ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
យានណាខ្លះ មានសិទ្ធិប្រើភ្លើងសញ្ញា និងសូរសព្ទពិសេស ពេលបំពេញបេសកម្ម?
× ភ្លើងសញ្ញាពិសេស មានច្រើនពណ៌ ដូចជាភ្លើងសញ្ញាពិសេសពណ៌ខៀវ ភ្លើងសញ្ញាពណ៌ក្រហម និងភ្លើងពណ៌លឿងទុំ។ ពណ៌នៃភ្លើងសញ្ញានីមួយៗ ត្រូវបានប្រើប្រាស់អង្គភាពផ្សេងៗគ្នា។ ក្រៅពីប្រើភ្លើងសញ្ញាពិសេស យានមានសិទ្ធិអាទិភាព ក៏អាចប្រើសញ្ញាសូរសព្ទរោទិ៍បន្ថែមទៀត ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន។
ភ្លើងសញ្ញាពិសេស គឺជាភ្លើងបន្ថែមមានជះពន្លឺផ្លេកបន្ទោរភ្លឹបភ្លែតៗវិលជុំវិញ និងមានច្រើនពណ៌។ ចំណែកឯសញ្ញាសូរសព្ទពិសេស (ស៊ីរ៉ែនរោទិ៍) ដែលប្រើប្រាស់សម្រាប់តែយានមានសិទ្ធិអាទិភាព។ នេះបើតាមមាត្រា២៩ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលបន្តបញ្ជាក់ថា៖
ភ្លើងសញ្ញាពិសេសពណ៌ខៀវ ឬក្រហម៖ ត្រូវប្រើសម្រាប់តែយានមានសិទ្ធិអាទិភាពប៉ុណ្ណោះ។ យានទាំងនោះ មានដូចជាយានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ និងមានសំឡេងស៊ីរ៉ែនផង នៅពេលកំពុងបំពេញភារកិច្ច ដើម្បីផ្តល់ដំណឹងទៅឲ្យ អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។ ដោយឡែកយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យ មានបន្ថែមសំឡេងស៊ីរ៉ែនរោទិ៍ពីរដងឡើងចុះៗ។
ក្នុងពេលបំពេញភារកិច្ច យានមានសិទ្ធិអាទិភាពទាំងអស់នេះ ក៏អាចបើកបរបញ្ច្រាសទិស នៅលើផ្លូវឯកទិស ក៏ដូចជានៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមបានដែរ ជាមួយនឹងល្បឿនមិនកំណត់។ យានទាំងនេះ មានសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និង បើកបរកាត់ ឬជាន់ខ្សែគំនូសបង្ហូតជាប់ដែរ។
ប៉ុន្តែទោះជាក្នុងករណីណាក៏ដោយ អ្នកបើកបរយានមានសិទ្ធិអាទិភាពទាំងអស់នេះ ត្រូវបើកបរដោយប្រុងប្រយ័ត្នជានិច្ច ចៀសវាងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត និងត្រូវគោរពដាច់ខាតសញ្ញាបញ្ជាដោយភ្នាក់ងារចរាចរណ៍។
មាត្រា២៩ នៃច្បាប់ចរាចរណ៍ផ្លូវគោក បញ្ជាក់ថា នៅពេលជួបយានមានសិទ្ធិអាទិភាពប្រើភ្លើងសញ្ញា និងសូរសព្ទពិសេសនេះ អ្នកកំពុងបញ្ជាយានយន្ដដទៃទៀត ត្រូវបន្ថយល្បឿន រួចអែបខាងស្ដាំ ឬឈប់ ដើម្បីទុកឲ្យយានទាំងនោះទៅមុន និងឆ្លងកាត់ដោយងាយស្រួល។
ភ្លើងសញ្ញាពិសេសពណ៌លឿងទុំ៖ ត្រូវប្រើសម្រាប់តែយានបម្រើការងារសាធារណៈ យានលាងសម្អាតផ្លូវ យានថែទាំជួសជុលផ្លូវ និងយានដឹកជញ្ជូនពិសេសបំពាក់ភ្លើងសញ្ញាពិសេសនេះ ហើយត្រូវបើកបរក្នុងល្បឿនយឺត។ យានទាំងនេះ មិនមានបន្ថែមសំឡេងស៊ីរ៉ែនទេ។ ក្នុងករណីជួបយានដែលបញ្ចេញពណ៌លឿងទុំ កំពុងបំពេញភារកិច្ច អ្នកបើកបរត្រូវប្រុងប្រយ័ត្ន ក្នុងការជៀស និងជែងយានទាំងនោះ។ នៅពេលជួបយានដែលបញ្ចេញពណ៌លឿងទុំ កំពុងបំពេញភារកិច្ច អ្នកបើកបរត្រូវប្រុងប្រយ័ត្ន ក្នុងការជៀស និងជែងយានទាំងនោះ៕
Tag:
ច្បាប់
ចរាចរណ៍
ភ្លើងសញ្ញា
សូរសព្ទពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com