ជាតិ
អាជ្ញាធរ​អប្សរា​៖ សំណង់​ខុសច្បាប់​នៅ​បរិវេណ​អង្គរ​ត្រូវ​រុះរើ​ជាបន្ទាន់​
10, Jun 2017 , 9:59 pm        
រូបភាព
 
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការរីក​រាលដាល​សំណង់​ខុសច្បាប់​ក្នុង​ឧទ្យាន​អង្គរ អំឡុង​ពេលមុន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​។ ក្តីបារម្ភ​នេះ បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា​រកឃើញថា មាន​សំណង់​ខាង​ហោចណាស់​ជាង​៥០០ ត្រូវបាន​សាងសង់​ក្នុង​ឧទ្យាន​អង្គរ ដែល​សំណង់​ខ្លះ​សង់​កៀក​សំណង់​ប្រាសាទបុរាណ​។​

 
​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​បានបង្ហាញ​ក្តីបារម្ភ​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងកំឡុងពេល​ពី​រស​ប្តា​ហ៍​ចាប់ពី​ថ្ងៃទី​២០ ខែឧសភា រហូតដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧ កន្លងមកនេះ សកម្មភាព​រំលោភ​សាងសង់ ចាក់ដី​បំពេញ​ខុសច្បាប់​ក្នុង​តំបន់​១​និង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ​មានការ​កើនឡើង​យ៉ាងគំហុក​បង្ក​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​បេតិកភណ្ឌ ក៏ដូចជា​កិច្ចការ​គ្រប់គ្រង អភិរក្ស​និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​រមណីយដ្ឋាន​អង្គរ ដែលជា​បេតិកភណ្ឌ​ពិភពលោក​និង​ជា​អត្តសញ្ញាណ​ជាតិ​ដ៏​ថ្លៃថ្លា​នៃ​កម្ពុជា​។ តំបន់​១​និង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ​ត្រូវបាន​កំណត់ដោយ​ព្រះរាជក្រឹត្យ​លេខ​០០១​នស ស្តីពី​ការកំណត់​និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប អង្គរ ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ជា​តំបន់​គ្របដណ្តប់​យ៉ាងច្រើន​ដោយ​ប្រាសាទបុរាណ និង​សំណល់​បុរាណវិទ្យា​ដែល​ចាំបាច់​ត្រូវការពារ​ក្នុង​ក​ម្រឹត​ខ្ពស់បំផុត​។ គួរ​កត់សម្គាល់ថា ព្រះរាជក្រឹត្យ​លេខ​០០១​នស គឺជា​ព្រះរាជក្រឹត្យ​ដំបូងបង្អស់​ដែល​ចុះ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ បន្ទាប់ពី​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ​១៩៩៣»​។​
 
 
​តាម​របាយការណ៍​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​សហប្រតិបត្តិការ ដែល​បាន​តាមដាន​កិច្ចការ​នេះ ទាំង​ការចាក់​បំពេញ​ដី និង​ការសាងសង់ សំណង់​ខុសច្បាប់​អំឡុង​ពេលមុន​បោះឆ្នោត មាន​ចំនួន ៥២៤​ករណី ហើយ​សំណង់​ទាំងនោះ​មាន​សង់​កៀក​នឹង​កំផែង​ប្រាសាទបន្ទាយក្តី​ផងដែរ​។ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ហៅ​សកម្មភាព ទាំំ​ង​នេះ​ថា​៖«…​បាន​ក្លាយជា​សកម្មភាព​អវិជ្ជមាន​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ការងារ​ថែរក្សា ការពារ និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ដែល​សហគមន៍​អន្តរជាតិ​និង​អង្គការ​យូណេស្កូ​តែងតែ​ចាត់ទុកជា​គំរូ​ត្រូវយក​តម្រាប់​តាម​ជា​លក្ខណៈ​អន្តរជាតិ ក៏ដូចជា​ធ្វើ​ឲ្យ​អាប់អោន​ដល់​កិត្យានុភាព​របស់​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​លើ​វិស័យ​ថែរក្សា ការពារ​បេតិកភណ្ឌ​។ លើសពីនេះ សកម្មភាព​ខុសច្បាប់​ទាំងនេះ​អាច​រំខាន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ព្យាយាម​បញ្ចូល​ប្រាសាទបុរាណ​ខ្មែរ​មួយចំនួនទៀត​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​»​។​
 
​អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​ម្ចាស់​សំណង់ ម្ចាស់​ដី​ចាក់​បំពេញ​ខុសច្បាប់​ទាំងអស់ ត្រូវ​រុះរើ​សំណង់​ទាំងនោះ​ជាបន្ទាន់ និង​ស្ម័គ្រចិត្ត និង​ដោយ​សា្មរ​តី​សហការ​ខ្ពស់​។ ក្នុងករណី​មិន ព្រម​រុះរើ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​កម្លាំងចម្រុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ចុះ​រុះរើ​៕
 











Tag:
 អង្គរ​
  សំណង់​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com