ជាតិ
លោក សម រង្ស៊ី អាច​ចូល​ស្រុក​វិញ​បាន តែ​បណ្តឹង​វ័ណ្ឌក​
14, Jun 2017 , 5:54 pm        
រូបភាព
​ភ្នំពេញ​៖ លោក សម រង្សី អតីត​ប្រធាន​គណបក្សប្រឆាំង និង​គូប្រកួត​នយោបាយ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច អាច​វិល​មក​កម្ពុជា​វិញ​បាន ដោយ​ការ​គ្មាន​រារាំង​ទៀតឡើយ​។ ប៉ុន្តែ លោក សម រង្ស៊ី ប្រហែលជា​មិនអាច​គេច​ផុតពី​ការ​ប្រឈម​នឹង​រឿងក្តី​យ៉ាងច្រើន​ស្អេកស្កះ នៅក្នុង​តុលាការ​នោះទេ នៅពេល​លោក​មកដល់​កម្ពុជា​។



​ឲ្យ​តែមាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល លោក សម រង្ស៊ី អតីត​ប្រធាន​ណ​បក្ស​សង្គ្រោះ​ជាតិ នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​ភ្លាម ទោះ​មិនទាន់​ទទួលបាន​ព្រះរាជទាន​លើកលែងទោស ពី​ព្រះមហាក្សត្រ​ក៏ដោយ​។ នេះ​ជាការ​ប្រកាស​របស់លោក សម រង្ស៊ី ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧​។​

​បើតាម​ការប្តេជ្ញា​នេះ លោក សម រង្ស៊ី ហាក់​មិន​ខ្លា​ចនឹង​ការជាប់​ពន្ធនាគារ​នោះទេ នៅពេល​ត្រឡប់​មកដល់​កម្ពុជា​វិញ​។ លោក និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ព្រម​ចូល ឲ្យ​តែមាន​ការធានា ថា​បើកផ្លូវ​ឲ្យ​ខ្ញុំ​វិលត្រឡប់​ទៅ​ជាន់ដី​ប្រទេស​កម្ពុជា​វិញ​។ ខ្ញុំ​នឹង​ទៅ​ភ្លាម​មួយ​រំពេច​។ [ …..]»​។

​គ្រាន់តែ​លោក សម រង្ស៊ី ប្រកាស​បែបនេះ​រួចហើយ បម្រាម ដែល​ហាម​ក្រុមហ៊ុន​អាកាសចរណ៍ មិន​ឲ្យ​ដឹក​លោក សម រង្ស៊ី មក​កម្ពុជា ក៏​ត្រូវបាន​រដ្ឋាភិបាល ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន លុបចោល​វិញ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ​។ ដូច្នេះ ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ​តទៅ លោក  សម រង្ស៊ី ដែល​កំពុង​រស់​នៅឯ​ប្រទេស​បារាំង អាច​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅពេលណា​ក៏បាន​។​

​ថ្វី​ដ្បិត​ប្រកាសថា​មិន​ព្រួយបារម្ភ​នឹង​បណ្តឹង​នៅ​តុលាការ​ក៏ពិតមែន ប៉ុន្តែ លោក សម រង្ស៊ី មិនអាច​រំលង​ការគិតគូរ​ឲ្យ​បាន​ម៉ត់ចត់​នោះទេ មុននឹង​សម្រេច​វិល​មក​កម្ពុជា​វិញ​។ អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​នោះ រហូតមកដល់​ពេលនេះ លោក សម រង្ស៊ី នៅ​មិនទាន់​ប្រតិកម្ម​អ្វី​ឡើយ ជុំវិញ​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដែល​បញ្ឈប់​ការហាមឃាត់​លោក ក្នុង​ការវិល​មក​កម្ពុ​ជា​វិញ​។​

​ប្រសិនបើ​តុលាការ នៅតែ​បន្ត​អនុវត្ត​នីតិវិធី លោក សម រង្ស៊ី ត្រូវតែ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ និង​ការ​តតាំង​តាមផ្លូវ​ច្បាប់​ចំពោះ​បណ្តឹង​មួយចំនួនទៀត ដោយ​ជៀស​មិន​រួច នៅពេល​មកដល់​ប្រទេស​កម្ពុជា​វិញ​។ 

​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​និយាយ​បែប​ចំអក​ផង និង​បែប​ព្រមាន​ផង ទៅកាន់​លោក សម រង្ស៊ី ជុំវិញ​ការវិល​មក​កម្ពុជា​វិញ​។ លោក គឹម សន្តិភាព បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​ប្រាកដ​ណាស់ ទណ្ឌិត សម រង្ស៊ី អាច​វិល​មក​ចូលរួម​ប្រកួតប្រជែង​បាន គឺ​ប្រកួតប្រជែង​ជាមួយ​ទណ្ឌិត​ដទៃទៀត ក្នុង​ពន្ធនាគារ​។ ពន្ធនាគារ រង់ចាំ​ជានិច្ច​នូវ​ទណ្ឌិត​ណា ដែលមាន​សេចក្តីសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ស្ថាពរ​ពី​អំណាចតុលាការ​។ […] មន្ត្រី​មាន​សមត្ថកិច្ច មាន​កាតព្វកិច្ច​អនុវត្តតាម​បញ្ជា​របស់​អំណាចតុលាកា​រ​»​។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ហ៊ាន​អះអាង​នោះទេ​ថា លោក សម រង្ស៊ី នឹង​វិល​មក​កម្ពុជា​វិញ មុន​ការបោះឆ្នោត នា​ឆ្នាំ​២០១៨ ឬ​យ៉ាងណា​។ លោក បាន​បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិនទាន់បាន​ពិភាក្សា​ជា​លោក សម រង្ស៊ី ដែរ ជុំវិញ​ការវិល​ម​កម្ពុជា​។

​ប៉ុន្តែ​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ប្រសិនបើ​លោក សម រង្សី ហ៊ាន​អះអាងថា​មក​កម្ពុជា​វិញ​ហើយ នោះ​លោក ច្បាស់​ជា​មក​មិន​ខាន​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​បើតាម​ខ្ញុំ ដែល​ធ្លាប់​ធ្វើការ​ជាមួយ​គាត់ (​លោក សម រង្ស៊ី ) ពីមុនមក បើ​គាត់ មានប្រសាសន៍​យ៉ាងម៉េច គឺ​គាត់ នឹងធ្វើ​យ៉ាងនោះ​ហើយ​។ ដូច​កាល​ឆ្នាំ​២០ ១៣ អ៊ីចឹង គាត់​ថា​គាត់​នឹង​មក​ឲ្យ​ទាល់​បាន មុន​ការបោះឆ្នោត​ឆ្នាំ​២០១៣ ដល់ទី​បំផុត គាត់​ក៏​ត្រឡប់មក​មែន​»​។

​លោក សម រង្ស៊ី បាន​រង​បណ្តឹង​រហូតដល់​ទៅ​៨​ឯណោះ ដែល​ប្តឹង​ដោយ​សកម្មជន​និង​មេដឹកនាំ​នៃ​គណបក្សកាន់អំណាច​។ បណ្តឹង​ចំនួន​៥ ត្រូវបាន​កាត់ក្តី​រួចរាល់ ហើយ​បណ្តឹង​ចំនួន​៣​ទៀត កំពុងតែ​ដំណើរការ នៅឡើយ​ទេ​។

​បើ​សរុប​ទោសកំហុស ដែល​តុលាការ បានសម្រេច​នោះ លោក សម រង្ស៊ី ត្រូវ​ជាប់ពន្ធនាគារ យ៉ាងតិច​ចំនួន​៦​ឆ្នាំកន្លះ និង​បង់ប្រាក់​ជាង ៥​ម៉ឺន​ដុល្លារ​។   

​បណ្តឹង​ដែល​ត្រូវបាន​កាត់ក្តី​រួច រួមមាន បណ្តឹង​របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស បណ្តឹង​របស់លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បណ្តឹង​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បណ្តឹង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ចុងក្រោយ គឺ​បណ្តឹង ដែល​ប្តឹង​ដោយ​ព្រះរាជអាជ្ញា ផ្តា​ល់​តែម្តង​។​

​ជុំវិញ​បណ្តឹង​របស់​របស់លោក ហោ ណាំហុង តុលាការ បាន​ផ្តន្ទាទោស​លោក សម រង្ស៊ី​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល (២០០០​ដុល្លារ​)​ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​»​។

​ចំពោះ​បណ្តឹង​មួយទៀត ដែល​ព្រះរាជអាជ្ញា​ដើរតួ​ជាដើម​បណ្តឹង​នោះ លោក សម រង្ស៊ី ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​។ តែ​ចៅក្រម សម្រេច​ឲ្យ​លោក សម រង្ស៊ី អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ តែ​៣​ឆ្នាំ​ប៉ុណ្ណោះ ហើយ​២​ឆ្នាំ​ទៀត ត្រូវបាន​ព្យួរ​។ ក្នុង​សំណុំ​រឿងនេះ តុលាការ បាន​ចោទ​លោក សម រង្ស៊ី ពីបទ «​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​ចំណែក​បណ្តឹង​របស់លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី តុលាការ បាន​ចោទ​លោក សម រង្ស៊ី ពីបទ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ។ តុលាការ តម្រូវ​ឲ្យ​លោក សម រង្ស៊ី​បង់ប្រាក់​ចំនួន​១០​លាន​រៀល (២៥០០​ដុល្លារ​) ចូល​រដ្ឋ និង​១៥​លាន​រៀល (៣៧៥០​ដុល្លារ​) ឲ្យ​ទៅ​ដើមបណ្តឹង​។​បណ្តឹង​នេះ កើតឡើង​ដោយសារតែ​លោក សម រង្ស៊ី ចោទ​សម្តេច ហ៊ុន សែន ថា បញ្ជា​មន្ត្រីក្រោមឱវាទ​ឲ្យ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដើម្បី​យកទៅ​ចុច Like លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។​

​រីឯ​បណ្តឹង​របស់​សម្តេច ហេង សំរិន តុលាការ បាន​តម្រូវ​ឲ្យ​លោក សម រង្ស៊ី បង់ប្រាក់​ចូល​ថវិកាជាតិ​ចំនួន​១០​លាន​រៀល (២៥០០​ដុល្លារ​)​និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង​ចំនួន​១៥០​លាន​រៀល (៣៧៥០០​ដុល្លារ​)​។ សម្តេច ហេង សំរិន បាន​ប្តឹង​លោក សម រង្ស៊ី ពីបទ «​បរិហារ​កេ​រិ៍្ត​ជា​សាធារណៈ​»​។

​ពាក់​ពន្ធ​នឹង​បណ្តឹង​របស់​សម្តេច ហ៊ុន សែន តុលាការ​បាន សម្រេច​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាការ​១​ឆ្នាំ ៨​ខែ និង​បង់ប្រាក់​ចំនួន​១០លាន​រៀល ក្រោម​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ការរង​បណ្តឹង​នេះ គឺ​ដោយសារតែ​លោក  សម រង្ស៊ី ចោទ​សម្តេច ហ៊ុន សែន ថា​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី  ដែលជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​នៅ​កម្ពុជា​។

​ក្រៅពី​បណ្តឹង​ខាងលើ ដែល​តុលាការ​បាន​កាត់ក្តី​រួច លោក សម រង្ស៊ី នៅជាប់​បណ្តឹង​ចំនួន​៣​ទៀត ដែល​តុលាការ​កំពុងតែ​ដំណើរ​នាពេល​បច្ចុប្បន្ននេះ​។ បណ្តឹង​ទាំងនោះ​រួមមាន បណ្តឹង​របស់​សម្តេច ហ៊ុន សែន និង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា រួមទាំង​បណ្តឹង ដែល​ប្តឹង​ដោយ ព្រះរាជអាជ្ញា ផងដែរ​។

​លោក សម រង្ស៊ី បាន​រង​បណ្តឹង​មួយទៀត ពីស​ម្តេច ហ៊ុន សែន​។ សម្រាប់​បណ្តឹង​ក្រោយនេះ សម្តេច ហ៊ុន សែន បាន​ប្តឹង​លោក សម រង្ស៊ី ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដដែល ដោយ​ទារ​សំណង​ជំងឺ​ចិត្ត ចំនួន​១​លាន​ដុ​លា្ល​រ​។ ការរង​បណ្តឹង​នេះ គឺ​ដោយសារតែ​លោក សម រង្ស៊ី ចោទ សម្តេច ហ៊ុន សែន ថា បាន​សូក​ប្រាក់​ចំនួន​១​លាន​ដុ​លា្ល​រ ដល់ក​ញ្ញា ធី សុវណ្ណ​ថា ដែលជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​វាយប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ​។ ព្រោះតែ​ការលើកឡើង​បែបនេះ កញ្ញា ធី សុវណ្ណ​ថា ក៏បាន​ប្តឹង​លោក សម រង្ស៊ី ពីបទ «​បរិហារ​កេ​រ្ត៍​ជា​សាធារណៈ​» ដូចគ្នា ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២​សែន ៥​ម៉ឺន​ដុល្លារ​។

​រឿងក្តី​មួយទៀត គឺពាក់ព័ន្ធ​នឹង​បទ «​ញុះញង់ បង្កចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​» ដែល​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​អ្នកដើរតួ​ជាដើម​បណ្តឹង​។​

​លោក សំ សុ​គង់ មេធាវី​របស់លោក សម រង្ស៊ី​ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ព្រះរាជអាជ្ញា​ពឹង​ផ្អែកលើ​របាយការណ៍​ពី​សមត្ថកិច្ច​ក្នុងការ​ស៊ើបអង្កេត​ក្នុង​រឿងក្តី​ខាងលើ​។ បើតាម​លោក សំ សុ​គង់ អង្គ​ហេតុដែល​សមត្ថកិច្ច បញ្ជូនទៅ​ព្រះរាជអាជ្ញា​គឺ​ទាក់ទង​នឹង​សារ​នយោបាយ​របស់លោក សម រង្ស៊ី​ដែល​បាន​ថ្លែង​នៅក្នុង​វត្ត​ខ្មែរ​មួយ ក្នុងប្រទេស​បារាំង កាលពី​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១៦៕


Tag:
 សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com