ជាតិ
នាយករដ្ឋមន្ត្រី ជា​អ្នកស្នើ​តែងតាំង​អគ្គនាយក​ថ្មី​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា
13, Jun 2017 , 5:54 pm        
រូបភាព
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញមុខ​បកស្រាយ​អំពី​ការតែងតាំង​អគ្គនាយក​ថ្មី​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​.​ទ​.​ក​) ដែល​បាន​ក្លាយជា​ប្រធានបទ​ភ្ញាក់ផ្អើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ យោងតាម​ការពន្យល់រ​បស់​សម្តេច គឺ​សម្តេច​ជា​អ្នកស្នើសុំ​ទៅ​ព្រះមហាក្សត្រ តែងតាំង​លោក ឃឹម វុទ្ធី ដែល​បច្ចុប្បន្ន​ជា​អគ្គនាយករង ទ​.​ទ​.​ក ជា​អគ្គនាយក​នៃ​ស្ថាប័ន​នេះ​។​



​ការអះអាង​របស់រប​ស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលថា លោក​មិន​បានដឹង​អំពី​ការតែងតាំង​លោក ឃឹម វុទ្ធី ជា​អគ្គនាយក​ថ្មី​នៃ​ទ​.​ទ​.​ក បានធ្វើ​ឲ្យ​សាធារណមតិ​ងឿងឆ្ងល់​ខ្លាំង ហើយ​ការតែងតាំង​តាមរយៈ​ព្រះរាជក្រឹត្យ​នេះ​ក៏បាន​ក្លាយជា​ប្រធានបទ​របស់​សារព័ត៌មាន​ផងដែរ​។​

​នៅ​រសៀល​ថ្ងៃទី​១៣​មិថុនា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បកស្រាយ​បញ្ហា​នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ដោយមាន​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នានា​ស្តីពី​ការតែងតាំង​តំណែង​អគ្គនាយក​ថ្មី​របស់​ទ​.​ទ​.​ក នេះ​ផង​។ យោងតាម​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ត្រូវបាន​បង្ហោះ​បង្ហាញ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី​នោះ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានធ្វើ​លិខិតស្នើ​សុំ​ទៅ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​តែងតាំង​លោក ខ្វៃ អាទិ​ត្យា ដែលជា​អគ្គនាយករង​នៃ​ទ​.​ទ​.​ក ជា​អគ្គនាយក ជំនួយ​លោក កឹម គុណ​វឌ្ឍន៍​ដែល​ត្រូវ​ចូល​និវត្ត​នៅ​ថ្ងៃទី​១​ខែតុលា​។ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បានធ្វើ​លិខិត​ផ្ញើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ដោយ​សន្និដ្ឋាន​ចុងក្រោយ​ថា «​គួរ​ឯកភាព​តាម​សំណើរ​»​។ ប៉ុន្តែ​នៅលើ​លិខិត​ចុង​ក្រោយនេះ គេ​ឃើញ​ចំណារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​សរសេរថា​«​មិន​ឯកភាព​» ហើយ​សម្តេច​ស្នើ​បេក្ខភាព លោក ឃឹម វុទ្ធី​។​

​ជាមួយនឹង​ការបង្ហាញ​ឯកសារ​ទាំងនេះ សម្តេច​ក៏បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​គេ​អាច​ឃើញ​យ៉ាង​ដូច្នេះ​៖«​តើ​នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​បដិសេធ​សំណើ​របស់​រដ្ឋមន្ត្រី​ក្នុង​ការសុំ​តែងតាំង​មន្ត្រី​ឬទេ​? ហើយ​នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​ជ្រើសរើស មន្ត្រី​ជំនួស​មន្ត្រី​ដែល​ខ្លួន​មិន​ឯកភាព​ឬទេ​?... បើ​ពុំមាន​សំណើ​ពី​នាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ ព្រះអង្គ​នឹងមិន​ឡាយ​ព្រះ​ហ​ស្លេ​ខា​ទេ​»​។ សម្តេច ហ៊ុន សែន ក៏បាន​បង្ហាញ​លិខិត​ដែល​សម្តេច​ស្នើ​តែងតាំង​លោក ឃឹម វុទ្ធី ថ្វាយទៅ​ព្រះមហាក្សត្រ​ផងដែរ​។​

​ក្រោយពី​មានការ​ពន្យល់​របស់​នា​យក​រដ្ឋមន្ត្រី​នៅ​រសៀល​ថ្ងៃទី​១៣​មិថុនា​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ក៏​ចេញផ្សាយ​សេចក្តីជូនដំណឹង​មួយ​ភ្លាម​ដែរ​ដោយ​ប្រកាសថា លោក ឃឹម វុទ្ធី ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អគ្គនាយក​នៃ​ទ​.​ទ​.​ក តាមរយៈ​ការស្នើសុំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​។​
​លោក ឃឹម វុទ្ធី គឺជា​អគ្គ​នាយរង​មួយរូប​ក្នុងចំណោម​អគ្គនាយករង​ជាច្រើនរូប​របស់​ទ​.​ទ​.​ក​៕


Tag:
 ហ៊ុន សែន​
  ឃឹម វុទ្ធី​
  ទ​ទក
© រក្សាសិទ្ធិដោយ thmeythmey.com