ជាតិ
រថយន្ត
ត្រូវធ្វើ​ដូចម្តេច បើ​ម៉ូតូ​រលត់​ពេល​ជិះ​កាត់​ផ្លូវ​លិច​ទឹក​?
12, Jun 2017 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដូវភ្លៀង​បាន​ចូលមក​ដល់​ហើយ​នៅ​កម្ពុជា​។ នៅ​ភ្នំពេញ​រាល់​ភ្លៀង​ធ្លាក់​ខ្លាំង និង​ច្រើន​ម៉ោង ម្តងៗ ផ្លូវ​មួយចំនួន បាន​ជន់​លិច​ដោយ​ទឹកភ្លៀង​។ កន្លងមក មាន​ម៉ូតូ​មិនតិច​គ្រឿង​ទេ ដែល​បាន​រលត់​ម៉ាស៊ីន​នៅពេល​បើកបរ​ឆ្លងកាត់​ផ្លូវ​លិច​ទឹក​ទាំងនោះ​។ ដើម្បី​ថែទាំ​ម៉ា​ស៊ី​ម៉ូតូ  ជាង​ជួសជុល​ម៉ូតូ ហាម​អ្នកបើកបរ​បញ្ឆេះ​ម៉ាស៊ីន និង​ណែនាំ​ឲ្យ​ប្តូរ​ប្រេងម៉ាស៊ីន​ភ្លាម​។​



​ប្រភេទ​ម៉ូតូ​ទាបៗ និង​ម៉ូតូ​ដែល​ប្រើប្រាស់​ពី​៤​ឬ ៥​ឆ្នាំ​ឡើងទៅ ងាយ​នឹង​រលត់​ណាស់ នៅពេលដែល​ជិះ​កាត់​ផ្លូវ​ដែល​លិច​ទឹក​ខ្លាំង​។ នេះ​បើតាម លោក សុខ ជុង ជាង​ជួសជុល​ម៉ូតូ​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ដែល​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ប្រភេទ​ម៉ូតូ​ប្រើ​លេខ​ស្វ័យប្រវត្តិ​(​អូ​តូ​) ក៏​ប្រឈម​នឹង​ការ​រលត់​ម៉ាស៊ីន​ដែរ​។ 

​កំពុង​ជួសជុល​ម៉ូតូ​បណ្ដើរ ជាង​ម៉ូតូ​ដែលមាន​ពិសោធន៍​យូរ​ឆ្នាំ​រូបនេះ ក៏បាន​ពី​វិធី​ការពារ​ការ​រលត់​ម៉ូតូ នៅពេល​ធ្វើដំណើរ​កាត់​ផ្លូវ​ដែល​លិច​ទឹក​ខ្លាំង​ដែរ​។  លោក សុខ ជុង រៀបរាប់ថា ដើម្បី​ចៀសវាង​ការ​រលត់​ម៉ូតូ អ្នកបើកបរ​ត្រូវ​ប្រើ​លេខ​១ ពេល​ជិះ​កាត់​ផ្លូវ​លិច​ទឹក​នោះ និង​ត្រូវ​បន្ថែម​ល្បឿន​ឲ្យ​លឿន ដើម្បី​ច្រាន​លំហូរ​ទឹក កុំ​ឲ្យ​ចូល​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ ដែល​បង្ក​ឲ្យ​រលត់​នោះ​។

​យ៉ាងណាក៏ដោយ​វិធី​នេះ ក៏​អនុវត្តន៍​បានតែ​ក្នុងករណី​ដែល​ផ្លូវ​លិច​ទឹក​នោះ មាន​ចម្ងាយ​ជិត និង​ផ្លូវ​បើកបរ​ស្រឡះ​ល្អ គ្មាន​ឧបសគ្គ​ប៉ុណ្ណោះ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ហាក់ ជឿន ជាង​ជួសជុល​ម៉ូតូ​ម្នាក់ទៀត នៅក្រោយ​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន ផ្សារ​ដើមថ្កូវ​។

​ជាង​ម៉ូតូ​វ័យ​៦៦​ឆ្នាំ​រូបនេះ បានផ្តល់​យោបល់​ថា បើ​ផ្លូវទឹក​លិច​ខ្លាំង និង​ស្ទះផ្លូវ​ទៀត​នោះ អ្នកបើកបរ​គួរតែ​កុំ​ធ្វើដំណើរ​ល្អ​ជាង​។ ក្នុងករណី ម៉ូតូ​រលត់ ពេល​ជិះ​ឆ្លងកាត់​ផ្លូវ​លិច​ទឹក ជាង​ម៉ូតូ​ដែលមាន​ពិសោធន៍​ជាង​១០​ឆ្នាំ​រូបនេះ ហាម​មិន​ឲ្យ​បញ្ឆេះ​ម៉ូតូ និង​ត្រូវ​ប្តូរ​ប្រេងម៉ាស៊ីន​ចេញ ចៀសវាង​ខូច​ម៉ាស៊ីន​ម៉ូតូ​។

​លោក ហាក់ ជឿន ជួសជុល​ម៉ូតូ​បណ្តើរ ពន្យល់​បណ្តើរ​យ៉ាងនេះ​ថា​៖




​នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​លិច​ផ្លូវ​ម្តងៗ មាន​យានយន្ត និង​ម៉ូតូ​មិនតិច​ទេ ដែល​បាន​រលត់ ពេល​ជិះ​កាត់​ផ្លូវ​លិច​ទឹក​។ ក្នុងន័យនេះ ម្ចាស់​យានយន្ត នឹងត្រូវ​ចំណាយ​ប្រា​ក់លើ​ការប្តូរ​ប្រេងម៉ាស៊ីន ដើម្បី​ការពារ​កុំ​ឲ្យ​ម៉ាស៊ីន​ម៉ូតូ​របស់ខ្លួន​ឆាប់​ខូច​។ ក្នុងន័យ​នេះដែរ ម្ចាស់​ម៉ូតូ​ក៏ត្រូវ​ពិចារណា​ដែរ ក្នុងករណី​ទឹក​លិច​ខ្លាំង ថា​តើ​ត្រូវធ្វើ​ដំណើរ​កាត់ទឹក ដែល​អាច​បណ្តាល​ឲ្យ​ម៉ូតូ​រលត់​ទឹក​ចូល​ម៉ាស៊ីន ឬ​គួរ​រង់ចាំ​ឲ្យ​ទឹក​ស្រក​?


Tag:
 ម៉ូតូ​
 ​ ទឹក​លិច
© រក្សាសិទ្ធិដោយ thmeythmey.com