ជាតិ
សេដ្ឋកិច្ច
ក្រសួង​រ៉ែ ស្នើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ទិញ​ដំឡូង​មី​ពី​កម្ពុជា យកទៅ​ផលិត​ប្រេង​អេតាណុល​នៅ​ថៃ​
15, Jun 2017 , 9:07 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បានស្នើ​ឲ្យ​ក្រុមហ៊ុន​ផលិត​ប្រេង​អេតាណុល (​អាកុល​) មួយ​របស់​ជប៉ុន​ដែល​មាន​មូលដ្ឋាន​ផលិតកម្ម​នៅ​ប្រទេស​ថៃ ឲ្យ​ជួយ​ទិញ​ដំឡូង​មី​ពី​កម្ពុជា ស្រប​ពេលដែល​កសិផល​ប្រភេទ​នេះ​កំពុង​ត្រូវការ​ទីផ្សារ​បន្ថែម​។



​ការស្នើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ជួយ​ទិញ​ដំឡូង​មីនេះ គឺធ្វើឡើង​នាឱកាស​ដែល​តំណាង​ក្រុមហ៊ុន Idemitsu Kosan ជប៉ុន​នេះ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃទី​១៣​ខែមិថុនា​។ ក្រុមហ៊ុន​នេះ​បានបង្ហាញ​បំណង​របស់ខ្លួន​លើ​ការវិនិយោគ​រោងចក្រ​ចម្រាញ់​ប្រេង​អេតាណុល​ពី​ដំឡូង​មី​នៅ​កម្ពុជា​។

​លោក ឌិ​ត ទីណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​អ្នកដឹកនាំ​កិច្ចពិភាក្សា​នេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ចំណាប់អារម្មណ៍​បោះទុន​លើ​ការផលិត​ប្រេង​អេតាណុល​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ មិនទាន់​អាចអនុវត្ត​ជាក់ស្ដែង​បាន​នោះទេ ដោយសារ​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ពួកគាត់​ក៏មាន​ការប្រយ័ត្នប្រយែង​ដែរ ព្រោះ គេ​យក​ប្រេង​អេតាណុល​ទៅ​លាយ​ជាមួយ​ប្រេងសាំង​បន្ថែម ដល់​ថ្លៃ​ប្រេង​ទាប ពួកគាត់​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្រើន​»​។​

​ដោយសារតែ​គម្រោង​ចម្រាញ់​ប្រេង​របស់​ក្រុមហ៊ុន​នេះ ស្ថិតក្នុង​ដំណាក់កាល​វែង​ឆ្ងាយ លោក ឌិ​ត ទីណា បានស្នើ​ឲ្យ​ក្រុមហ៊ុន​ទិញ​ដំឡូង​មី​កម្ពុជា​យកទៅ​ចម្រាញ់​ក្នុង​រោងចក្រ​នៅ​ប្រទេស​ថៃ​។ លោក​ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ស្នើ​ដល់​គាត់​ថា​ក្នុងពេល​បច្ចុប្បន្ននេះ គាត់​អាច​ទទួលយក​បានទេ​នូវ​ដំឡូង​មី​ខ្មែរ​មួយចំនួន ដើម្បី​យកទៅ​ចម្រាញ់​នៅ​រោងចក្រ​ដែល​គាត់​មាន​ស្រាប់ គឺ​កុំ​ឲ្យ​យើង​ចាំ​រហូតដល់​មាន​រោងចក្រ​នៅ​កម្ពុជា​បាន​យើង​មាន​ទីផ្សារ​នោះ​»៕


Tag:
 ដំឡូង​មី​
© រក្សាសិទ្ធិដោយ thmeythmey.com