ជាតិ
សេដ្ឋកិច្ច
កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ថយចុះ​យ៉ាងគំហុក​
14, Jun 2017 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​បណ្ដា​លពី​ការរកចំណូល​របស់​ក​សិ​ករពី​វិស័យនេះ មិនអាច​ទ្រទ្រង់​ជីវភាព​រស់នៅក្នុង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​។ ទោះយ៉ាងណា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាងថា ការ​ចោល​ស្រែចម្ការ​ដើម្បី​រក​ចំណូល​ដែល​ប្រសើរ​ជាង​តាមរយៈ​ចំណាកស្រុក គឺជា​និ​ន្នា​របស់​ប្រទេស​នានា​លើ​សកលលោក ពោលគឺ​មិនមែន​តែ​កម្ពុជា​នោះទេ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម ដែល​ចេញផ្សាយ នៅ​ថ្ងៃទី​១៣​ខែមិថុនា​។​



​បើតាម​របាយការណ៍​ដ​ដែល​នេះ កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​គឺ ពី ៨០​ភាគរយ​នៅ​ឆ្នាំ​១៩៩៣ និង ៦០​ភាគរយ​នៅ​ឆ្នាំ​២០០៥ បាន​ធ្លាក់​ចុះមក​ជិត ៤០​ភាគរយ​នៅ​ឆ្នាំ​២០១៧ នៃ​ទំហំ​ពលកម្ម​សរុប​ក្នុង​វិស័យ​នានា​។ ក្រសួងកសិកម្ម​ឲ្យ​ដឹងថា កសិករ​ខ្នាតតូច​រក​ចំណូល​ពីរ​បរ​កសិកម្ម​កើនឡើង​តិចតួច ថេរ ឬ​តិចជាង​មុន ដែល​មិនអាច​ទ្រទ្រង់​នឹង​ជីវភាព​របស់ខ្លួន​ក្នុងស្ថានភាព​សេដ្ឋកិច្ចជាតិ​បច្ចុប្បន្ន​បាន​។ បញ្ហា​នេះ​ជំរុញ​ឲ្យ​កសិករ​បោះបង់រ​បរក​សិ​កម្ម បែរ​ទៅធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​បាន​ចំណូល​ដែល​ប្រសើរ​ជាង​។

​ក្រសួងកសិកម្ម​បញ្ជាក់ថា ការធ្លាក់ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម និង​ការធ្វើ​ចំណាកស្រុក គឺ​មិនមែន​កើតឡើង​តែ​ចំពោះ​កម្ពុជា​នោះទេ តែ​បណ្ដា​ប្រទេសមួយ​ចំនួន​ក៏​ជួប​បញ្ហា​នេះដែរ​។ ក្រសួងកសិកម្ម​បានបង្ហាញ​តួលេខ​ប្រទេស​នានា ដើម្បី​បញ្ជក់​លើ​ការអះអាង​របស់ខ្លួន​។ របាយការណ៍​បង្ហាញថា កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​ថៃ​បាន​ថយចុះ​ពី ៣៨​ភាគរយ​នៅ​ឆ្នាំ​២០១០ មក ៣២​ភាគរយ​នៅ​ឆ្នាំ​២០១៥ ។ ក​ម្លាំ​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​ហ្វីលីពីន​បាន​ថយចុះ​ពី ៣៣​ភាគរយ​នៅ​ឆ្នាំ​២០១០ មក​នៅត្រឹម ២៩​ភាគរយ​នៅ​ឆ្នាំ​២០១៥ ។ ប៉ុន្តែ​តួលេខ​ប្រទេស​ទាំងនេះ​បង្ហាញថា​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​របស់ខ្លួន​មានការ​ថយចុះ​តិចតួច បើ​ធៀប​នឹង​ប្រទេស​កម្ពុជា​។

​រីឯ​ការធ្វើ​ចំណាកស្រុក របាយការណ៍​ខាងលើនេះ​ឲ្យ​ដឹងថា ប្រជាជន​ឥណ្ឌា​បាន​ចំណាកស្រុក​ជាង ៣០​លាន​នាក់​, វៀតណាម​មាន​ជាង ៧​លាន​នាក់​, ឥណ្ឌូនេស៊ី​មាន​ជាង ៨​លាន​នាក់ និង​ប្រទេស​ហ្វីលីពីន​មាន​ជាង ១០​លាន​នាក់​។​

​ក្រសួងកសិកម្ម​អះអាងថា រដ្ឋាភិបាល​បានធ្វើ​សកម្មភាព និង​ដាក់ចេញ​គោលនយោបាយ​សមស្រប​នឹង​ការប្រែប្រួល​នៃ​វិស័យ​កសិកម្ម​។ រដ្ឋាភិបាល​បានស្នើ​ឲ្យ​ប្រទេស​ដទៃ​ទទួលយក​ពលករ​ពី​កម្ពុជា និង​ដាក់ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ។ ជាមួយគ្នានេះ រដ្ឋាភិបាល​បានធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម និង​ពង្រីក​ទីផ្សារ​កសិកម្ម​តាមរយៈ​ការអនុញ្ញាត​ឲ្យ​មាន​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​បង្កើត​ការងារ និង​អាច​ឲ្យ​កសិករ​ចូលរួម​លក់​កសិផល​ជាមួយ​ក្រុមហ៊ុន​៕


Tag:
 កសិកម្ម​
  ពលកម្ម​
  ចំណាកស្រុក​
© រក្សាសិទ្ធិដោយ thmeythmey.com