ជាតិ
រាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​ការិយាល័យ​១​ក្នុង​ឃុំ​ក្លែង ខណៈ​លទ្ធផល​បឋម CPP ឈ្នះ​១​សំឡេង​
13, Jun 2017 , 9:19 pm        
រូបភាព
ដោយ: រួបរួម
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​ការិយាល័យ​ចំនួន​១​នៅក្នុង​ឃុំ​ក្លែង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ ដំណើរ​រាប់នឹង​ប្រព្រឹត្តទៅ​នា​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ពុធ ទី​១៤ ខែមិថុនា នៅ​ទីស្នាក់ការ គ​.​ជ​.​ប​។​



​លទ្ធផល​បឋម​ដែល​បាន​រាប់​ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ឃុំ​ក្លែង បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ការគាំទ្រ​៨៣២​សំឡេង ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ បាន​៨៣១​សំឡេង ពោលគឺ​ចាញ់​តែ​១​សំឡេង​គត់​។ បក្ស​ពីរ​ទៀត​ដែល​ប្រជែង​នៅក្នុង​មូលដ្ឋាន​នេះ មាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ទទួលបាន​៥៥​សំឡេង និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​៤៨​សំឡេង​។ លទ្ធផល​ទាំងនោះ ផ្អែកលើ​ការបូកបញ្ចូល​គ្នា​ពី​ការិយាល័យ​ទាំង​៨​នៅក្នុង​ឃុំ​។​

​បើតាម គ​.​ជ​.​ប ការិយាល័យ​១​ដែល​នឹងត្រូវ​រាប់​ឡើងវិញ​នោះ មាន​លេខ​កូដ ០៦៦៦ ។ នៅ​ការិយាល័យ​នេះ ការរាប់​ភ្លាមៗ បង្ហាញថា គណបក្ស​សង្គ្រោះ​ជាតិ បាន​២១៩​សំឡេង គណបក្ស​ប្រជាជន​កម្ពុជា បាន​១៣៣​សំឡេង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​១២​សំឡេង និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​៦​សំឡេង​៕



​កាលពី​អណ​ត្តិ​មុន គណបក្ស​ប្រជាជន​កម្ពុជា កាន់តំណែង​ទាំង​មេឃុំ និង​ជំទប់​ទី​១ គណបក្ស​សមរង្ស៊ី កាន់​ជំទប់​ទី​២ និង​មាន​សមាជិក​ក្រុមប្រឹក្សា​១​រូបរៀងៗ​ខ្លួន​។ ការ​ឈ្នះ​តែ​១​សន្លឹក​នា​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៤ ខែមិថុនា ជួយ​ឲ្យ​លោក សែម ងៀ​ម នៃ​គណបក្ស​ប្រជាជន​កម្ពុជា អាច​បន្ត​តំណែង​មេឃុំ​របស់ខ្លួន ខណៈ​លោក ព្រំ វុ​ធ ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អណ​ត្តិ​មុន ជា​ជំទប់​ទី​ពីរ​កូតា​គណបក្ស​សមរង្ស៊ី ទំនងជា​ក្លាយជា​ជំទប់​ទីមួយ​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  ឃុំ​ក្លែង
© រក្សាសិទ្ធិដោយ thmeythmey.com