៅ​អនុវត្តន៍​នៅ​ថ្នាក់ភូមិ សង្កាត់ ហើយ​មិន​ត្រឹម​ប៉ុណ្ណឹង ខ្ញុំ​នៅ​វ័យក្មេង ខ្ញុំ​អាច​បន្ត​ការសិក្សា​ផ្នែក​ផ្សេងៗ​ទៀត ដែល​អាច ធ្វើ​ឲ្យ​សង្គម​របស់ខ្ញុំ មានការ​រីកចម្រើន​។ ទី​ពីរ អ្នក​នៅ​ជុំវិញ​ខ្ញុំ មិត្តភក្តិ​របស់ខ្ញុំ សុទ្ធសឹង​ជា បញ្ញវន្ត គាត់​នឹង​ផ្តល់​ប្រឹក្សា​ជូន​ខ្ញុំ​ជាច្រើន​ទៀត មិន​ត្រឹមតែ​នៅក្នុង​បណ្តុំ​របស់ខ្ញុំ​ទេ ពួកគាត់​នឹង រៀបចំ នឹង​ផ្តល់​គំនិត​យោបល់​ផ្សេងៗ​ទៀត ដើម្បី​អភិវឌ្ឍន៍​ភូមិ​ឃុំ​នេះ​ឲ្យ​មានការ​រីកចម្រើន​។​

​អ៊ី​សា រ៉​ហា​នី​៖ ទៅ​ថ្ងៃ​ខាងមុខ តើ​លោក​មាន​មហិច្ឆតា​បែបណា​ដែរ​ចំពោះ​នយោបាយ ក្រៅពី តំណែង​ជា​ចៅសង្កាត់ ថា តើ​ទៅ​ថ្ងៃមុខ​លោក​មានបំណង​ក្លាយជា​តំណាងរាស្ត្រ​ដែរឬទេ​?
 
​ងិន សុខ​ង៉េ​ង​៖ រឿង​មហិច្ឆតា​នរណា​ក៏មានដែរ​។ ប្រសិន​នរណាម្នាក់​និយាយថា ខ្លួន​អត់​ចង់ បាន​អី ធ្វើ​នយោបាយ​អត់​ចង់បាន​អី អ្នក​ហ្នឹង កុហក​ហើយ​។ ធ្វើ​នយោបាយ​គឺ​ចង់បាន ចង់បាន តំណែង​។ ប៉ុន្តែ​តំណែង​ហ្នឹង​យកទៅ​បម្រើ​ពលរដ្ឋ ដើម្បី​ប្រទេសជាតិ និង​មាតុភូមិ មិនមែន យក​តំណែង​នោះ យកទៅ​គាប​ប្រជាពលរដ្ឋ យកទៅ​គំរាមកំហែង​ប្រជាពលរដ្ឋ យកទៅ ប្រព្រឹត្តិ​អំពើពុករលួយ​នោះទេ​។ មហិច្ឆតា គឺ​សំដៅលើ​អ្វីដែល​ចង់បាន វា​មាន​ពីរ​ធាតុ​ផ្សំ​គឺ មហិច្ឆតា​ដែល​ចង់​ដឹកនាំ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​រីកចម្រើន មហិច្ឆតា​ចង់បាន​នូវ​លាភ​សក្ការ ផ្ទាល់ខ្លួន​។
ហើយ​ខ្ញុំ​សូម​បញ្ជាក់ដែរថា ជាទូទៅ​គេ​សិក្សា​ស្រាវជ្រាវ​ទៅ​ឃើញថា ប្រទេស​នៅ អឺរ៉ុប​ភាគច្រើន អ្នក​ដែល​គេ​ទទួលបាន​តំណែង គេ​គិត​ខ្លួនគេ គេ​ថា​គេ​ទទួលបន្ទុក​មួយ​ហើយ គេ​ត្រូវ​ទទួល​ការ​រ៉ាប់រង​ជាច្រើន ត្រូវ​បម្រើ​ពលរដ្ឋ​។ ប៉ុន្តែ​ខុស​នៅ​អាស៊ី​របស់​យើង កាលណា ទទួលបាន​តំណែង មានន័យថា ខ្លួន​ហ្នឹង​ត្រូវមាន​អំណាច​លើ​ប្រជាពលរដ្ឋ​។ សម្រាប់​ខ្ញុំ នឹង យក​អ្វីដែល​ខ្ញុំ​លើកឡើង​ដំបូង ដែល​ខ្ញុំ​បាន​សិក្សា​ថា​ផលប៉ះពាល់ គឺ​ខ្ញុំ​ត្រូវតែ​យក​ការដែល​ខ្ញុំបម្រើ​ពលរដ្ឋ ខ្ញុំ​អត់​យក​អ្វីដែល​ជិះជាន់​ពលរដ្ឋ ព្រោះ​សព្វថ្ងៃ យើង​ត្រូវ​ចាក់គ្រឹះ​ប្រជាធិបតេយ្យ នៅ​ថ្នាក់មូលដ្ឋាន ចឹ​ង​អ្នក​បញ្ញាវន្ត​ទាំងអស់ ត្រូវតែ​ចុះមក​មូលដ្ឋាន ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ ជាពិសេស​ការគោរព​សិទ្ធិមនុស្ស ជាពិសេស​អ្នក​ដែល​ចេះដឹង​ហ្នឹង​ត្រូវតែ​នៅជាប់​ជាមួយ ប្រជាពលរដ្ឋ កាលណា​នៅជាប់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ល្បឿន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​សង្គម របស់​យើង កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​៕
 

Tag:
 ​ជិន សុខ​ង៉េ​ង​
  សង្កាត់​សាលា​កំរើក
© រក្សាសិទ្ធិដោយ thmeythmey.com