ជាតិ
៣ខែដើមឆ្នាំ២០១៧កម្ពុជាទទួលបានទេសចរអន្តរជាតិជាង១,៥លាននាក់
× សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៥លាននាក់ ដែលចំនួននេះមានការកើនឡើង ១២%។
ថ្លែងក្នុងពិធីបើកជាផ្លូវការសន្និសីទអន្តរជាតិស្តីពីទេសចរណ៍ប្រកបដោយនិរន្តភាព និងទីក្រុងបេតិកភណ្ឌលើកទី១ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ លោក ថោង ខុន បានបន្ថែមថា ចំពោះកំណើនទេសចរដ៏ត្រចេះត្រចង់នេះ កម្ពុជាក៏រំពឹងថា នឹងអាចទទួលភ្ញៀវទេសចរចំនួន ៥,៤លាននាក់នៅក្នុងឆ្នាំ២០១៧នេះ ហើយរំពឹងថា នឹងទទួលបាន៧លាននាក់ នៅឆ្នាំ២០២០។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានរម្លឹកពីតួលេខទេសចរណ៍ក្នុងឆ្នាំ២០១៦ផងដែរ។ តាមលោករដ្ឋមន្ត្រី នៅឆ្នាំ២០១៦ វិស័យទេសចរណ៍កម្ពុជាបានបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ទៀត ដែលរួមចំណែកប្រមាណ ១២%នៃ GDP។
លោក ថោង ខុន បានលើកពីរបាយការណ៍ទេសចរណ៍របស់អង្គការទេសចរណ៍ពិភពលោក។ លោកបន្ថែមថា ចំណែកទីផ្សារទេសចរណ៍ពិភពលោកប្រមាណ ៤០%នៃទេសចរសរុប ជាទេសចរវប្បធម៌ និង២៥%ជាទេសចរតំបន់ឆ្នេរសមុទ្រ។ ដោយឡែកនៅកម្ពុជា ចំណែក ទេសចរអន្តរជាតិសរុបចូលចិត្តទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ពិសេសប្រាសាទអង្គរវត្ត និងតំបន់បេតិកភណ្ឌដទៃទៀត មានជាង៥០%។ នេះតាមការលើកឡើងរបស់លោក ថោង ខុន។
ទាក់ទងនឹងការងារទេសចរណ៍នេះដែរ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា នៅមានកិច្ចការងារជា ច្រើនទៀត ដែលតម្រូវឲ្យធ្វើ ដូចជាការងារអភិរក្ស វប្បធម៌រូបិយ និងអរូបិយ ការរៀបចំគោល នយោបាយនានាជាមួយវិស័យវប្បធម៌ ទេសចរណ៍ ដែលគួរត្រូវបានរៀបចំឡើងក្នុងការ អធិការអន្តរវិស័យ ដូចជាផែនការអភិវឌ្ឍទីក្រុងដែលត្រូវបញ្ចូលទស្សនទានវប្បធម៌ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច សង្គម ទៅក្នុងស្ថានភាពការងារនីមួយៗ។
គួរម្លឹកថា កិច្ចប្រជុំនេះ ធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៧។ នៅព្រឹកថ្ងៃទី ១៣ ប្រតិភូប្រទេសជាសមាជិកចំនួន២២ប្រទេស នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងបាត់ដំបង ដើម្បីពិនិត្យសំណង់អាគារបុរាណ ដែលខេត្តមួយនេះស្ថិតក្នុងបេក្ខភាពទីក្រុងដែលស្នើចូលចុះ បញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ៕
© រក្សាសិទ្ធិដោយ thmeythmey.com