ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប សម្រេច​រាប់​សន្លឹក​ឆ្នោត​នៅឃុំ​ដូង​ឡើង​វិញ​
11, Jun 2017 , 11:01 am        
រូបភាព
ដោយ:
គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានសម្រេច​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅ​ការិយាល័យ​ចំនួន​២៣ ក្នុង​ឃុំ​ដូង​(​លេខ​កូដ​០៣៩) ខេត្តស្វាយរៀង​។ អ្នក​នាំពាក្យគ.ជ.ប លើកឡើងថា មូលហេតុដែលគ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញ ដោយសារមានបណ្តឹងពី​គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ​



​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត​ ការរាប់​សន្លឹកឆ្នោតឡើងវិញនេះ នឹងធ្វើ​ឡើង​នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃទី ១២ ខែមិថុនា នៅ​ទី​ស្តី​គ.ជ.ប។  គ​.​ជ​.​ប ស្នើ​ឲ្យ​អ្នក​អង្កេត​ការ​ជាតិ និង​អន្តរជាតិ អ្នកសារព័ត៌មាន និង​គណបក្សនយោបាយ ចូលរួម​តាមដាន​កា​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅក្នុងឃុំ​ដូង​នេះ​​។​

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​ លោក ហង្ស ពុទ្ធា​ បាន​​ពន្យល់​ប្រា​ប់​សារ​ព័ត៌​មាន​ថ្មី​ៗ ថា មូល​ហេតុ​ដែល​គ.ជ.​ប ​សម្រេច​រាប់សន្លឹក​ឆ្នោត​​ឡើង​វិញ​ ដោយសារ​មាន​បណ្តឹង​ពីគណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​។ លោក​ថា គណបក្ស​ប្រជាជនកម្ពុជា ប្តឹង​ឲ្យរាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅការិយាល័យចំនួន ៦ នៅក្នុងឃុំ​ដូង​នេះ ឯគណបក្ស​សង្គ្រោះជាតិ​ ប្តឹងឲ្យ​រាប់​សន្លឹក​ឆ្នោត​ទូទាំង ២៣ ការិយាល័យ​នៅក្នុងឃុំដូងនេះដែរ។ លោក ពុទ្ធា បញ្ជាក់យ៉ាងនេះថា៖« បក្សទាំង​ពីរ​នេះ បានប្តឹង​ទៅគណៈកម្មការរៀប​ចំ​ការ​បោះ​ឆ្នោត ឃុំ សង្កាត់ រហួតដល់ថ្នាក់ខេត្ត នៅតែមិនអាចដោះស្រាយបាន ទើបបណ្តឹង​នេះ​ធ្លាក់មកដល់គណៈកម្មាធិការកណ្តាល​របស់គ.ជ.ប ដែលមានសិទ្ធិសម្រេចចុងក្រោយបិទផ្លូវតវ៉ា»។  

នៅក្នុង​ឃុំ​ដូង ស្រុ​រមាសហែក ខេត្តស្វាយរៀង​នេះ មាន​គណបក្ស​បួន​ដែល​បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ថ្ងៃទី ៤ ខែមិថុនា កន្លងទៅ​។ បើតាម​លទ្ធផល​បឋម​រប​ស់គ​.​ជ​.​ប នៅ​ឃុំ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ២៥៩៩ សំឡេង គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ២៥៩៦ សំឡេង គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ទទួលបាន ១៦៧ សំឡេង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួលបាន​១៧២ សំឡេង​។ 

តាមលទ្ធផលបឋម របស់គ.ជ.ប គណបក្ស​សង្គ្រោះជាតិ​ បានយកឈ្នះគណបក្សប្រជាជនកម្ពុជា តែ ៣ សំឡេងប៉ុណ្ណោះ។ លោក ហង្ស ពុទ្ធា ឆ្លៀតឲ្យដឹងថា កាលពីពេលបណ្តឹងនេះដល់គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ថ្នាក់​ខេត្តស្វាយរៀង​ ​ហើយគណៈកម្មការខេត្តនេះ រាប់ឡើងវិញ រកឃើញថា គណបក្សប្រជាជនកម្ពុជា បានសំឡេងច្រើនជាងគណបក្ស​សង្គ្រោះជាតិ។ « ដោយសារចម្រូងចម្រាសបែបនេះ ទើបបណ្តឹងរាប់សន្លឹកឆ្នោតឡើងដល់គ.ជ.ប។ ហើយលទ្ធផលបឋម ដែលគណៈកម្មាធិការថ្នាក់ជាតិរបស់គ.ជ.ប បានប្រកាសរួចហើយថាគណបក្ស​សង្គ្រោះជាតិបានសំឡេងលើស បក្ស​ប្រជាជនកម្ពុជា ៣ សំឡេង យើងរក្សាដដែលសិន ដោយរង់ចាំលទ្ធផលសម្រេចនៅពេលរាប់ឡើងវិញនៅថ្ងៃទី ១២ មិថុនា»៕ 

Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com