ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
យាន​ណាខ្លះ មាន​សិទ្ធិ​ប្រើ​ភ្លើង​សញ្ញា និង​សូរសព្ទ​ពិសេស ពេល​បំពេញ​បេសកម្ម​?
12, Jun 2017 , 6:59 pm        
រូបភាព
ដោយ:
​ភ្លើង​សញ្ញា​ពិសេស មាន​ច្រើន​ពណ៌ ដូចជា​ភ្លើង​សញ្ញា​ពិសេស​ពណ៌​ខៀវ ភ្លើង​សញ្ញា​ពណ៌​ក្រហម និង​ភ្លើងពណ៌​លឿងទុំ​។ ពណ៌​នៃ​ភ្លើង​សញ្ញា​នីមួយៗ ត្រូវបាន​ប្រើប្រាស់​អង្គភាព​ផ្សេងៗ​គ្នា​។ ក្រៅពី​ប្រើ​ភ្លើង​សញ្ញា​ពិសេស យាន​មាន​សិទ្ធិ​អាទិភាព ក៏​អាច​ប្រើ​សញ្ញា​សូរសព្ទ​រោទិ៍​បន្ថែមទៀត ក្នុងពេល​បំពេញភារកិច្ច​របស់ខ្លួន​។​



​ភ្លើង​សញ្ញា​ពិសេស គឺជា​ភ្លើង​បន្ថែម​មាន​ជះ​ពន្លឺ​ផ្លេកបន្ទោរ​ភ្លឹបភ្លែតៗ​វិលជុំ​វិញ និង​មាន​ច្រើន​ពណ៌​។ ចំណែកឯ​សញ្ញា​សូរសព្ទ​ពិសេស (​ស៊ី​រ៉ែ​ន​រោទិ៍​) ដែល​ប្រើប្រាស់​សម្រាប់តែ​យាន​មាន​សិទ្ធិ​អាទិភាព​។ នេះ​បើតាម​មាត្រា​២៩ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​បន្ត​បញ្ជាក់ថា​៖

​ភ្លើង​សញ្ញា​ពិសេស​ពណ៌​ខៀវ ឬ​ក្រហម​៖ ត្រូវ​ប្រើ​សម្រាប់តែ​យាន​មាន​សិទ្ធិ​អាទិភាព​ប៉ុណ្ណោះ​។ យាន​ទាំងនោះ មានដូចជា​យាន​ពន្លត់​អគ្គិភ័យ យានសង្គ្រោះ​របស់​មន្ទីរ​ពេទ្យ យាន​នគរបាល យោធា កងរាជអាវុធហត្ថ ក្បួន​គណៈប្រតិភូ ក្បួន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ឬ​ក្បួន​យាន​ដែលមាន​នគរបាល​ចរាច​រណ៍​ផ្លូវគោក​នាំមុខ និង​មាន​សំឡេង​ស៊ី​រ៉ែ​ន​ផង នៅពេល​កំពុង​បំពេញភារកិច្ច ដើម្បី​ផ្តល់ដំណឹង​ទៅ​ឲ្យ អ្នកប្រើប្រាស់​ផ្លូវ​ផ្សេងទៀត​។ ដោយឡែក​យានសង្គ្រោះ​បន្ទាន់​សម្រាប់​មន្ទីរពេទ្យ មាន​បន្ថែម​សំឡេង​ស៊ី​រ៉ែ​ន​រោទិ៍​ពីរដង​ឡើង​ចុះៗ​។​

​ក្នុងពេល​បំពេញភារកិច្ច យាន​មាន​សិទ្ធិ​អាទិភាព​ទាំងអស់នេះ  ក៏​អាច​បើកបរ​បញ្ច្រាសទិស នៅលើ​ផ្លូវ​ឯកទិស ក៏ដូចជា​នៅពេល​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម​បានដែរ ជាមួយនឹង​ល្បឿន​មិន​កំណត់​។ យាន​ទាំងនេះ មាន​សិទ្ធិ​អាទិភាព​នៅលើ​ផ្លូវ​ប្រសព្វ និង បើកបរ​កាត់ ឬ​ជាន់​ខ្សែ​គំនូស​បង្ហូត​ជាប់​ដែរ​។​

​ប៉ុន្តែ​ទោះជា​ក្នុងករណី​ណាក៏ដោយ អ្នកបើកបរ​យាន​មាន​សិទ្ធិ​អាទិភាព​ទាំងអស់នេះ ត្រូវ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ជានិច្ច ចៀសវាង​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ផ្សេងទៀត និង​ត្រូវគោរព​ដាច់ខាត​សញ្ញា​បញ្ជា​ដោយ​ភ្នាក់ងារ​ចរាចរណ៍​។

​មាត្រា​២៩ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក បញ្ជាក់ថា នៅពេល​ជួប​យាន​មាន​សិទ្ធិ​អាទិភាព​ប្រើ​ភ្លើង​សញ្ញា និង​សូរសព្ទ​ពិសេស​នេះ អ្នក​កំពុង​បញ្ជា​យានយន្ដ​ដទៃទៀត ត្រូវ​បន្ថយល្បឿន រួច​អែប​ខាងស្ដាំ ឬ​ឈប់ ដើម្បី​ទុក​ឲ្យ​យាន​ទាំងនោះ​ទៅមុន និង​ឆ្លងកាត់​ដោយ​ងាយស្រួល​។​

​ភ្លើង​សញ្ញា​ពិសេស​ពណ៌​លឿងទុំ​៖ ត្រូវ​ប្រើ​សម្រាប់តែ​យាន​បម្រើ​ការងារ​សាធារណៈ យាន​លាង​សម្អាត​ផ្លូវ យាន​ថែទាំ​ជួសជុល​ផ្លូវ និង​យាន​ដឹកជញ្ជូន​ពិសេស​បំពាក់​ភ្លើង​សញ្ញា​ពិសេស​នេះ ហើយ​ត្រូវ​បើកបរ​ក្នុង​ល្បឿន​យឺត​។ យាន​ទាំងនេះ មិនមាន​បន្ថែម​សំឡេង​ស៊ី​រ៉ែ​ន​ទេ​។ ក្នុងករណី​ជួប​យាន​ដែល​បញ្ចេញ​ពណ៌​លឿងទុំ កំពុង​បំពេញភារកិច្ច អ្នកបើកបរ​ត្រូវ​ប្រុងប្រយ័ត្ន ក្នុង​ការជៀស និង​ជែង​យាន​ទាំងនោះ​។ នៅពេល​ជួប​យាន​ដែល​បញ្ចេញ​ពណ៌​លឿងទុំ កំពុង​បំពេញភារកិច្ច អ្នកបើកបរ​ត្រូវ​ប្រុងប្រយ័ត្ន ក្នុង​ការជៀស និង​ជែង​យាន​ទាំងនោះ​៕

Tag:
 ច្បាប់​
 ​ ចរាចរណ៍​
  ​ភ្លើង​សញ្ញា​
 ​ សូរសព្ទ​ពិសេស​
© រក្សាសិទ្ធិដោយ thmeythmey.com